មោទកភាពណាស់! «នំបញ្ចុក» ជាអាហារខ្មែរដំបូងបង្អស់ដែលក្រសួងវប្បធម៌គ្រោងដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោក

  • 2022-02-10 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«នំបញ្ចុក»​ គឺជាមុខម្ហូបមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត ដែលវាកើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ជាម្ហូបអាហារគ្រាន់សម្រាប់បំពេញក្រពះផង និង មាននៅក្នុងពិធីជប់លៀងផ្សេងៗផងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។

នំបញ្ចុក តាមពិតមានប្រវត្តិរឿងរ៉ាវ​ រឿងព្រេងនិទានជាច្រើនបានរៀបរាប់យូរលុងមកហើយ និងបានផ្សារភ្ជាប់អំពីជីវិតរស់នៅ និងវប្បធម៌ខ្មែរតាំងដើមមកហើយ។ នំបញ្ចុក ​មាន​ឈ្មោះ​ដើម​ថា នំប៉ែន​ចុក គឺ​ជានំ​ដែល​គេ យក​ម្សៅ​សម្រស់​ទៅ​ស្ងោរ ហើយ​បុក​លាយ​ទឹក រួច​យក​ទៅ​ច្រក​ក្នុង​ប៉ែន​ទើប​យក​ស្នូល​ឈើ ចុក​សង្កត់ ដើម្បី​រោយ​ទម្លាក់​ជា​សរសៃ​ក្នុង​ទឹក​ពុះ​ឲ្យ​ឆ្អិន បន្ទាប់​មក​គេ​ស្រង់​ចាប់​ជា​ចង្វាយៗ ដាក់​ជាល ឬ​កញ្ច្រែង ទុកឲ្យ​ស្រស់​ទឹក។ ក្រោយមក​គេ​ហៅ​កាត់ៗ​ថា នំបញ្ចុក មិនខុស​អីពី​ពាក្យ​ខ្មែរ​ជា​ច្រើន ដោយ​បាន​ហៅ​កាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជណ្តើរ, កាន់​ជ្រែង ក្លាយ​កញ្ច្រែង, កាន់​ត្រក ក្លាយ កន្ត្រក, ពីរ​ថែម​ដប់ ក្លាយ​ពីរ​ដណ្តប់…។ល។

ជាទូទៅ នំបញ្ចុក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្ល និង របោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និង តាមតំបន់នីមួយៗ។ ទៀតសោត នំបញ្ចុក ក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ ដែលវាសឹងតែជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្ដងម្កាលថែមទៀតផង។

ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបនំបញ្ចុកក៏បានក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង។ ជាក់ស្ដែងថ្មីៗនេះជារឿងដ៏គួរឲ្យរំភើប និងមោទកភាពខ្លាំងបំផុតនោះគឺ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ «នំ បញ្ចុក» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើ ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ។

គួរជម្រាបដែរថា ក្រសួងវប្បធម៌ ក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បី គ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពល ផ្សេងទៀតទៅក្នុងបញ្ជី បេតិកភណ្ឌរបស់អង្គការ យូណេស្កូផងដែរ រួមមាន៖ «ប្រាសាទ កោះ កេរ» «ក្បាច់គុន ល្បុក្កតោ» និង «ទីក្រុង បាត់ដំបង» ក្រុមប្រាសាទបន្ទាយឆ្មារ , រមណីយដ្ឋាន អង្គរបុរី និង ភ្នំដា , រមណីយដ្ឋានគូលែន , ក្រុមប្រាសាទបេងមាលា , ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ , រមណីយដ្ឋានឧដុង្គ , សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង , មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក , អតីតមន្ទីរឃុំឃាំងម -១៣ និង ព្រះរាជពិធីបុណ្យអុំទូក ៕

អត្ថបទដោយ៖ ស៊ូ អីន