ប្រវត្តិការកសាងវត្តឈើខ្មៅ! អាយុ១៣៥ឆ្នាំ និងបាតុភូតចម្លែកនៃវត្តដ៏ស័ក្ដិសិទ្ធិនេះ លើដៃបឹងទន្លសាបធំល្វឹងល្វើយ

  • 2022-04-22 06:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ដឈើខ្មៅដែលអាយុកាលប្រមាណ១៣៥ឆ្នាំគឺ ជាវត្ដបុរាណមួយមានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង ។វត្តនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ១៨៨៧ ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ លើទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួល អណ្ដែត។

នៅក្នុងកំឡុងពេល រដូវប្រាំងព្រះវិហារក្នុងវត្តនេះ មើលទៅហាក់បីដូចជា ប្រាង្គប្រាសាទមួយដែលលេចចេញកណ្ដាលព្រៃ ដ៏គួរឪ្យទាក់ទាញជាទីបំផុត។ បើនៅក្នុងរដូវវស្សាវិញហាក់ដូចជាប្រាសាទផុសចេញពីក្នុងផ្ទៃទឹក នៅកណ្តាលតំបន់ព្រៃរនាមបឹងទន្លេសាប ។កាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅតែម្តង។

មកទល់ពេលបច្ចុប្បន្ននេះវត្តឈើខ្មៅពុំសូវមានភ្ញៀវទេសចរទៅដល់នោះឡើយ ដូចដែលយើងដឹងស្រាប់ហើយ អំពីការធ្វើដំណើរមានភាពពិបាកខ្លាំង ដាច់ស្រយាលនៅតាមបណ្តោយផ្ទៃទឹកដ៏វែងឆ្ងាយ នៃព្រៃរនាមបឹងទន្លេសាប។តែប្រសិនបើភ្ញៀវទេសចរចង់ធ្វើដំណើរកម្សាន្តទៅកាន់តំបន់នេះគឺត្រូវចំណាយពេលដោយមធ្យោបាយ កាណូត អូប័រ ឬក៏ស្មាច់ ដោយប្រើរយៈ ពេលប្រហែល ៤ ម៉ោង ឬ ៥ម៉ោងនៅរដូវវស្សា តាមដងស្ទឹងសង្កែដែលជាដៃរបស់បឹងទន្លេសាប។

សូមជម្រាបថា វត្តឈើខ្មៅនេះមានអាយុកាលប្រមាណជា ១៣៥ ឆ្នាំមកហើយ មានប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមផ្ទះអណ្តែតទឹកស្ថិតក្នុង ឃុំព្រៃចាស់ និង ឃុំកោះជីវាំង ស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និង នៅតែមានជំនឿលើបារមីរបស់ព្រះពុទ្ធរូបនៅក្នុងព្រះវិហារវត្តឈើខ្មៅឬទួលអណ្តែតនេះ មិនដាច់នោះឡើយ៕

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី