Honor Watch GS 3 ទើបចេញយប់មិញ អេក្រង់ OLED ថ្មកាន់១៤ថ្ងៃ តម្លៃត្រឹមតែ២០០ដុល្លារ

  • 2022-01-11 07:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះជាព្រឹត្តិការបើកសម្ពោធបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ Honor ដោយវាបានបញ្ចេញអាវុធដ៏ធំមួយ គឺទូរសព្ទអេក្រង់បត់ Honor Magic V ប្រើបន្ទះឈីបចុងក្រោយ Snapdragon 8 Gen 1។ ក្រៅពីទូរសព្ទនេះ ក្រុមហ៊ុនក៏បានបញ្ចេញ នាឡិកាវៃឆ្លាតជំនាន់ថ្មី ត្រកូល GS ដែលមានរូបរាងបែបសាមញ្ញដែរ។

នាឡិកានេះផ្ទាល់ប្រើប្រាស់កញ្ចក់កោងបែប 3D ស្រោបជុំវិញដោយគែមរាងមូល ផលិតឡើងពីដែកអ៊ីណុក។ វាមានទំហំមុខកាត់ ៤៥,៩មីល្លីម៉ែត ជាមួយនឹងកម្រាស់សរុប ១០,៥មីល្លីម៉ែត្រ និងទម្ងន់៤៤ក្រាម។

បន្ទះបង្ហាញនៃនាឡិកានេះមានទំហំ ១,៤៣អ៊ីញ ជាប្រភេទ AMOLED មានកម្រិតដង់ស៊ីតេ ៣២៥ ភិចស៊ែលក្នុងមួយអ៊ីញ។

ចំនុចពិសេសដែលបានបំពាក់លើនាឡិកា Honor Watch GS 3 គឺវាប្រើប្រាស់ 8-channel PPG ដែលអាចវាស់ចង្វាក់បេះដូងបានត្រឹមត្រូវដល់ ៩៧ភាគរយ។ ក្រៅពីនេះវាក៏អាចវាស់ កម្រិតអុកស៊ីហ្សែនក្នុងឈាម និងស្ថានភាពដំណេកជាប្រចាំពេញ ២៤ម៉ោង ហើយកម្មវិធីសុខភាពលើទូរសព្ទ Honor Health 5.0 នឹងផ្តល់នូវការណែនាំដល់អ្នកប្រើដើម្បីទទួលបានសុខភាពល្អ។

និយាយដល់រឿងសុខភាព វាក៏មានភ្ជាប់មកជាមួយការតាមដានកីឡាដល់ទៅជាង ១០០ប្រភេទ សម្រាប់អ្នកហាត់កីឡាសឹងគ្រប់ប្រភេទ។ នាឡិកានេះធន់នឹងទឹករហូតដល់ 5 ATM (ជម្រៅប្រហែល ៥០ម៉ែត្រ) ដូច្នេះអ្នកអាចពាក់វាទៅហែលទឹកបាន។

ទោះបីវាមើលទៅមានរូបរាងសាមញ្ញមែន តែខាងក្នុងមានបំពាក់សេនស័រសំខាន់ៗសម្រាប់ការប្រើប្រាស់ជាប្រចាំដូចជា GPS, accelerometer gyro compass, សម្ពាធខ្យល់ និងកម្រិតពន្លឺក្នុងបរិយាកាសទៀតផង។

ថ្មរបស់វាអាចប្រើប្រាស់បានដល់ទៅ ១៤ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា ហើយប្រសិនបើប្រើ GPS ជាប់ នោះវាអាចប្រើបានត្រឹមតែ ៣០ម៉ោងប៉ុណ្ណោះ។ ក្នុងករណីបន្ទាន់ អ្នកអាចសាកត្រឹមតែ ៥នាទីប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។

Honor Watch GS 3 នេះចេញលក់រួចហើយនៅប្រទេសចិន ក្នុងតម្លៃត្រឹមតែ ២០៥ដុល្លារ ជាមួយនឹងជម្រើសពណ៌ និងខ្សែច្រើនប្រភេទ៕

អត្ថបទ៖ Thea Sothun