ពូកែៗណាស់! និស្សិត ៨ នាក់ឈ្នះជ័យលាភី និងបានទៅហាត់ការ ២ ខែនៅប្រទេសម៉ាឡេស៊ី

  • 2021-11-26 03:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) ត្រលប់មកវិញហើយដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងធ្វើបទបង្ហាញដំណោះស្រាយឌីជីថល ជូនថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia ក្រុមហ៊ុន Prudential Cambodia និងក្រុមហ៊ុន Smart Axiata ។

ក្រុម Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៨ នាក់បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតមួយ ដើម្បីជំរុញការបញ្ចូលទឹកប្រាក់តាម​បែប​ឌីជីថល ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ CEO Challenge ដោយឈ្នះទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។

ដំណោះស្រាយដែលត្រូវបានបង្កើតឡើងដោយចំណាយពេលត្រឹមតែ ៤៨ ម៉ោងបានធ្វើការវិនិច្ឆ័យដោយ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Prudential Cambodia និង លោក Franco Zhao នាយកផ្នែកឌីជីថលនិងបច្ចេកវិទ្យាក្រុមហ៊ុន Heineken Cambodia។

រង្វាន់ផ្សេងទៀតដែលត្រូវបានប្រគល់ជូនបេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនេះរួមមាន៖ ពានរង្វាន់ក្រុមធ្វើបានល្អបំផុតទី២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុតទី១ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ ដុល្លារ។

បេក្ខជនឆ្នើមចំនួន ៨ នាក់នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល ២ ខែនៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។

វគ្គផ្តាច់ព្រ័ត្រ ប្រព្រឹត្តទៅកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងលោក Dato' Izzaddin Idris ជាប្រធាននិងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad ។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធី SmartEdu USDP រដូវកាលទី ៣ លោក Feiruz Ikhwan មានប្រសាសន៍ថា៖ «កម្មវិធីនេះបង្កើតឡើងក្នុងគោល បំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជា ជាមួយនឹងជំនាញ សមត្ថភាពច្នៃប្រឌិតផ្នែក បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន នឹងជួយលើកកម្ពស់សេដ្ឋកិច្ច ឌីជីថលរបស់ប្រទេសកម្ពុជា។»

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី

«កម្មវិធី SmartEdu USDP គឺជាឱកាសដ៏ល្អមួយ សម្រាប់យុវជនកម្ពុជាក្នុងការរៀនជំនាញដោះស្រាយបញ្ហាពិតនានា ក្នុងជីវិត ក្នុងបរិយាកាសជាមួយបច្ចេកវិទ្យាកុំព្យូទ័រ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យបង្អាកភាពដដែលៗ គិតត្រិះរិះពិចារណាប្រកបដោយគំនិតច្នៃប្រឌិត និងសម្រេចថ្លឹងថ្លែងហានិភ័យ។ យើងមានមោទនភាពក្រៃលែង ដែលបានដើរតួនាទីក្នុងការជំរុញសក្ដានុពលអ្នកដឹកនាំឌីជីថលរបស់ពួកគេ ព្រមទាំងអភិវឌ្ឍអ្នកដឹកនាំឌីជីថលក្នុងប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យរយៈ១៣ ថ្ងៃ អាចធ្វើទៅបានតាមរយៈមូលនិធិកសាងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការគាំទ្រដ៏ជ្រាលជ្រៅពីក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។»

លោក Dato' Izzaddin Idris ជាប្រធាននិងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad

កម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៨ ត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ដោយត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា និស្សិតកម្ពុជាចំនួន ៤៨ នាក់ដំបូងត្រូវបានបែងចែកទៅក្នុងក្រុមចំនួន ៨ ក្រុមចូលរួមកម្មវិធីសិក្ខាសាលាអ្នកដឹកនាំអាជីវកម្មនៅសណ្ឋាគារ Garden City ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើការបន្ថែមលើ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា ព្រមទាំងសមត្ថភាពគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនទាក់ទងនឹងអាជីវកម្មឌីជីថល សិក្ខាសាលា និង ការប្រកួតប្រជែង ដែលពួកគេត្រូវបានជំរុញយា៉ងមឹុងម៉ាត់ និងផ្តល់មតិកែលម្អចំៗដល់គ្នាទៅវិញទៅមក។

សមាជិកក្រុមជ័យលាភីពានរង្វាន់ CEO Challenge យឹម សាលីនដា បានចែករំលែកថា៖ «ទោះបីគេងមិនគ្រប់គ្រាន់អំឡុងពេលចូលរួមក្នុងសិក្ខាសាលា Bootcamp ក៏ដោយ ប៉ុន្ដែកម្មវិធីនេះមានប្រយោជន៍ណាស់ ព្រោះសិក្ខាសាលានេះបង្រៀនលើសពីជំនាញផ្នែកអាជីវកម្មទៅទៀត ខ្ញុំបានរៀនមេរៀនល្អៗជាច្រើន ជាពិសេសនៅពេលធ្វើការងារជាក្រុម។ ការប្រកួតប្រជែងក្នុងកម្មវិធី CEO Challenge គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។ វាពិតជាលំបាកនៅពេលដែលធ្វើការងារ ក្រោមសម្ពាធ និងពេលវេលាកំណត់ ប៉ុន្តែខ្ញុំមិនមានការសោកស្តាយណាមួយទេ ព្រោះកម្មវិធី Bootcamp នេះបានរៀបចំយ៉ាងពេញលេញឱ្យខ្ញុំក្លាយជាអ្នកដឹកនាំនាពេលអនាគត។»

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Smart Axiata។ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុន Smart ប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំទៅក្នុងកម្មវិធីចំនួន ២ នៃ SmartEdu រួមមាន៖ កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។

រូបថតជុំគ្នា

កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងជំនាញ ដើម្បីជួយជំរុញដល់បច្ចេកវិទ្យាឌីជីថលក្នុងប្រទេសផងដែរ។

សម្រាប់បច្ចុប្បន្នភាពនិងព័ត៌មានបន្ថែមអំពីកម្មវិធី SmartEdu សូមតាមដានទំព័រហ្វេសប៊ុកក្រុមហ៊ុន Smart For Cambodia តាមរយៈ Facebook.com/smartforcambodia និង ww.smartedu.com.kh

អត្ថបទ៖ រក្សា