ក្រោយល្បី MG 2021 លំដាប់រងទី ១ វៀតណាមថាជាខ្មែរ ពេលនេះសាមីខ្លួនបង្ហាញអត្តសញ្ញាណហើយ

  • 2022-03-28 03:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកួតចប់ក្នុងកម្មវិធី Mister Global នៅឯប្រទេសថៃរួចមក បេក្ខជន យ័ញជីវលិញ ដែលជាប់លំដាប់រងទី១ក្នុងកម្មវិធី កាន់តែល្បីល្បាញជាពិសេសល្បីថាលោកជាខ្មែរកម្ពុជាក្រោម ដែលតំណាងឲ្យប្រទេសវៀតណាម ធ្វើឲ្យអ្នកគាំទ្រខ្មែរជាច្រើននិយាយពីរឿងនេះ រហូតធ្វើឲ្យសមីខ្លួនចេញមកបង្ហាញច្បាស់តែម្តង។

ថ្មីៗនេះ Mister Global ដែលជាប់លំដាប់រងទី១ លោក យ័ញជីវលិញ បានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនឲ្យមហាជនបានដឹងច្បាស់ៗហើយដោយលោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុកដោយបញ្ជាក់ថា លោកពិតជាមានមោទនភាពនិងរីករាយដែលបានកើតមកជាកូនដែលមានសញ្ជាតខ្មែរ។ក្នុងនោះដែរលោកក៏បានអរគុណដល់ជនរួមជាតិខ្មែរទាំងអស់គ្នា ជាពិសេសអ្នកគាំទ្រនៅវៀតណាម និងអ្នកគាំទ្រនៅកម្ពុជា ដែលបានស្រលាញ់និងតាមដានគាំទ្រលោកនាពេលកន្លងមកនេះ។

បើនិយាយពីអ្នកគាំទ្រដែលនៅកម្ពុជាវិញជាច្រើន បាននាំគ្នាសរសើរពីទឹកចិត្តរបស់ យ័ញជីវលិញ ដែលហ៊ានបង្ហាញអត្តសញ្ញាណខ្លួនឲ្យគ្រប់គ្នាកាន់តែដឹងច្បាស់មិនលាក់លៀម រហូតមានអ្នកខ្លះនិយាយថា ឃើញហើយទឹកភ្នែកខ្ញុំស្រក់ ឈាមរត់រកឈាម ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរតែមួយ អ្នកខ្លះទៀតនិយាយថា ខ្ញុំជាខ្មែរកណ្តាលរីករាយដែលបានឃើញសំណេរបងបែបនេះ ដែលមានមោទនភាពជាកូនខ្មែរ មានសញ្ជាតជាខ្មែរ ចំណែកអ្នកខ្លះទៀតថា អរគុណដែលមិនភ្លេចសញ្ជាតដើម៕

រម្លឹកផងដែរថា យ័ញជីវលិញ គឺជាបេក្ខជនដែលតំណាងឲ្យប្រទេសវៀតណាម បានទទួលជ័យលាភីរងទី១ នៅក្នុងកម្មវិធី Mister Global ដែលប្រកួតនៅប្រទេសថៃ កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅ ហើយបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចាប់អារម្មណ៏ទៅលើមុខមាត់រូបរាងរបស់លោកព្រោះហាក់ស្រដៀងនិងកម្ពុជាដែរ រហូតមានថ្ងៃមួយនៃថ្ងៃប្រឡងពីឈុតតំណាងជាតិរបស់ប្រទេសនីមួយៗ ស្រាប់តែគេឃើញមានវត្តមានរបស់បេក្ខជនកម្ពុជា ហោ សុវណ្ណគិរីដា និងបេក្ខជនដែលតំណាងឲ្យវៀតណាម យ័ញជីវលិញ មានភាពស្និទស្នាលគ្នាដូចជាបងប្អូននិងគ្នាដោយអ្នកទាំងពីនិយាយរកគ្នាហើយថែមទាំងជួយគ្នាទៅវិញទៅមកក្នុងការស្លៀកពាក់ឲ្យគ្នាទៀតផង រហូតធ្វើឲ្យអ្នកគាំទ្រកម្ពុជា ភ្ញាក់ផ្អើលយ៉ាងខ្លាំងថែមទាំងតាមដានប្រវត្តរបស់ យ័ញជីវលិញ ទៀតផង៕

អត្ថបទ៖ Tep Sovannmoly