ក្រៅពីទស្សនាអង្គរ ទៅដល់សៀមរាបហើយ មិនគួររំលងកន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ទាំងនេះ
- 2021-10-28 04:47:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីទស្សនាអង្គរ ទៅដល់សៀមរាបហើយ មិនគួររំលងកន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ទាំងនេះ
ចន្លោះមិនឃើញ
សៀមរាប ជាដែនដីវប្បធម៌អច្ឆរិយ និងជាទឹកដីមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបបំផុតនៅកម្ពុជា រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ភាគច្រើនតែងសំដៅតំបន់អង្គរមុនគេ ពេលទៅដល់ទឹកដីដ៏អច្ឆរិយមួយនេះ។ នៅពេលដែលអ្នកសម្រេចចិត្តធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តសៀមរាប អ្នកប្រាកដជានឹកដល់ការទស្សនាប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយរបស់កម្ពុជា ប៉ុន្តែក្រៅពីនេះដែនដីមួយនេះមានតំបន់ទេសចរណ៍ជាច្រើនបែបធម្មជាតិស្អាតៗ ដែលអ្នកទាំងអស់គ្នាអាចមិនធ្លាប់ដឹង ។ ថ្ងៃនេះ Sabay នឹងបង្ហាញតំបន់ទេសចរណ៍ស្អាតៗ ចំនួន៤កន្លែង ដែលភ្ញៀវទេសចរគួរតែទៅទស្សនាឱ្យបានស្គាល់នៅពេលដែលបានទៅដល់សៀមរាប ។ ក្នុងនោះមានដូចជា៖
១. ជិះបាឡុងហោះគយគន់ប្រាសាទបុរាណពីលើមេឃ
ការជិះបាឡុង គឺជាដំណើរកម្សាន្តផ្សងព្រេងដ៏គួរឲ្យរំភើបមួយបែបដែលកំពុងពេញនិយម ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។ ការផ្ដល់សេវាកម្សាន្តតាមបាឡុងនេះ ធ្វើឡើងនៅម្ដុំបរិវេណប្រាសាទបាគង ដែលមានចម្ងាយ ១៤គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។ មុនពេលព្រះអាទិត្យរះ ក្រុមការងារចាប់ផ្ដើមរៀបចំសម្ភារៈ និងដំឡើងបាឡុង ទៅតាមចំនួនភ្ញៀវទេសចរ។ នៅពេលមានកម្ដៅគ្រប់គ្រាន់ បាឡុងឡើងធំប៉ោង ហើយអណ្ដែតឡើងទៅលើ ដោយយោងទាំងកន្រ្ដកផ្ទុកមនុស្សទៅជាមួយផង។
នេះជាបទពិសោធន៍ដ៏គួរឲ្យរំភើប នៅពេលដែលបាឡុងនាំភ្ញៀវទេសចរឡើងខ្ពស់ពីដី ហើយហោះឡើងបន្តិចម្ដងៗ ចូលទៅជ្រកក្នុងលំហវេហា។ ផ្ទាំងទស្សនីយភាពនៃប្រាសាទបាគង ដែលអមដោយគូទឹកព័ទ្ធជុំវិញ បានបង្ហាញរាងយ៉ាងសង្ហាជូនភ្ញៀវទេសចរ។ ប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំនេះ គឺជាចំណុចសំខាន់ដែលត្រូវទស្សនាក្នុងដំណើរកម្សាន្តតាមបាឡុង។
២.ពើងគំនូរ ទីកន្លែងរូបចម្លាក់លើផ្ទាំងថ្មអាយុ៩០០ឆ្នាំ នៅស្អាតដូចថ្មីសម្ងំលាក់ខ្លួនកណ្តាលព្រៃ
ពើងគំនូរ គឺជារមណីយដ្ឋានប្រវត្តិសាស្រ្ដមួយ ដែលស្ថិតនៅប៉ែកខាងកើតនៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ដើម្បីទៅទស្សនារមណីយដ្ឋាននេះ គេធ្វើដំណើរចេញពីប្រាសាទបេងមាលា ទៅទិសខាងជើង តាមផ្លូវជាតិលេខ ៦៤ ក្នុងចម្ងាយជាង ១៤គីឡូម៉ែត្រ។ បន្ទាប់មកគេត្រូវដើរតាមព្រៃឫស្សីប្រមាណ ១គីឡូម៉ែត្រទៀត ទើបទៅដល់ទីស្ថានដែលមានផ្ទាំងថ្មធំៗ ស្ថិតតាមចម្រាក់ភ្នំ ឈរចាំស្វាគមន៍ភ្ញៀវទេសចរ។ ទីដែលហៅថាពើងគំនូរនេះ មានចម្លាក់ជាប់ហ្នឹងផ្ទាំងថ្មភ្នំដែលបង្ហាញរឿងរ៉ាវជាច្រើន។
ចំណុចដែលភ្ញៀវទេសចរចាប់អារម្មណ៍ជាងគេ គឺចម្លាក់ថ្មពីរផ្ទាំងធំនៅទល់មុខគ្នា មួយមានរូបព្រះវិស្ណុកំពុងផ្ទុំលើនាគអនន្ន រូបព្រះព្រហ្មគង់លើផ្កាឈូកចេញពីផ្ចិតរបស់ព្រះវិស្ណុ និងមានរូបព្រះនាងព្រះនាងលក្ស្មី នៅចុងជើង។ រូបមួយផ្ទាំងទៀត មានចម្លាក់ព្រះគណេស ភ្នែក៣ ដៃ៨ កាន់រន្ទះ ភ្លុក ផ្កាឈូក និងដំបង។ ភ្ញៀវទេសចរដែលបានមកដល់ទីនេះ ពិតជាទទួលបានអារម្មណ៍ប្លែកជាងការដើរទស្សនាចម្លាក់តាមជញ្ជាំងប្រាសាទនានា ព្រោះនេះគឺជាចម្លាក់ដែលផុសនៅលើផ្ទាំងថ្មកណ្ដាលព្រៃជ្រៅដ៏ស្ងប់ស្ងាត់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀត គឺផ្ទាំងចម្លាក់ទាំងនេះ ស្ថិតក្នុងភាពល្អប្រណីត ដែលស្ទើរតែមិនគួរឲ្យជឿថាមានអាយុកាលជាង ៩០០ឆ្នាំ។
៣. កន្លែងបាញ់ធ្នូ បែបបុរាណសម័យ កំពុងពេញនិយមនិងទាក់ទាញខ្លាំង
ការបាញ់ធ្នូ គឺជាការកម្សាន្តមួយប្រភេទដែលកំពុងពេញនិយម ក្នុងចំណោមភ្ញៀវទេសចរយុវវ័យ ដែលមកទស្សនាខេត្តសៀមរាប។ ដើម្បីទៅកម្សាន្តនៅកន្លែងបាញ់ធ្នូនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅទិសខាងកើត តាមផ្លូវជាតិលេខ ៦ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវលំចម្ងាយជាង ២គីឡូម៉ែត្រទៀត អ្នកនឹងទៅដល់កន្លែងបាញ់ធ្នូ ដែលមានឈ្មោះថា បន្ទាយជ័យ ៨០២។
លាតសន្ធឹងលើវាលស្រែប្រមាណ ៦ហិចតា មណ្ឌលបាញ់ធ្នូនេះ បង្កើតឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងដើម្បីរំលឹកដល់វប្បធម៌រុងរឿងរបស់ខ្មែរ ក្នុងសម័យមហានគរ។ នៅបន្ទាយជ័យ ៨០២ ភ្ញៀវទេសចរប្រាកដជាជក់ចិត្តនឹងការសម្ដែងបាញ់ធ្នូបុរាណខ្មែរ។ ក្រៅពីទស្សនាការសម្ដែង ភ្ញៀវទេសចរក៏អាចបាញ់ធ្នូបានដោយខ្លួនឯង តាមការណែនាំរបស់អ្នកជំនាញផងដែរ។ អ្នកអាចបាញ់ធ្នូបុរាណក៏បាន ធ្នូសម័យទំនើបក៏បាន។
៤. សួនច្បារ អ័រគីដេ
ដោយថ្មីៗនេះ ខេត្តវប្បធម៌មួយនេះ បានកែច្នៃដាំជាសួនផ្កាសម្រាប់ការទស្សនាកម្សាន្តជាច្រើនកន្លែងសុទ្ធតែស្រស់ស្អាតពេញនិយម ល្អពិសេសសម្រាប់អ្នកចូលចិត្តផ្កា និងចូលចិត្តថតរូបកម្សាន្តតែម្តង នោះគឺ សួនផ្កាដែលទើបតែបង្កើត «សួនច្បារ អ័រគីដេ» កំពុងចោលសម្រស់ដ៏ឆើតឆាយ ជាមួយនឹងផ្កាចម្រុះពណ៌ លាតសន្ធឹងជាជួរៗយ៉ាងមានរបៀប។ ថ្ងៃសម្រាកចុងសប្តាហ៏ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល សួនផ្កា អ័រគីដេ មានផ្ការីកពណ៌ចម្រុះបណ្តុះជាជួរ រំលេចជាទស្សនីយភាពដ៏ស្អាតឥតប្រៀប ចង់ថតរូបលេងកម្សាន្តមិនចេះជិនណាយ ។
សួនច្បារ អ័រគីដេ ដែលស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនចូលទៅទស្សនា និងផ្ដិតរូបភាពដ៏ស្រស់ស្អាត។ កាលពីមុនគេស្គាល់ស្រុកពួក ថាមានភាពល្បីល្បាញរឿងមាន់អាំង តែពេលនេះ ស្រុកនៅខាងលិចក្រុងសៀមរាបនេះ កំពុងចាប់ផ្តើមកែច្នៃជាតំបន់ទេសចរណ៍កែច្នៃកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ។ តួយ៉ាង សួនផ្កាមួយកន្លែង ដែលមានឈ្មោះថា សួនច្បារអរគឺដេ ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក កំពុងចាប់ផ្តើមបម្រើក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះមានទេសចរច្រើន ពិសេសថ្ងៃឈប់សម្រាកចូលទៅទស្សនា៕