ប្រវត្តិសាស្ត្រកូនខ្មែរត្រូវដឹង! តើស្តេចអង្គណា រំដោះក្រុងអង្គរពីការគ្រប់គ្រងរបស់អាយុធ្យាលើកទី១?
- 2021-12-31 03:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសាស្ត្រកូនខ្មែរត្រូវដឹង! តើស្តេចអង្គណា រំដោះក្រុងអង្គរពីការគ្រប់គ្រងរបស់អាយុធ្យាលើកទី១?
ចន្លោះមិនឃើញ
ក្រោយពីអាយុធ្យាបានគ្រប់គ្រងមកលើក្រុងអង្គរលើកទី១ កំឡុងឆ្នាំ១៣៥៣-១៣៥៧ រួចមក ប្រជាពលរដ្ឋខ្មែរបានរស់នៅរងទុក្ខវេទនា ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ ហើយអាយុធ្យាបានកេណ្ឌប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់ យកទៅបំពេញនៅតាមខេត្តរបស់ខ្លួនរួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត ដូចជាមាសប្រាក់ និងវត្ថុមានតម្លៃជាច្រើន ដូចជាកន្ទេលមាស កន្ទេលប្រាក់ សេះដំរី ជាដើម ធ្វើឱ្យខ្មែរចុះខ្សោយ អស់ទាំងកម្លាំងកងទ័ព ទាំងកម្លាំងពលកម្មតទល់នឹងសៀមឡើងវិញ។
ព្រះស្រីសុរិយោវង្ស នៅកំឡុងឆ្នាំ១៣៥៧-១៣៦៦ ទ្រង់គឺ ជាព្រះរាជបុត្ររបស់ស្រីលំពង្សរាជា ត្រូវបានគេលើកឱ្យ ឡើងគ្រងរាជសម្បត្តិ បន្ទាប់ពីព្រះអង្គបានដឹកនាំកងទ័ពយ៉ាងអង់អាចក្លាហានវាយ សម្រុកទៅលើកងទ័ពសៀមរំដោះក្រុងអង្គរបានមកវិញ ពេលនោះព្រាហ្មណ៍បុរោហិត និងពួកបាគូបាននាំយកកេតនភណ្ឌជាតិមានព្រះខ័នរាជ្យ និងលំពែងរាជ្យមកធ្វើពិធីអភិសេកព្រះអង្គឱ្យឡើងគ្រងរាជ្យនៅឆ្នាំ១៣៥៧គ.ស.។
ក្រោយពេលឡើងគ្រងរាជ ព្រះអង្គបានពង្រឹង និងពង្រីកវិស័យកងទ័ពឡើងវិញដោយទៅកេណ្ឌកងទ័ពពីខេត្តទាំង បាសាក់ ព្រះត្រពាំង អូរមូល ក្រមួនស ទឹកខៅ្ម ពាម និងកំពតបានជាង៥ម៉ឺននាក់ រួចក៏បានលើកកងទ័ពទៅវាយដណ្ដើមយកខេត្តមួយចំនួនពីអាយុធ្យាមកវិញ ដូចជាខេត្ត រ៉ាក់យ៉ង និងច័ន្ទតាប៊ុន ប៉ុន្តែកងទ័ពខ្មែរគ្រប់គ្រងមិនបានយូរប៉ុន្មាន អាយុធ្យាបានលើកកងទ័ព មកវាយឱ្យកងទ័ពខ្មែរដកថយមកវិញអស់ ព្រមទាំងធ្វើគតឧបរាជខ្មែរមួយអង្គទៀតផង។
ដំណឹងនេះបានលេចឮដល់ព្រះស្រីសុរិយោវង្ស ដូច្នេះព្រះអង្គបានដឹកនាំកងទ័ព ទៅជួយកងទ័ពខ្មែរ ដែលកំពុងត្រូវបានឡោមព័ទ្ធ នៅពេលឃើញកងទ័ពអន្តរាគមន៍ របស់ព្រះអង្គទៅដល់ ហើយស្របពេលកងទ័ពអាយុធ្យាកំពុងទន់ដៃខ្សោយកម្លាំងផង នោះ ក៏បានដកថយទៅវិញអស់ ពុំហ៊ាននៅតទល់ជាមួយកងទ័ពរបស់ព្រះអង្គឡើយ។ចាប់ពីពេលនោះមក ព្រះអង្គបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពអស់រយៈពេល ១០ឆ្នាំ រហូតព្រះអង្គសោយទិវង្គត នៅឆ្នាំ១៣៦៦គ.ស.។
ប្រភព៖ឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល(សៀវភៅកម្ពុជារវាងសៀម យួន និងអណានិគមបារាំង)