អ្នក​ជំនាញ៖ MV បទ​ «អ្នក​ចម្បាំង» ​ចំណាយ​​ការ​ថត​មិន​តិច​ទេ​តែ​ប្រិយមិត្ត​គួរ​​ចាប់អារម្មណ៍​​ត្រង់​...

  • 2022-04-11 07:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ MV បទ​ «អ្នក​ចម្បាំង​»​​ បាន​លេច​ចេញ​ជា​រូប​រាង​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជា​មួយ​បច្ចេកទេស​ថត​ និង​គុណភាព​នៃ MV ​​រឹត​តែ​ពិសេស​ទៀត​នោះ​គឺ អត្ថន័យ​ នៃ​ MV ជា​មួយ និង​​ អត្ថន័យ​នៃ​ការ​សរសេរ​​គឺ​ជ្រាលជ្រៅ​ ​ក្នុង​គោលបំណង​លើក​តម្កើង​​ ក្បាច់​គុន​ល្បុក្កតោ​ ឲ្យ​ពិភព​លោក​បាន​ឃើញ​។ ទាក់​ទង​ការ​ថត​នេះ​ដែរ​​លោក អ៊ូ​ តារា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​​ល្បុក្កតោ​កម្ពុជា​​បាននិយាយ​ថា «​ MV នេះ​បើ​មើល​ទៅ​គុណភាព​វីដេអូ​គឺ​ចំណាយ​មិន​តិច​ទេ ​តែ​​ខ្ញុំ​ចង់​ប្រិយមិត្ត​គួរ​​ចាប់អារម្មណ៍​​​ទៅ​លើ​គុណភាព​ ខ្លឹមសារ និង​ចាប់អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ជា​គុណតម្លៃ​របស់​វា​វិ​ញ​ជា​ជាង​គិត​តែ​លើ​ការ​ចំណាយ​​តិច​ឬ​ច្រើន​»។

រូប​ថត៖ អគ្គនាយកដ្ឋាន​

​​បើ​តាម​លោក​ អ៊ូ តារា អគ្គលេខាធិការ​​រង​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​បទ​នេះ​​សម្រាប់​ការ​ផលិត​ទំនុក​​ភ្លេង និង​ទំនុក​ច្រៀង​បាន​ចាប់​ផ្ដើម​ផលិត​កាល​អំឡុង​ខែ​​សីហា ​ឆ្នាំ​២០២១។ «​យើង​ផលិត​អំឡុង​​ខែ​៨ ឬ​ ខែ​៩ ហើយ​ដល់​ខែ​១១ ខាង​ផលិត​កម្ម “ REAM Production ” ក៏​ចាប់​ផ្ដើម​បំផុស​ឲ្យ​មាន​ការ​ផលិត​ MV ឡើង។ ​ក្រោយ​មក​យើង​ក៏​បាន​ផលិត​​ចប់​នៅ​ចុង​ឆ្នាំ​២០២១។ ប៉ុន្តែ​ខាង​ផលិតកម្ម​គេ​បាន​កំណត់​ថា ត្រូវ​រង់​ចាំ​ពេលវេលា​សមស្រប​ណា​មួយ​ ទើប​សម្រេច​បញ្ចេញ​ MV ឡើង​ ហើយ​យើង​ឃើញ​ថា ជិត​ចូល​ឆ្នាំ​ហាក់​សមស្រប​​ទើប​យើង​បញ្ចេញ​នៅ​ពេល​នេះ​​តែ​ម្ដង​»។

​​​​សម្រាប់​ទីតាំង​នៃ​ការ​ថត​អគ្គលេខាធិការ​​ខាង​លើ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា «ដោយ​មាន​ការ​សហការ​​ និង​ជួយ​ជ្រោមជ្រែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី គណៈកម្មការ​ជាតិ​រៀបចំ​ស៊ីហ្គេម​ឆ្នាំ​២០២៣ និង​អាជ្ញាធរ​ជាតិ​ អប្សរា​ ​​បាន​សម្រួល​ដល់​ការ​ចុះ​ថត ដោយ​យើង​​បាន​​ជ្រើស​​រើស​យក​ទីតាំង ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្បាច់​គុន​ ​សិល្បៈ​កង​ទ័ព សម័យ​បុរាណ​អីហ្នឹង​​​​គឺ​យើង​ដាក់​​​បញ្ចូល​​នៅ​ក្នុង​ផ្ទាំង​ទស្សនីយភាព​​ MV ហ្នឹង​ទាំង​អស់​​ ដែល​​ទី​តាំង​នៃ​ការ​ចុះ​ថត​មាន​នៅ​​ក្នុង​ និង​ក្រៅ​ប្រាសាទ​អង្គរវត្ត​, ប្រាសាទ បាយ័ន​ , ​​ប្រាសាទ ភិមាន​អាកាស, ​លាន​ជល់​ដំរី, ទីតាំង​ទេសចរណ៍​យើង​ទៅ​ដល់​លើ​​ភ្នំ​គូលែន​ និង​ប្រាសាទ​​ទន្លេបាទី​»។

លោក​បន្ថែម​ថា គោលបំណង​នៃ​ការ​​ផលិត​ MV នេះ​ឡើង​ គឺ​ចង់​ឲ្យ​មហាជន​ ដែល​បាន​ឃើញ​ MV ទទួល​បាន​ចំណេះដឹង​​​ពី​​សម្បត្តិ​​បេតិកភណ្ឌ​ជាតិ​​មួយ​​នេះ និង​ពិសេស​ចង់​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​​​ និង​រចនាបថ​ក្បាច់​គុន​ដ៏​អស្ចារ្យ​មាន​នៅ​លើ​​ប្រាង្គ​ប្រាសាទ​​ខ្មែរ​​។ ​ទាក់​ទង​ក្រុម​ការងារ​ផលិត​​មាន​សមាជិក​ចំនួន​៥៩ នាក់​​​ក្នុង​នោះ​មាន​ក្រុម​ការងារ​បច្ចេកទេស​​ និង​មួយ​ចំនួន​ធំ​ជា​កីឡាករ​ជម្រើសជាតិ​ល្បុក្កតោ​​កម្ពុជា​៕

​ចង់​ដឹង​ថា MV នេះ​ឡូវ​កម្រិត​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម