ទម្លាយតម្លៃ​​ប្រភេទ​ឡាន Jeep ដែល​អ្នកស្រី ទី្រ ដាណា ទិញ​ឱ្យកូន

  • 2022-01-24 07:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្នុងបណ្តាញ​សង្គម​កម្ពុជា មាន​ការភ្ញាក់​ផ្អើល និងចាប់អារម្មណ៍ខ្លាំង​ចំពោះ​ការបង្ហោះ​នៅលើផេក​របស់​អ្នកស្រី ទ្រី ដាណា ដែល​បាន​ទិញ​រថយន្ត Jeep មួយគ្រឿង​ជាកាដូសម្រាប់​កូនប្រុស។ រថយន្ត Jeep នោះគឺជាម៉ូដែល Wrangler Rubicon ពណ៌ស។

រថយន្ត​ Jeep Wrangler នេះ បើលក់​នៅសហរដ្ឋអាមេរិក គឺមានតម្លៃ​ចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ ដោយខុសគ្នា​ទៅតាម option នីមួយៗ។ ដោយឡែក​នៅកម្ពុជា គឺមាន​តម្លៃ​ខ្ទង់​ជាង ៩ម៉ឺនដុល្លារ ដោយ​សារត្រូវបង់​ពន្ធនាំចូល ថ្លៃដឹកជញ្ជូន និងការចំណាយ​ផ្សេងៗ។

រថយន្ត​ SUV បែប Off-road នេះ បានផលិតឡើងជាមួយសមត្ថភាពពិសេស ខ្លាំងក្លា មាំធន់ជាមួយស្ថានភាពផ្លូវលំបាក ថ្មធំៗ ចុះទឹក ឡើងភ្នំ ចូលព្រៃ កាត់វាល និងការបើកបរក្នុងទីក្រុងក៏មានភាពងាយស្រួល រលូនមិនរលាក់។

រថយន្ត​នេះ ប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ ផលិត​បានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៣៩៩ញ៉ូតុនម៉ែត្រ ជាមួយនឹង​ប្រអប់​លេខអូតូ ៨វគ្គ។ ចំពោះ​ការប្រើប្រាស់សាំង គឺ១០០គីឡូម៉ែត្រស៊ី ១១,២លីត្រ (ក្នុងក្រុង) និង ៩,៨លីត្រ (ក្រៅក្រុង)។

ផ្នែក​ខាងក្នុង​នៃរថយន្ត គឺ​មានលក្ខណៈសាមញ្ញដៃចង្កូត​មាន​ប៊ូតុង​ចុចបញ្ជា មានកាពីតាស់ ប្រព័ន្ធកម្សាន្ត​ Touchscreen ងាយស្រួលប្រើប្រាស់ ដែល​អាចភ្ជាប់​ជាមួយ Apple Car Play និង Android Auto ជាពិសេស​បំពាក់​ប្រព័ន្ធសំឡេង Alpine ៩គ្រាប់។

ជាមួយគ្នានេះ Jeep Wrangler ក៏បំពាក់​ជាមួយប្រព័ន្ធសុវត្ថិភាព ដូចរថយន្ត​ទំនើប​មួយ​ចំនួន​ដែលផលិត​ក្នុងពេលបច្ចុប្បន្ននេះដែរ ដូចជា ប្រព័ន្ធឱ្យសញ្ញាពេលមាន​រថយន្តចង់វ៉ាជែង ប្រព័ន្ធ​ព្រមាន​មុនពេលប៉ះទង្គិចគ្នា ប្រព័ន្ធគ្រប់គ្រងល្បឿន ប្រព័ន្ធជំនួយចូលចត និងប្រព័ន្ធភ្លើងបំភ្លឺបានឆ្ងាយ​ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី