១ខែមុនពេលប្រលងបាក់ឌុបមកដល់ តើសិស្សថ្នាក់ទី១២ គួរត្រៀមខ្លួនដូចម្ដេចខ្លះ?

  • 2021-11-22 08:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលមានសម័យប្រឡងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ គិតត្រឹមពីថ្ងៃនេះតទៅ គឺជិតដល់ថ្ងៃប្រលងបាក់ឌុបហើយមែនឬអត់ប្អូនៗ? Sabay សូមលើកយកនូវវិធីសាស្ត្រមួយចំនួន ដើម្បីឲ្យយើងដឹងថា តើមួយខែមុនពេលប្រលងត្រូវធ្វើអ្វីខ្លះ? ដើម្បីជាការជំនួយស្មារតីដល់ សិស្សានុសិស្សដែល ត្រៀមការប្រឡងដ៏សំខាន់នេះ ។

ទី១. ត្រូវថែរក្សាសុខភាពឱ្យបានល្អបំផុត៖

ត្រូវបរិភោគចំណីអាហារដោយប្រុងប្រយ័ត្ន និងទៀងទាត់ដើម្បីជៀសវាងមានបញ្ហាសុខភាពកើតមានឡើង។

ទី២. ថែរក្សាសុវត្ថិភាពរបស់ខ្លួន៖

ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក និងរំលឹកមេរៀនឱ្យបានច្រើន ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។

ទី៣. រំលឹកមេរៀនឡើងវិញ៖

ក្នុងអំឡុងពេលនេះជាពេលដែលប្អូនត្រូវសម្រុករំលឹកមេរៀន និងអនុវត្តលំហាត់ឡើងវិញទាំងអស់ទៅលើមុខវិជ្ជាដែលត្រូវប្រលង។ ត្រូវចេះចម្រាញ់យកចំណុចដែលសំខាន់ និងជាគន្លឹះល្អសម្រាប់ប្អូនដើម្បីងាយស្រួលមើលឆាប់ចេះឆាប់ចាំ។

ទី៤. រៀបចំកាលវិភាគសិក្សា៖

ប្អូនត្រូវបែងចែកពេលវេលាដើម្បីរំលឹកមេរៀន និងអនុវត្តលំហាត់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវហើយត្រូវតែអនុវត្តតាមកាលវិភាគខ្លួនជាដាច់ខាត។

ទី៥. កាត់បន្ថយម៉ោងរៀនគួរខ្លះ៖

ដោយសារតែគៀកថ្ងៃដែលត្រូវប្រលងហើយដូច្នេះប្អូនៗត្រូវយកពេលវេលាដែលនៅសេសសល់ដើម្បីរៀននៅផ្ទះដោយខ្លួនឯង។ ម៉ោងរៀនគួរណាដែលអាចឈប់ ឬអាចកាត់បន្ថយបានក៏កាត់ខ្លះទៅទើបល្អ ដើម្បីយកពេលវេលាមករៀនបន្ថែម និងរំលឹកមេរៀនឡើងវិញនៅផ្ទះ។

ទី៦. ត្រូវផ្តោតឱ្យបានខ្លាំងបំផុត៖

អំឡុងពេលមួយខែចុងក្រោយប្អូនត្រូវតែផ្តោតឱ្យខ្លាំងបំផុត មិនអាចព្រលែង និងលេងសើចបានឡើយបើសិនជាចង់ប្រលងជាប់ និងចង់បាននិទ្ទេសល្អ។ ជាពិសេសប្អូនៗត្រូវតែកាត់បន្ថយការលេងទូរសព្ទ័ និងបណ្តាញសង្គមនានាផងដែរ។ ព្រោះវាអាចរំខានដល់ការសិក្សារបស់ប្អូនៗ។

ទី៧. រកចំណុចខ្សោយរបស់ខ្លួន៖

ត្រូវរកឱ្យឃើញនិង ទទួលស្គាល់ការពិតនៅចំនុចដែលខ្លួនមិនចេះនិង មិនច្បាស់ត្រូវតែសិក្សាវាឱ្យបានស៊ីជម្រូវ ដោយសិក្សាស្រាវជ្រាវបន្ថែម និងអាចសួរលោកគ្រូអ្នកគ្រូ និងមិត្តភក្តិដែលចេះឱ្យជួយយើង។

ទី៨. ធ្វើតេស្ត និងស្ទាបស្ទង់សមត្ថភាពរបស់ខ្លួន៖

ត្រូវធ្វើតេស្តសមត្ថភាពខ្លួនដោយកំណត់ពេលវេលាធ្វើវិញ្ញាសាប្រលង ដោយយកវិញ្ញាសារចាស់ៗដែលប្រលងរួចពីឆ្នាំមុនមកអនុវត្តនិង កំណត់ពេលវេលាឱ្យដូចទៅនឹងការប្រលងស្តង់ដារ។

ទី៩. ត្រូវមានពេលសម្រាកលំហែកាយ និងអារម្មណ៍ខ្លះ៖

មិនត្រូវដាក់សម្ពាធលើខ្លួនឯង និងពិបាកចិត្តខ្លាំងពេកនោះទេ។ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងឱ្យខ្លាំងបំផុត ត្រូវជឿជាក់ថាខ្លួននឹងប្រលងជាប់ ហើយខ្លួនប្រាកដជាអាចធ្វើបាន និងទទួលបានលទ្ធផលល្អទៀតផង។ ក្នុងអំឡុងពេលនេះដែរប្អូនអាចសម្រាកលំហែអារម្មណ៍ឱ្យធូរចិត្តខ្លះបាន ដោយទៅញ៉ាំអីឆ្ញាញ់ៗ និងទៅលេងកន្លែងណាដែលត្រជាក់មានខ្យល់អាកាសល្អដែលវាជាការឱ្យរង្វាន់ និងលើកទឹកចិត្តទៅលើការខិតខំរបស់ប្អូនផងដែរ។ តែសូមចៀសវាងសប្បាយភ្លេចខ្លួនដែលនាំឱ្យប៉ះពាល់សុខភាព និងសុវត្តិភាពដល់ប្អូនផងដែរ។ ពិសេសត្រូវមានការប្តេជ្ញាចិត្តឱ្យបានខ្ពស់បំផុតដើម្បីសម្រេចគោលដៅក្នុងជីវិតរបស់ប្អូនៗ ៕

ប្រភព៖ ទំព័រ វិញ្ញាសាបាក់ឌុប កម្ពុជា

អត្ថបទដកស្រង់និងស្រាវជ្រាវដោយ ៖ ស៊ូ អីន

អត្ថបទពេញនិយម