ជិតចូលឆ្នាំហើយ! មកដឹង ទេវតាឆ្នាំនេះព្រះនាមអ្វី ចូលម៉ោងប៉ុន្មាន ទ្រង់សោយអ្វីជាអាហារ គង់លើសត្វអ្វី?

  • 2022-04-01 07:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ កាលណាថ្ងៃសង្ក្រាន្តត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រលើខ្នង គជសារ (សត្វដំរី)។

• ថ្ងៃចូលឆ្នាំថ្ងៃទី១ ត្រូវនឹងថៃ្ងព្រហស្បតិ៍១៣កើតខែចេត្រ ថ្ងៃទី១៤ខែមេសាគ.ស.២០២២វេលាម៉ោង១០:០០នាទីព្រឹកជាថ្ងៃចូលឆ្នាំខាលត្រីស័ក ជាថ្ងៃវារៈមហាសង្ក្រាន្ត។

• ថ្ងៃចូលឆ្នាំថ្ងៃទី ២ ត្រូវនឹង ថ្ងៃសុក្រ ១៤កើតខែ ចេត្រ ត្រូវនឹងថ្ងៃទី១៥មេសាគ.ស.២០២២ ជាថ្ងៃវារៈវន័បត។

• ថ្ងៃចូលឆ្នាំថ្ងៃទី ៣ត្រូវនឹងថ្ងៃសៅរ៍១៥កើតខែចេត្រូត្រូវនឹងថ្ងៃទី១៦ខែមេសាគ.ស.២០២២នៅវេលាម៉ោង១៣និង ៤៩នាទី៤៨វិនាទីជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៌ចូលជាសកលឆ្នាំខាល ចត្វាស័ក មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤ តទៅ។

នៅក្នុងឱកាសសង្គ្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំ ពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិយជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មត្ត ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យ បានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។

ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អ៉ឹម បូរិន្ទ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី