Power Bank ប្រភេទណាដែលគួរជ្រើសរើស? នេះជាអ្វីដែលអ្នកគួរដឹងមុននឹងចំណាយលុយទិញ

  • 2022-05-03 03:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន Power Bank ប្រហែលជាមិនសូវពេញនិយមដូចកាលប៉ុន្មានឆ្នាំមុនឡើយ ព្រោះទូរសព្ទនាពេលនេះមានសមត្ថភាពប្រើប្រាស់បានពេញមួយថ្ងៃយ៉ាងស្រួល។ យ៉ាងណាក៏ដោយ Power នៅតែមានតម្រូវការ សម្រាប់អ្នកដែលប្រើទូរសព្ទច្រើន ឬធ្វើដំណើរទៅទីដែលគ្មានកន្លែងសាកជាដើម។ ដោយសារបច្ចេកវិទ្យាឈានទៅមុន ការជ្រើសរើស Power Bank មិនត្រឹមតែមើលលើរូបរាង និងកម្លាំងផ្ទុករបស់វានោះទេ ផ្ទុយទៅវិញ ប្រភេទរន្ធសាក និងបច្ចេកវិទ្យាសាក ក៏ត្រូវមើលជាចាំបាច់ដូចគ្នា។

ខាងក្រោមនេះជាចំណុចសំខាន់ៗដែលអ្នកគួរពិចារណា នៅពេលទិញ Power Bank ថ្មី៖

១. កម្លាំងផ្ទុក ទំហំ រូបរាង ទម្ងន់

កម្លាំងផ្ទុកដែលមាននៅលើ Power Bank មានខ្នាតជា mAh ហើយចំនួនមួយនេះកាន់តែច្រើន មានន័យថាសាកទូរសព្ទបានកាន់តែច្រើនដង។ អ្នកគួរពិចារណាជ្រើសរើសយក ម៉ូឌែលណាមួយដែលមានកម្លាំងផ្ទុកយ៉ាងតិចណាស់ ២ដងនៃកម្លាំងថ្មរបស់ទូរសព្ទអ្នក។ ឧទាហរណ៍ខ្ញុំប្រើទូរសព្ទ 4000mAh ដូច្នេះខ្ញុំគួរជ្រើសរើសយក Power Bank ទំហំ 8000mAh ឡើងទៅ។

ទន្ទឹមនឹងនោះ ទំហំផ្ទុកក៏ត្រូវសមាមាត្រគ្នាជាមួយនឹងទំហំ និងទម្ងន់ជាក់ស្តែងដែរ អ្នកគួរជ្រើរើស Power Bank ដែលមានរូបរាងតូច និងស្រាលទើបជាការល្អ។

២. ប្រភេទរន្ធសាក

រន្ធបញ្ចេញថាមពលរបស់ Power Bank មានភាពខុសគ្នាទៅតាមសម័យកាល ដោយមានតាមលំដាប់លំដោយដូចខាងក្រោម៖

  • USB-A៖ រន្ធនេះសំដៅលើរន្ធដែលបញ្ចេញថាមពលឲ្យខ្សែសាកទូរសព្ទ។ វាអាចចាត់ទុកថាជារន្ធបុរាណមួយហើយ ព្រោះវាត្រូវបានបង្កើត និងប្រើប្រាស់ឡើង តាំងពីជាង១៥ឆ្នាំមុនមកម្លេះ។ បច្ចុប្បន្នយើងមិនសូវឃើញមានទូរសព្ទជំនាន់ថ្មីណាដែលនៅប្រើដុំសាកដែលមានរន្ធបញ្ចេញភ្លើងជាប្រភេទ USB-A ទៀតឡើយ។ រន្ធបញ្ចេញនេះបើមានច្រើនរន្ធជាការល្អ ព្រោះអ្នកអាចសាកឧបករណ៍ពីរក្នុងពេលតែ ១បាន។

  • Micro/Mini-USB៖ រន្ធនេះគេសំដៅលើរន្ធសាកបញ្ចូលវិញទៅក្នុង Power Bank។ រន្ធនេះហាក់ដូចជាហួសសម័យបន្តិច ព្រោះសម័យនេះគេប្តូរមកប្រើប្រាស់រន្ធប្រភេទ USB-C ដែលអាចប្រើបានទាំងសម្រាប់សាកបញ្ចូល និងបញ្ចេញថាមពល។

  • USB-C៖ ដូចដែលបានលើកឡើងមកខាងលើ រន្ធនេះអាចប្រើបានទាំងសម្រាប់សាកបញ្ចូល និងបញ្ចេញថាមពល។ គេឃើញមានរន្ធនេះនៅលើឧបករណ៍ដែលផលិតក្រោយឆ្នាំ ២០១៧ ឬ២០១៨ឡើងទៅ។ លក្ខណៈពិសេសរបស់វាគឺអាចបញ្ចូនភ្លើងបានលឿន។ សម្រាប់ Power Bank ខ្លះមានរន្ធ Type C តែ១សម្រាប់សាកបញ្ចូលផង និងបញ្ចេញថាមពលផង។

  • Wirless Charge៖ មាន Power Bank មួយចំនួនគាំទ្របច្ចេកវិទ្យានេះ អ្នកប្រើប្រាស់គ្រាន់តែយកទូរសព្ទទៅដាក់ពីលើវាជាការស្រេច។ ដោយឡែកទូរសព្ទរបស់អ្នកក៏ត្រូវគាំទ្រមុខងារសាកថ្មឥតខ្សែនេះផងដែរ។

អញ្ចឹងបន្ទាប់ពីស្គាល់ប្រភេទរន្ធរួចមក អ្នកត្រូវគិតថាទូរសព្ទរបស់យើងប្រើប្រាស់រន្ធសាកមួយណា ហើយដុំសាកដែលអ្នកកំពុងមាននោះជាប្រភេទអ្វី? ជាឧទាហរណ៍ អ្នកកំពុងប្រើប្រាស់ទូរសព្ទដែលមានរន្ធ USB-C ដូច្នេះអ្នកគួររើសយក Power Bank ដែលមានរន្ធសាកបញ្ចូលជាប្រភេទ C ផងដែរ ព្រោះអ្នកអាចប្រើខ្សែតែមួយសម្រាប់សាកទូរសព្ទផង និង Power Bank ផង។ ប៉ុន្តែបើអ្នកប្រើទូរសព្ទ Type C ហើយ Power Bank មានរន្ធសាកជា Micro USB នោះអ្នកនឹងត្រូវស្ពាយខ្សែពីរតាមខ្លួន។

ទន្ទឹមនឹងនោះតម្លៃរបស់វាក៏ខុសគ្នាទៅតាមនោះដែរ ជាក់ស្តែង Power Bank ដែលមានរន្ធសាកបញ្ចូលជាប្រភេទ Micro-USB និងរន្ធបញ្ចេញជាប្រភេទ USB-A តែងមានតម្លៃធូរជាង Power Bank ដែលមានរន្ធសាក និងបញ្ចូលជាប្រភេទ USB-C ហើយថ្លៃជាងគេនោះគឺ Power Bank ដែលមានមុខងារសាកថ្មឥតខ្សែ។

៣. បច្ចេកវិទ្យាសាកថ្ម

បន្ទាប់ពីស្គាល់រន្ធសាក យើងត្រូវពិចារណាអំពីបច្ចេកវិទ្យាខាងក្នុងរបស់វាដែរ។ បច្ចេកវិទ្យាកាន់តែទំនើប ទូរសព្ទនឹងកាន់តែសាកបញ្ចូលបានលឿន ជាពិសេសនោះគឺសុវត្ថិភាពនៃការប្រើប្រាស់។ ទូរសព្ទនីមួយៗចេញពីក្រុមហ៊ុនផ្សេងៗគ្នា គាំទ្រមុខងារសាកថ្មល្បឿនលឿនខុសគ្នា តួរយ៉ាងមានដូចជា Qalcomm Quick Charge , Dash Charge, Super Vooc ជាដើម។ អញ្ចឹងអ្នកត្រូវស្វែងយល់ពីទូរសព្ទ និង Power Bank ដែលអ្នករៀបនឹងទិញ ហើយបើមិនច្បាស់ទេ អ្នកអាចសួរទៅកាន់លក់ ជៀសវាងចំណាយប្រាក់ច្រើនទិញរបស់ ដែលលើសពីសមត្ថភាពទូរសព្ទទទួលយកបាន។

សរុបមកវិញ ក្រៅពីរូបរាងរបស់វា អ្នកត្រូវពិចារណាទៅលើប្រភេទរន្ធសាកថ្ម និងបច្ចេកវិទ្យារបស់វាផងដែរ ដើម្បីឲ្យការចំណាយលុយរបស់អ្នកបានត្រឹមត្រូវ និងចំគោលដៅ។

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម