​​ញាក់សាច់​​ពេល​ដឹង​តម្លៃ​ពាន​ WORLD CUP ផលិត​ពី​មាស​សុទ្ធ​កំពុង​ស្ថិត​នៅ​​ទឹក​ដី​កម្ពុជា​​

  • 2022-06-15 07:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​បាល់ទាត់​ពិភពលោក​ FIFA WORLD CUP ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​ជាង ៦គីឡូក្រាម បាន​ដឹក​តាម​ជើង​ហោះ​ហើរ​ឯក​ជន​ពិសេស (Private Jet)​ ដែល​ពាន​រង្វាន់​​នេះ​​មាន​តម្លៃ ​ទាំង​ការធានា​រ៉ាប់រង​ប្រមាណ​ ២០០​លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​តាម​​ការ​បង្ហោះ​ឲ្យ​ដឹង​តាម​រយៈ​ Page ផ្លូវ​ការ​របស់​​សម្ដេច​អគ្គមហាសេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

​ក្នុង​ការ​​​មក​ដល់​នៃ​ពាន​ដ៏​មាន​តម្លៃ​​មួយ​នេះ​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​បាន​អញ្ជើញ​​ចូល​រួម​ដើម្បី​អបអរ​សាទរ​ ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់​ពិភព​លោក (FIFA WORLD CUP) ឆ្លង​កាត់​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​។ ការ​មក​ដល់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក ដែលមាន​តម្លៃ ទាំង​ការ​ធានា​រ៉ាប់រង​ប្រមាណ ២០០​លាន​ដុល្លារ ​នេះ ធ្វើ​ឡើង​ក្រោម​កម្មវិធី​ដំណើរ​គោចរ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក ដើម្បី​អបអរ​សាទរ​ ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​ពិភព​លោក នា​ខែ​ធ្នូ ឆ្នាំ២០២២ ​នៅ​ទី​ក្រុង​ដូហា ប្រទេស​កាតា។

កម្ពុជា​នឹង​រៀប​ចំនូវ​ព្រឹត្តិការណ៍​មួយ​ចំនួន​ជា​ការ​ស្វាគមន៍ នៃ​ការ​មក​ដល់​ពាន​បាល់ទាត់​ពិភព​លោកនេះ​។ ព្រឹត្តិការណ៍​នោះ​រួមមាន៖ ក្បួន​ដង្ហែ​ពាន​រង្វាន់​ពី​ព្រ​លាន​ យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​កាន់​វិមានសន្តិភាព, ពិធីទទួលស្វាគមន៍​ និងលើកពានរង្វាន់ពិភពលោក ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេច​តេជោ ហ៊ុន សែន ​នៅ​វិមាន​សន្តិភាព។ ​គណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹង​រៀប​ចំ​ពិធី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ជាមួយ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក នៅ​ពហុ​កីឡដ្ឋានជាតិ​មរតកតេជោ ​ចាប់​ពី​ម៉ោង​ ​១រសៀល រហូតដល់ម៉ោង ១០យប់ ​អមដោយ​តន្ត្រី​សម័យ​កំដរ​ផងដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​