តើ​លោក Jorge Mendes ភ្នាក់ងារ​របស់​ Ronaldo ជា​នរណា ហើយ​មាន​ឥទ្ធិពល​កម្រិត​ណា?

  • 2022-01-14 11:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចាស់​ពោល​ថា នៅ​ពី​ក្រោយ​បុរស​ជោគជ័យ គឺ​មាន​ស្ត្រី​ដ៏​ពូកែ ចំណែក​ឯ​នៅ​ក្នុង​ពិភព​បាល់ទាត់​វិញ នៅ​ពី​ក្រោយ​កីឡាករ ឬ អ្នក​ចាត់ការ/គ្រូ​បង្វឹក​ល្បីៗ​គឺ​មាន​ភ្នាក់ងារ​ដ៏​មាន​ឥទ្ធិពល។

ក្នុង​ករណី​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo វិញ​ កន្លង​មក​ការ​ចរចា​ឱ្យ​មាន​ការ​ផ្ទេរ​ ឬ ផ្លាស់​ប្ដូរ​ក្លឹប​ចុះ​ឡើង ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក Jorge Mendes ដែល​គេ​ដាក់​រហស្សនាម​ថា​ជា «មហា​ភ្នាក់ងារ» ជនជាតិ​ព័រទុយហ្គាល់។

លោក​ធ្លាប់​ធ្វើ​ជា​ឌីជេ នៅ​ក្លឹប​មួយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​មុន​ពេល​ ដែល​លោក​ហក់​ចូល​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​នៅ​ឆ្នាំ១៩៩៦ ដោយ​នៅ​ឆ្នាំ​នោះ​លោក​បង្កើត​ក្រុមហ៊ុន​ភ្នាក់ងារ​កីឡាករ​បាល់ទាត់​មួយ​ឈ្មោះ​ថា Gestifute។ ប៉ុន្តែ​អាជីព​របស់​លោក​ ឡើង​កូដ​ខ្លាំង​នៅ​ពេល​ដែល​លោក​ចរចា​ក្នុង​ការ​ផ្ទេរ Ronaldo ទៅ​កាន់​ក្លឹប Manchester United កាល​ពី​ឆ្នាំ២០០៣។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក​ និង​ក្រុមហ៊ុន​របស់​លោក​តំណាង​ឱ្យ​កីឡាករ និង​អ្នក​ចាត់ការ​រាប់​សិប​នាក់ ដោយ​ក្នុង​នោះ​មាន​ឈ្មោះ​ល្បីៗ​ដូច​ជា អ្នក​ចាំទី​អេស្ប៉ាញ David De Gea អ្នក​ចាត់ការ​ព័រទុយហ្គាល់​លោក Jose Mourinho ហើយ​ព្រម​ទាំង​កីឡាករ​ជា​ច្រើន​ទៀត ដែល​ភាគ​ច្រើន​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ព័រទុយហ្គាល់។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ លោក​ក៏​បាន​សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សេដ្ឋីៗ​ម្ចាស់​ក្លឹប​បាល់ទាត់​នានា​នៅ​ទ្វីប​អឺរ៉ុប​ ហើយ​លោក​ក៏​ធ្លាប់​ត្រូវ​បាន​ Sir Alex Ferguson អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United សរសើរ​ថា ជា​ភ្នាក់ងារ​កីឡាករ​ដ៏​ល្អ​ជាង​គេ ដែល​លោក​ធ្លាប់​ជួប។

ចាប់​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០២០ លើកលែង​តែ​ឆ្នាំ២០១៦ លោក Mendes ត្រូវ​បាន​បោះឆ្នោត​ថា​ជា​ ភ្នាក់ងារ​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ដែល​ការ​បោះឆ្នោត​នោះ​រៀបចំ​ដោយ​ Globe Soccer។

កាល​ពី​ឆ្នាំ២០១២ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ព័រទុយហ្គាល់​បំពាក់​មេដាយ​កិត្តិយស​មួយ ដែល​ជា​ការ​ទទួល​ស្គាល់​ទៅ​លើ​ជំនាញ និង​សមត្ថភាព​របស់​លោក​ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ជំនួញ​កីឡា​ដ៏​ល្បី​មួយ​រូប​នៅ​លើ​ពិភពលោក៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម