អត់ចង់ជិះកង់ ជិះម៉ូតូ! ប្រើ​តែ​យន្តមួយនេះ​សាកភ្លើង​ពេញម្តង ធ្វើដំណើរបានដល់​ ៥០គ.ម ពិសេស off-road បានទៀត

  • 2021-10-28 09:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាមេរិក Future Motion បាន​បញ្ចេញ​យន្ត​ប្រើកង់មួយដំណើរការដោយថាមពលអគ្គិសនី ដែល​អាចធ្វើដំណើរ​បានឆ្ងាយគួរសម និង​សន្សំសំចៃខ្ពស់ ហៅ​ថា Onewheel GT កាលពីថ្ងៃទី២៧ តុលា ២០២១ ដោយវា​មាន​តម្លៃ​ប្រមាណ ២២០០ដុល្លារ។

យន្ត​នេះ មានកម្លាំង ៣សេះ ហើយ​អាគុយ​របស់​វាជាប្រភេទ lithium-ion ចំនួន ២១៧០០គ្រាប់ គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើដំណើរបាន​ចម្ងាយ ៥០គីឡូម៉ែត្រ​ក្នុងពេល​សាកភ្លើងពេញម្តង។

Onewheel GT មានផត​២ សម្រាប់​ដាក់ជើង​ទាំងសងខាងធ្វើឱ្យអារម្មណ៍​អ្នកជិះ​កាន់តែល្អប្រសើរ មាន​អំពូល​មុខភ្លឺចិញ្ចាច មាន​កន្លែងយួរដៃ ហើយអាចដោះដូរសំបក​កង់ ដើម្បី​ជិះលើផ្លូវ off-road បានទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន Future Motion ក៏បាន​បញ្ចេញ​យន្ត version ថ្មីមួយទៀតផងដែរ ដែល​តូចជាង Onewheel GT បន្តិច នោះគឺហៅថា Pint X។

យន្ត Pint X ដែលមាន​តម្លៃប្រមាណ ១៤០០ដុល្លារនេះ អាចធ្វើដំណើរបាន​ចម្ងាយ ២៩គីឡូម៉ែត្រពេល​សាកភ្លើងពេញម្តង ដោយ​ក្នុងល្បឿនអតិបរមា ២៩គីឡូម៉ែត្រ​ក្នុង១ម៉ោង។ អ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍ គឺ​យើង​អាចប្រើកម្មវិធី​ស្មាតហ្វូន បញ្ជា​ប្តូរ Mode នៃយន្តនេះ​ផងដែរ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សំភី