ជម្រើស iPad ដែលគួរទិញ តម្លៃចាប់ពីខ្ទង់ ៤០០ ដុល្លារ! ហើយ iPad ទាំងនេះខុសគ្នាត្រង់ណា មួយណាដែលត្រូវនឹងអ្នក?

  • 2022-05-05 03:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad មិនមែនដើរតួតែជាឧបករណ៍សម្រាប់កម្សាន្តតែមួយមុខនោះទេ ទន្ទឹមនឹងនោះវាក៏បំពេញការងារ ការរៀនសូត្រ បានមួយផ្នែកធំផងដែរ។ ចំពោះម៉ូឌែលខ្លះ វាសឹងតែអាចជំនួសកុំព្យូទ័របានទៅហើយ ប្រសិនបើយើងមានគ្រប់គ្រឿងបរិក្ខាបន្ថែម។ ថ្ងៃនេះ Sabay នឹងលើកយក iPad ម៉ាស៊ីនថ្មី ដែលកំពុងដាក់លក់លើទីផ្សារមកបង្ហាញជូន ហើយយើងនឹងពន្យល់ថាតើ iPad នីមួយៗខុសគ្នាបែបណា ហើយមួយណាដែលអ្នកគួរជ្រើសរើស។ តោះទៅតាមដានទាំងអស់គ្នា៖

១. iPad 10.2 (9th Gen)

នេះជាត្រកូល iPad ដែលមានអាយុច្រើនជាងគេ និងនាំឲ្យមានត្រកូល iPad ផ្សេងៗមកជាហូរហែរ។ សម្រាប់ពេលនេះ iPad 10.2 ក្លាយជា iPad ដែលសាមញ្ញជាងគេបំផុត ប៉ុន្តែមានកម្លាំងម៉ាស៊ីនខ្លាំង ប្រើឈីប A13 ដូចគ្នានឹង iPhone 11 ជាមួយនឹង Software ទាន់សម័យអាចបន្តកំណែអាប់ឌែតបានយូរបន្តទៀត។ iPad 10.2 (9th Gen) ស័ក្កសមបំផុតសម្រាប់អ្នកដែលកំពុងត្រូវការ iPad មួយមកប្រើលើការងារស្រាលៗ កម្សាន្ត រៀនអនឡាញ ទុកសម្រាប់ចាស់ៗប្រើ ហើយមិនចង់ចំណាយលុយច្រើន។

iPad 10.2 (9th Gen)

ប្រសិនបើអ្នកត្រូវការប្រើវាដើម្បីការងារធ្ងន់ វាអាចធ្វើបាន ប៉ុន្តែគ្រឿងបរិក្ខារបស់វាមានតិច ដោយសាររន្ធសាកថ្មរបស់វាជាប្រភេទ Lightning (រន្ធសាក iPhone) មិនមែនជាប្រភេទ Type C ដូច iPad ដទៃ អញ្ចឹងហើយអ្នកប្រហែលជាពិបាកប្រើបន្តិចសម្រាប់ការងារ ប៉ុន្តែបើសម្រាប់ការកម្សាន្ត វាលើសពីតម្រូវការរបស់អ្នកទៅទៀត។ iPad 10.2 (9th Gen) ដាក់លក់នៅក្នុងទីផ្សារស្រុកយើងក្នុងតម្លៃប្រហែក ៤២០ដុល្លារ សម្រាប់ទំហំផ្ទុក 64GB និងតម្លៃ ៥៥០ដុល្លារសម្រាប់ម៉ូឌែល 128GB។

iPad 10.2 (9th Gen)

២. iPad Air 4

iPad Air 4 ជាជម្រើសបន្ទាប់ពី iPad 10.2 (9th Gen)។ វាមានលក្ខណៈសម្បត្តិលើសម៉ូឌែលខាងលើច្រើន ទាំងរូបរាងទាន់សម័យ អេក្រង់ច្បាស់ទំហំ ១១អ៊ីញ ឈីបថ្មី រន្ធសាកជាប្រភេទ Type C និងជាពិសេសនោះគឺវាមានរូបរាងដូច iPad Pro 11 ដែលមានន័យថាអ្នកអាចប្រើគ្រឿងបរិក្ខារបស់ iPad Pro បាននៅលើនេះ។

iPad Air 4

ចំពោះកម្លាំងម៉ាស៊ីនវាប្រើឈីប A14 ដូច្នេះហើយការងារមួយចំនួន ឬលេងហ្គេមធំៗនៅមិនចោទជាបញ្ហានោះទេ។ អ្នកអាចរកទិញវាបានក្នុងស្រុកយើងក្នុងតម្លៃក្រោម ៦០០ដុល្លារ សម្រាប់ម៉ូឌែល 64GB។

iPad Air 4

៣. iPad Mini 6

iPad Mini 6 មានរូបរាងដូច iPad Air 4 ដែរ ប៉ុន្តែមានទំហំតូចត្រឹម ៨,៦អ៊ីញសម្រាប់អ្នកដែលចង់បាន iPad ទំហំតូចងាយយកតាមខ្លួន ក្នុងកញ្ចប់កម្លាំងម៉ាស៊ីនខ្លាំង។ និយាយពីកម្លាំងម៉ាស៊ីន វាបំពាក់ដោយឈីប A15 ចុងក្រោយបង្អស់ដូចគ្នានឹងឈីបដែលបំពាក់លើ iPhone 13។

iPad Mini 6

ចំពោះតម្លៃរបស់វា អ្នកអាចរកទិញបានក្នុងស្រុកយើងក្នុងតម្លៃ ៥៩៩ដុល្លារសម្រាប់ម៉ូឌែល 64GB និងម៉ូឌែល 128GB ក្នុងតម្លៃ ៧៥៩ដុល្លារ។

iPad Mini 6

៤. iPad Air 5

ចាប់ពីនេះទៅ វានឹងក្លាយជាកូនកាត់កុំព្យូទ័រដ៏ល្អ! iPad Air 5 ជាកំណែអាប់ឌែតដ៏ធំពីលើលើ iPad Air 4 ពោលគឺបានផ្លាស់ប្តូរពីការប្រើឈីបទូរសព្ទ A14 មកជាឈីបកុំព្យូទ័រ Apple M1 តែម្តង។ ការផ្លាស់ប្តូរនេះបានបន្ថយគម្លាតរវាង iPad Air និង iPad Pro ឲ្យកាន់តែជិតគ្នា។

iPad Air 5

នៅលើនេះអ្នកអាចប្រើគ្រឿងបរិក្ខារបស់ iPad Pro ដូចជា ក្តារចុចវេទមន្ត ( Magic Keyboard ) ខ្មៅដៃ Apple និងមានរន្ធសាកជាប្រភេទ Type C អាចភ្ជាប់ជាមួយ Dongle ទៅឧបករណ៍បន្ថែមផ្សេងៗទៀតជាច្រើន។ តម្លៃខ្លួនរបស់វានៅក្នុងស្រុកមានតម្លៃ ៧២៩ដុល្លារសម្រាប់ម៉ូឌែល 64GB និងម៉ូឌែល 128GB មានតម្លៃ ៨៩៩ដុល្លារ។

អានបន្ថែម៖

iPad Air 5

៥. iPad Pro 11

iPad Pro 11 អាចហៅបានថាជាជើងខ្លាំងក្នុងចំណោមអ្នកខ្លាំង! ប្រសិនបើអ្នកចង់បាន iPad មួយដែលអាចរា៉ប់រងគ្រប់ការងារធំៗ មានមុខងារទំនើបបំផុត ល្អបំផុតគ្រប់ផ្នែក ហើយតម្លៃមិនមែនជាបញ្ហា នោះវាជាជំរើសទី១របស់អ្នកតែម្តង។ ចំណុចពិសេសរបស់វាដែលលើសពី iPad Air 5 មានដូចជារូបរាងអេក្រង់ស៊ិចស៊ីជាង បង្ហាញរូបបានរអិលល្បឿន 120Hz កាមេរ៉ាក្រោយភ្លោះ មានសេនស័រវាស់ 3D និងមានរន្ធ USB-C ជាប្រភេទ Thunderbolt កូពីបានលឿនជាង USB-C ធម្មតា។ បន្ថែមពីនេះទំហំផ្ទុករបស់វា អ្នកអាចជ្រើសរើសបានដល់ទៅ 2TB ឯណោះ ដែលមិនមាន iPad ក្រៅពីស៊េរី Pro ណាអាចធ្វើបាន។

iPad Pro 11

តម្លៃខ្លួនរបស់ iPad Pro 11 ដាក់លក់ក្នុងស្រុកយើងតម្លៃចាប់ពី ៨៨៩ដុល្លារចំពោះម៉ូឌែល 128GB និងម៉ូឌែល 256GB មានតម្លៃ ៩៨៩ដុល្លារ។

iPad Pro 11

អានបន្ថែម៖ ប្រយ័ត្នសម្រេចចិត្តខុស! ហេតុអ្វីត្រូវចំណាយលុយទិញ iPad Air5 ជាជាង iPad Pro?

៦. iPad Pro 12.9

iPad Pro 12.9 ជាជម្រើសបន្ទាប់ ពី iPad Pro 11 ហើយក៏ជាកំពូល iPad ដែលខ្លាំងជាងគេបំផុត។ iPad Pro 12.9 មានអេក្រង់ទំហំ ១២,៩អ៊ីញ បើមើលលេខក្នុងក្រដាស វាហាក់ដូចខុសគ្នាបន្តិចប៉ុណ្ណោះសម្រាប់ទំហំ ប៉ុន្តែបើយើងបានកាន់ជាក់ស្តែង iPad Pro 12.9 ធំសឹងតែដូចកាន់កូនទូរទស្សន៍មួយទៅហើយ។ ក្រៅពីទំហំអេក្រង់ បន្ទះបង្ហាញរបស់វាក៏លើសគេដែរ ពោលគឺជាប្រភេទ Mini LED បង្ហាញពណ៌ដិតល្អ។

iPad Pro 12.9 vs iPad Pro 11

iPad មួយនេះ ស័ក្កិសមសម្រាប់អ្នកដែលត្រូវការ Spec របស់ iPad Pro ហើយចង់បានអេក្រង់ធំបំផុត។ តម្លៃខ្លួនរបស់វាដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃ ១ ២៥០ដុល្លារសម្រាប់ទំហំផ្ទុក 128GB និងសម្រាប់ម៉ូឌែល 256GB ដាក់លក់ក្នុងតម្លៃ ១ ៣៥០ដុល្លារ។

iPad Pro 12.9

សរុបមកវិញ iPad ដែលកំពុងដាក់លក់លើទីផ្សារសព្វថ្ងៃក្នុងប្រទេសយើង គឺបំពេញតម្រូវការបានគ្រប់គ្នាតែម្តង ជាក់ស្តែង iPad 9th មានតម្លៃធូរជាងគេសម្រាប់អ្នកប្រើលើការងារស្រាល បន្ទាប់មក iPad Mini សម្រាប់អ្នកត្រូវការទំហំអេក្រង់តូច និងម៉ូឌែលខ្លាំងបំផុត iPad Pro 12,9 សម្រាប់អ្នកចង់បានរបស់ល្អបំផុត។ ដោយឡែកចំពោះការប្រើប្រាស់ទូទៅនោះ iPad Air 4 និង 5 គឺជាជម្រើសដ៏ល្អជាងគេ មិនខ្សោយពេក មិនខ្លាំងពេក រូបរាងស៊ិចស៊ី ហើយតម្លៃក៏សមរម្យ និងស្ថិតនៅចំកណ្តាលនៃ iPad មធ្យម និង iPad កំពូល ។

ចំពោះតម្លៃខាងលើគឺជាតម្លៃរបស់ម៉ាស៊ីន Wifi ដូច្នេះបើអ្នកមិនចូលចិត្តប្រើ Wifi អ្នកអាចរើសយកម៉ូឌែល 4G និង 5G ដែលមានតម្លៃលើសគ្នាគួរសម៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី