មកស្វែងយល់ពីច្រកទ្វារអ៉ីនធើណិតជាតិ (National Internet Gateway) មានអត្ថន័យយ៉ាងណាខ្លះសម្រាប់ពួកយើង?
- 2022-02-04 08:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្វែងយល់ពីច្រកទ្វារអ៉ីនធើណិតជាតិ (National Internet Gateway) មានអត្ថន័យយ៉ាងណាខ្លះសម្រាប់ពួកយើង?
ចន្លោះមិនឃើញ
សេចក្ដីព្រាងអនុក្រឹត្យ អំពី «ច្រកទ្វារអ៉ីនធើណិតជាតិ- National Internet Gateway» ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ ឃើញថា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស និងសារព័ត៌មានពាសពេញអ៉ីនធើណេត។
ជាក់ស្ដែងដូចជាសារព័ត៌មាន New York Times កាលពីថ្មីៗនេះ បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «អ៉ីនធើណិតកម្ពុជា ប្រហែលជានឹងដូចចិនឆាប់ៗនេះ: គ្រប់គ្រងដោយរដ្ឋាភិបាល» ។ ចំណែកអ្នករាយការណ៍ពិសេស ៣រូប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយ សូមកុំឱ្យរដ្ឋាភិបាល អនុវត្តវិធានការនេះផងដែរ។
ដូច្នេះហើយដោយចង់ដឹងថា អនុក្រឹត្យស្ដីពី **«ច្រកទ្វារអ៉ីនធើណិតជាតិ- National Internet Gateway»** មានអត្ថន័យបែបណា សម្រាប់ប្រជាពលរដ្ឋ **Sabay** បានសិក្សាស៊ីជម្រៅលើចំណុចនេះ ដោយយើងបានជួបនិយាយជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រសួងបានផ្ដល់ជូននូវសេចក្ដីថ្លែងការណ៍ ហើយសហស្ថាបនិករបស់យើង ដែលជាអ្នកជំនាញ ខាងផ្នែកបច្ចេកទេសដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជាក៏បានចូលរួមបកស្រាយ ជម្រះរាល់មន្ទិលសង្ស័យទាំងអស់។ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដល់ជូន៖
១.ប្រទេសមួយចំនួនលើពិភពលោក និងនៅក្នុងតំបន់ បានអនុវត្តវិធានការណ៍នេះរួចមកហើយទៅលើវិធានការ «ច្រកទ្វារអ៉ីនធើណិតជាតិ- National Internet Gateway» ក្នុងគោលបំណងការពារ ប្រជាពលរដ្ឋរបស់ពួកគេពីជនខិលខូច និងជួយរក្សាសណ្ដាប់ធ្នាប់សង្គម ពង្រឹងសន្តិសុខជាតិ ការប្រមូលពន្ធ ជួយរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិជាដើម។
២.ទប់ស្កាត់មាតិកាខុសច្បាប់ និងជនខិលខូច ដូចជា មាតិកាអាសអាភាស ល្បែងស៊ីសង ការរំលោភបំពានរាងកាយលើកុមារ ការបោកបញ្ឆោត និងការគំរាមកំហែង លើអ៉ីនធើណេត ហើយក៏ធានាឱ្យបានថា ក្រុមហ៊ុននៅកម្ពុជា និងបង់ពន្ធឱ្យបានត្រឹមត្រូវជួយរដ្ឋាភិបាល ដែលជាការចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយតាមការគិតរបស់យើង វាជារឿងដ៏ត្រឹមត្រូវមួយ តាមរយៈការយកចំណូលជាតិទាំងនេះមកអភិវឌ្ឍន៍ប្រទេសជាតិដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។
៣.ភាពឯកជនរបស់ពលរដ្ឋគឺជាចំណុចអាទិភាពបំផុតមួយ ហើយដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។
គោលដៅនៃ «ច្រកទ្វារអ៉ីនធើណិតជាតិ- National Internet Gateway» ក៏ជួយទប់ស្កាត់ការចែកចាយព័ត៌មានមិនពិត ដែលវាជាអ្វី Sabay បានព្យាយាមអនុវត្តតាំងពីពេលបង្កើតឡើងដំបូង ព្រោះដូចដែលយើងបានឃើញ សារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនបានបញ្ជាក់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់នោះទេ។
លោក Mike Gaertner ជាសហស្ថាបនិករបស់យើង បានបញ្ចេញមតិជុំវិញ ការចេញផ្សាយអត្ថបទរបស់ New York Times ថា៖ «អត្ថបទរបស់សារព័ត៌មាន New York Times និងអត្ថបទផ្សេងទៀតដែលចេញផ្សាយកាលពីឆ្នាំមុន បាននាំឱ្យមានភាពភ័យខ្លាចថា ការដាក់ដំណើរការច្រកទ្វារអ៉ីនធើណិតជាតិនេះ មានន័យថា រដ្ឋាភិបាលនឹងប្រើសិទ្ធិអំណាចលើអីនធើណិត និងរឹតត្បិតសេរីភាពការបញ្ចេញមតិប្រជាពលរដ្ឋ ។ អត្ថបទក៏បានលើកឡើងអំពីការចាប់ខ្លួន ហើយសកម្មជនបាននាំគ្នាសន្ទនាដោយប្រើភាសាកូដ ព្រោះតែភ័យខ្លាចថា ច្រកទ្វារអ៉ីនធើណិតជាតិ នឹងអាចលួចស្ដាប់ការទំនាក់ទំនងរបស់ពួកគេ»។
លោក Mike Gaertner បានថ្លែងបន្តថា៖ «យ៉ាងណាក្ដីប្រសិនបើយើងបានអានអត្ថបទដោយយកចិត្តទុកដាក់ទៅ វាបង្ហាញច្បាស់ថា New York Times មិនបានបែងចែករវាងទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងឯកជននោះទេ»។
«ប្រសិនបើអ្នកបង្ហោះអ្វីមួយជាសាធារណៈ ដែលមានមនុស្សរាប់លាននាក់អាចមើលឃើញ នោះអ្នកជាអ្នកទទួលខុសត្រូវទៅលើមាតិកានោះ ច្បាប់ត្រូវបានអនុវត្តមិនថា អ្នកប្រើប្រព័ន្ធផ្សព្វផ្សាយណាដើម្បីចែករំលែកនោះទេ នៅពេលយើងធ្វើការបង្ហោះជាសាធារណៈលើអ៉ីនធើណេត ខ្ញុំគិតថា វាសមហេតុផលក្នុងការទាមទារឱ្យព័ត៌មានដែលយើងបានចែករំលែក ជារឿងត្រឹមត្រូវ មិនមែនជាព័ត៌មានបោកប្រាស់»។ លោក Mike Gaertner ថ្លែង។
សហស្ថាបនិកខាងខាងបន្តថា៖ «ច្រកទ្វារអ៉ីនធើណេតជាតិ» ត្រូវបានឌីហ្សាញឡើង សម្រាប់ត្រួតពិនិត្យ ចរាចរលើអ៉ីនធើណេតចេញ-ចូលក្នុងប្រទេសកម្ពុជា វាស្រដៀងទៅនឹងអ្វីដែលពន្ធគយត្រួតពិនិត្យនៅព្រំដែន» ។ «ច្រកទ្វារអ៉ីនធើណេតជាតិ» គឺត្រួតពិនិត្យលើអ្នកដែលផ្ញើ និងអ្នកដែលទទួលចរាចរអ៉ីនធើណេត ដែលឆ្លងកាត់ព្រំប្រទល់ ហើយព្យាយាមកំណត់ថា ចរាចរនោះស្របច្បាប់ក៏អត់។ ប៉ុន្តែច្រកទ្វារអន្តរជាតិ មិនបានមើលថា ចរាចរអ៉ីនធើណិតនោះ មានផ្ទុកមាតិកាអ្វីខ្លះនោះទេ ជាក់ស្ដែងទៅ«ច្រកទ្វារអ៉ីនធើណិតជាតិ» មិនអាចអានព័ត៌មានភាគច្រើន ដែលបានឆ្លងកាត់វា»។
គ្រប់យ៉ាងដែលបានផ្ញើតាមអ៉ីនធើណេតត្រូវបានបែកចេញជាពីរផ្នែក ទី១ គឺផ្នែកសាធារណៈដែលមានអត្តសញ្ញាណអ្នកផ្ញើ និងអ្នកទទួលបាន និងទី២ គឺផ្នែកឯកជន ដែលមានផ្ទុកនូវទិន្នន័យ។ ទិន្នន័យត្រូវបានការពារ ដោយកូដEncrypt ដ៏រឹងមាំ។ ប្រសិនបើអ្នកគិតដល់ការប្រើប្រាស់ធនាគារអនឡាញ និងការទូទាត់លើអនឡាញជាមួយប័ណ្ណឥណទាន ឬផ្ញើព័ត៌មានសម្ងាត់អ្នក អាចយល់បានច្បាស់ពីមូលហេតុដែលផ្នែកទិន្នន័យត្រូវបានការពារ។
ប្រសិនបើអ្នកចូលវិបសាយណាមួយ ដើម្បីទិញផលិតផលព័ត៌មាននៃការទូទាត់ និងព័ត៌មានផ្ទាល់ខ្លួន ត្រូវបានផ្ញើចេញ ក្នុងវិធីដ៏សុវត្ថិភាព ហើយអ្នកទទួល (Server) និងមិនចែករំលែកព័ត៌មាននោះជាមួយអ្នកណាផ្សេងឡើយ ប៉ុន្តែបើអ្នកបង្ហោះអ្វីមួយលើ Facebook ព័ត៌មាននឹងត្រូវផ្ញើក្នុងវិធីដ៏សុវត្ថិភាពដូចគ្នា ប៉ុន្តែ Server នឹងធ្វើឱ្យការបង្ហោះនោះ អាចឱ្យគ្រប់គ្នាបានមើលឃើញ ។
ខាងក្រោមនេះ គឺជាឧទាហរណ៍អំពីទំនាក់ទំនងសាធារណៈ៖
• បង្ហោះ និងចែករំលែកវីដេអូយូធូប ឬការបង្ហោះណាមួយលើហ្វេសបុក
• បញ្ចេញមតិជាសាធារណៈ ឬបង្ហោះលើបណ្ដាញសង្គមណាមួយ
• ក្រុមឆាតសាធារណៈ (មានដូចជា ក្រុមឆាតហ្វេសបុក ក្រុមឆាតតេឡេក្រាម..)
• អ៉ីម៉ែល (អ៉ីម៉ែលធម្មតា) មិនត្រូវបានចាត់ទុកជាទំនាក់ទំនងឯកជននោះទេ
ខាងក្រោមនេះ គឺជាឧទាហរណ៍អំពីទំនាក់ទំនងឯកជន៖
• ការឆាតមួយទល់នឹងមួយ ដោយប្រើកម្មវិធីឆាតដូចជា តេឡេក្រាម Whatsapp, FB Messenger, Line , Viber
• ការឆាតជាលក្ខណៈការងារ ដូចជាតាមរយៈ Slack, Teams, Zoom, Google Hangout
• ការឆាតក្នុងគ្រុបឯកជន ដែលអ្នកស្គាល់សមាជិកទាំងអស់
• អ៉ីម៉ែល ដែលត្រូវបាន Encrypt រួច
ដូចនេះត្រូវដឹងច្បាស់អំពីរបៀបនៃការទំនាក់ទំនង និងត្រូវចាំថា មានច្បាប់នៅចាំការពារអ្នក ប៉ុន្តែអ្នកក៏ត្រូវហ៊ានទទួលខុសត្រូវសម្រាប់អ្វីដែលអ្នកបាននិយាយ ប្រសិនបើអ្នកចែករំលែកវាជាសាធារណៈ។
ចុះចំណែកការ Block វិញ?
ដូចដែលបាននិយាយពីខាងលើអីចឹងរាល់ការទំនាក់ទំនងរវាងឧបករណ៍របស់អ្នកត្រូវបានដោះដូរដោយសុវត្ថិភាព រាល់បណ្ដាញអ៉ីនធើណេត ឬឧបករណ៍ដែលស្ថិតនៅរវាងចន្លោះអ្នក និងServer គឺមិនអាចអានព័ត៌មាន ដែលត្រូវបានដោះដូរនោះបានទេ។ ឧទាហរណ៍ «ច្រកទ្វារអ៉ីនធើណេតជាតិ» អាចឃើញថាអ្នកចូលទស្សនាវីដេអូណាមួយលើ YouTube ប៉ុន្តែមិនអាចដឹងបានទេថា អ្នកទស្សនាវីដេអូអ្វី ប៉ុន្តែបើអ្នកបង្ហោះវីដេអូ លើគណនីហ្វេសបុករបស់អ្នកព័ត៌មាននឹងក្លាយជាសាធារណៈ។
ប្រសិនបើ «ច្រកទ្វារអ៉ីនធើណិតជាតិ» មិនអាចអានព័ត៌មានបានទេ តើវាជួយការពារអ៉ីនធើណេតបានដោយរបៀបណា?
ការ Hack ចូលក្នុងកុំព្យូទ័រមិនមែនជាចរាចរអ៉ីនធើណេតធម្មតានោះទេ ដោយ Hacker ជាធម្មតាបានព្យាយាម វាយប្រហារលើចំណុចខ្សោយណាមួយ លើកុំព្យូទ័ររបស់អ្នករួចគ្រប់គ្រងកុំព្យូទ័ររបស់អ្នក។ ចរាចរបែបនេះមានអត្តសញ្ញាណប្លែកពីគេដែល «ច្រកទ្វារអ៉ីនធើណេតជាតិ» អាចដឹងរួចធ្វើការទប់ស្កាត់ហើយកាត់ផ្ដាច់ Hacker ពីការគ្រប់គ្រងកុំព្យូទ័ររបស់អ្នក។ វិធីសាស្ត្រនេះជាអ្វីដែលគេធ្វើអំឡុងពេលមានការវាយប្រហារធំៗ ដូចនេះសូមកុំភ្លេចតួនាទីរបស់អ្នក និងប្រើកម្មវិធីកម្ចាត់មេរោគរួមជាមួយ Firewall លើកុំព្យូទ័ររបស់អ្នក និងមិនត្រូវជឿថា មានអ្នកឱ្យលុយយើងរាប់លានដុល្លារតាមរយៈការផ្ញើអ៉ីម៉ែលនោះទេ៕