ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ លើកប្រវត្តិសំខាន់កូនខ្មែរគួរដឹង អំពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

  • 2022-06-17 08:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៧ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ គិតចាប់ពីឆ្នាំបង្កើតរហូតមកដល់ពេល​បច្ចុប្បន្ន សាលានេះ បាន​បង្កើតប្រវត្តិសាស្ត្រជាទីចងចាំដល់មនុស្សជា​ច្រើន ពិសេសកូនខ្មែរដែលស្រឡាញ់វិស័យសិល្បៈគ្រប់ទម្រង់។

ដោយមានបទពិសោធច្រើនលើវិស័យនេះ បូករួមនឹងចំណេះដឹងស៊ីជម្រៅ តាមរយៈការយល់ដឹងផ្ទាល់ ផ្សំនឹងការស្រាវជ្រាវយ៉ាងលម្អិតផងនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ក៏បាន សរសេរជាសំណេរយ៉ាងក្បោះក្បាយ ដោយរៀបរាប់លម្អិតនូវប្រវត្តិរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មាន​ដូចខាងក្រោម៖

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ សាកលវិទ្យាល័យត្រូវបានពួកខ្មែរក្រហមបង្ខំអោយបិទទ្វារលែងដំណើរការ។ ប៉ុន្តែនៅឆ្នាំ១៩៨០ សាកលវិចិត្រសិល្បៈនេះ បានបើកទ្វារឡើងវិញដោយមានបង្រៀនមុខវិជ្ជា សិល្បៈសូន្យរូប សៀក របាំ ភ្លេង និងល្ខោន។

(ត្រង់ចំណុចនេះ ឯកឧត្តមសូម អធិប្បាយចំពោះតែ ផ្នែកតូរ្យតន្ត្រី នៃសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ១៩៦៥ តែប៉ុណ្ណោះ)

ថ្វីត្បិតតែជាមហាវិទ្យាល័យ ក៏ប៉ុន្តែកម្រិតសិក្សាពិតប្រាកដ មិនចំជាកម្រិតមហាវិទ្យាល័យតូរ្យតន្ត្រីនោះឡើយ ព្រោះថាការបើកទ្វារទទួលសិស្ស គឺសិស្សដែលពុំទាន់បានរៀនតន្រ្តី ពីថ្នាក់បឋម និងបញ្ចប់ថ្នាក់ វិទ្យាល័យតូរ្យតន្ត្រី នោះឡើយ គឺមានន័យថាទទួលសិស្ស ដែលពុំទាន់ចេះ និងស្គាល់អំពីតន្រ្តីអ្វីបន្តិចសោះ ដោយពួកគេមានត្រឹមតែស្រឡាញ់តន្ត្រីតែប៉ុណ្ណោះ ហើយអាយុពួកគេលើសពី ២០ឆ្នាំទៅហើយ។

ជំនាញតន្រ្តីដែលមានក្នុងពេលនោះ ជាប្រភេទតន្រ្តី អភិជន (Classical Music ) រួមមានគ្រឿង កូត ចុច ដំ ផ្លុំ ចម្រៀងជាពួក។

•ប្រភេទគ្រឿងខ្សែ ដូចជាវិយូឡុង ភាគច្រើនគ្រូមកពីអាល្លឺម៉ង់ ខាងកើត

•គ្រឿងចុច ព្យ៉ាណូ (Piano) គ្រូមកពីប្រទេសបារាំង

•គ្រឿងផ្លុំ និង ដំ គ្រូមកពី បារាំង

•ចម្រៀងជាពួក គ្រូមកពីកូរ៉េខាងជើង

ចំពោះគ្រូបង្រៀនឧបករណ៍គ្រឿងផ្លូវ និង ដំ មានច្រើន ដោយកាលនោះកម្ពុជានៅក្រោមអាណានិគមបារាំង បារាំងមកត្រួតផ្នែករដ្ឋបាល ពួកគេបានយកវង់តន្ត្រីត្រែទ័ព នេះមកសម្រាប់ពិធីផ្លូវការនានា ដូច្នេះហើយកាលជំនាន់នោះនៅក្នុងព្រះបរមរាជវាំងមានកន្លែងហាត់ភ្លេងគ្រឿងផ្លុំនិងដំនៅតាមថែវរោង ដំរី និងមានព្រះញាតិវង្ស ជាច្រើនបានចូលលេងតន្ត្រីគឿងផ្លុំទាំងនោះ ផងដែរ។

ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ដល់១៩៧៩ សាកលវិទ្យាល័យទាំងមូលមិនខុសអំពីសាលា ឬសាកលវិទ្យាល័យដ៏ទៃទៀតត្រូវបានពួកប៉ុលពត បិទទ្វារ និងបណ្តេញអោយចាកចេញពីភ្នំពេញ ហើយធនធានមនុស្សភាគច្រើនត្រូវបានសម្លាប់ចោល។

  • ឆ្នាំ១៩៧៩ ក្រោយរំដោះ

សាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រមូលធនធានមនុស្ស ដែលនៅសេសសល់ពីការកាប់សំសម្លាប់ បើកសាលាទាំងអស់ឡើងវិញ ក្នុងនោះសាលាវិចិត្រសិល្បៈក៏បានបើកទ្វារទទួលសិស្សផងដែរ។

សាលាវិចិត្រសិល្បៈ បើកទ្វារ ឆ្នាំ១៩៨០ ធនធានដោយគ្រូកាលនោះពុំមានអតីតភាព ជាគ្រូ សាលាតូរ្យតន្ត្រី នោះទេ ក៏ប៉ុន្តែ ពួកគាត់ជាអតីត និសិត្ស រៀននៅសាកលវិទ្យាល័យមូមិន្ទវិចិត្រសិល្បៈ។

ការជ្រើសរើសសិស្សគ្រានោះ មាន៣ប្រភេទ៖

១.ប្រភេទដែលជាសិស្យចំណេះទូទៅ ចប់ឌីប្លូមជំនាន់លន់ ណុល

២. ប្រភេទសិស្សវិទ្យាល័យជំនាន់ លន់ ណុល

៣. ប្រភេទសិស្ស តូចៗ (អាចនិយាយថាសិស្ស ថ្នាក់បឋម)

  • ការបើកទ្វារសាលា និងការខ្វះខាត

កាលគ្រានោះ សាលាតូរ្យតន្ត្រីគ្មានឧបករណ៍អ្វីសម្រាប់អោយសិស្សរៀនទេកាលពីដំបូង លោកគ្រូ អ្នកគ្រូ ដើរប្រមូលព្យ៉ាណូ ដែលនៅសេសសល់យកមកដាក់ក្នុងថ្នាក់រៀន ហើយសិស្សទាំងអស់ចាប់ផ្តើមរៀន ពីរពេល ព្រឹករៀន តន្រ្តី និងល្ងាចរៀន ចំណេះដឹងទូទៅ។

ការរៀនតន្ត្រីនាពេលនោះ ក្រៅអំពីរៀនអក្សរភ្លេង និងទ្រឹស្តីតន្ត្រីបន្តិចបន្តួច សិស្សទាំងអស់ពុំបានរៀនឧបករណ៍តន្ត្រីឡើយ លើកលែងតែសិស្សរៀនឧបករណ៍ព្យ៉ាណូ ដែលមានអ្នកគ្រូ ចាន់ ណារី ដែលជាអតីតនិស្សិត សាកលវិទ្យាល័យ តូរ្យតន្រ្តី សល់ពីសម័យសង្គម។

ចំពោះសិស្ស ដែលរៀនផ្នែក កូត ផ្លុំ ដំ គឺមិនទាន់មានឧបករណ៍តន្រ្តីរៀននៅឡើយទេ។ ដូច្នេះសិស្ស នាពេលនោះគឺរៀន តែអក្សរភ្លេង ជាមួយ លោកគ្រូ ប៊ូឡេង, អ្នកគ្រូ អ៊ុច ស៊ុន, អ្នកគ្រូ ចាន់ ណារី និង រៀនអាម៉ូនី និងទ្រឹស្ដីតន្ត្រីជាមួយលោកគ្រូ គុជ វណ្ណនី, លោកគ្រូ ឃួនថន រៀនច្រៀងជាពួកជាមួយ លោកគ្រូ យ៉ាន់ ប៊ុនថាន់, លោកគ្រូ កែវ វណ្ណឌី។

ក្រោយមកមានជំនួយឧបករណ៍តន្ត្រីបានផ្តល់មកពីសហភាពសូវៀត វៀតណាម ឆេកូស្លូវ៉ាគី និង យូនីសេហ្វ។ ពេលនោះសិស្សមានឧបករណ៍តន្ត្រីកាន់ ខ្លះមួយកាន់គ្នា ៥នាក់ ៤នាក់ និង ២នាក់ ពុំសូវមានឧបករណ៍កាន់ ១ម្នាក់ឯងនោះឡើយ ដោយហេតុថាខ្វះខាតឧបករណ៍ ប្រើប្រាស់យ៉ាងខ្លាំង។

ចំពោះគ្រឿងកូត ដូចជាវីយូឡុងមានលោកគ្រូខ្មែរដែលជាអតីតនិសិត្ស សាលាភូមិន្ទវិចិត្រសិល្បៈ ជំនាន់មុនដូចជា៖

• វីយូឡុង មានលោកគ្រូ ប៉ុកទឹម ,លោកគ្រូ ញូងសារិន(នៅវង្សតន្រ្តីវិទ្យុជាតិ),លោក ឡៃ ហេង (វង់តន្រ្តីនាយកដ្ឋានសិល្បៈ)។

• Cello វីយូឡុងសែល បង្រៀនដោយលោកគ្រូ គុជ វណ្ណនី។

• ត្រុំប៉ែត បង្រៀនដោយ លោកគ្រូ ឃួនថន,លោកគ្រូ ម៉ា សាម៉ុន (វង្សតន្ត្រីវិទ្យុជា អតីតមន្រ្តីក ត្រែទ័ព,លោកគ្រូ សេកសឿន ,លោកគ្រូ សុវណ្ណ (មកពី វង្សតន្រ្តីនាយកដ្ឋានសិល្បៈ អតីត និសិត្ស សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ)។

• Saxophone បង្រៀនដោយលោកគ្រូ មិនសឿង (អតីត និសិត្ស សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ)។

• Clarinete បង្រៀនដោយលោកគ្រូ អ៊ុយ ហឿន អតីត និសិត្ស សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងជាតន្រ្តីករក្នុងវង់តន្រ្តី កងទ័ព។

• Fluit បង្រៀនដោយលោកគ្រូ អៀង សេងថៃ អតីត និសិត្ស សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។

ក្រោយមកឧបករណ៍វីយូឡុង និង ពិយ៉ាណូ អាក័រដេអុង បានគ្រូតន្ត្រីមកពី អភិរក្សដ្ឋានតន្រ្តី ពីប្រទេសវៀតណាម មកបង្រៀន លុះឆ្នាំ ១៩៨៥ មានគ្រូមកពីវៀតណាម មកបង្រៀនផ្នែក Clarinet អក្សរភ្លេង ទ្រឹស្តីតន្រ្តី អាម៉ូនីបន្ថែមទៀត។

នាពេលនោះសិស្សជំនាន់ទី ១ (ចូលរៀនឆ្នាំ១៩៨០) ត្រូវប្រឡងបាក់ឌុប ទាំង តន្ត្រី និងចំណេះដឹងទូទៅ ហើយពុំទាន់មាន ថ្នាក់ឧត្តមសិក្សាផ្នែកសិល្បៈនៅឡើយទេ និយាយដោយឡែក សាលាតន្ត្រីករ មិនទាន់មានថ្នាក់ឧត្តមសិក្សាដែរ សិស្សរៀនចប់មធ្យមសិក្សាត្រូវធ្វើការ និងនៅរង់ចាំចេញទៅរៀននៅប្រទេស សង្គមនិយម ដួចជា សហភាពសូវៀត វៀតណាម ប៊ុលហ្គារី ឆេកូស្លូវ៉ាគី ប៉ូឡូញ និងហុងការី។

ជាហូរហែសិស្សសាលាតូរ្យតន្ត្រី ចេញទៅរៀននៅប្រទេសដែលខ្ញុំរៀបរាប់ខាងលើនៅមិនបានប្រឡងជាប់រៀនថ្នាក់ឧត្តមសិក្សាប៉ុន្មានទេ ភាគច្រើនត្រូវបានទំលាក់អោយរៀនមធ្យមសិក្សាតូរ្យតន្ត្រី ឬត្រូវ រៀនត្រៀម១ឬច្រើនឆ្នាំ ដើម្បីប្រឡងចូលថ្នាក់ឧត្តមសិក្សា ព្រោះតែសមត្ថភាពនៅមានកម្រិត។

នៅសហភាពសូវៀត មាននិសិត្ស ២នាក់រៀនត្រៀម ១ឆ្នាំឬ២ឆ្នាំទើបប្រឡងជាប់បានចូលរៀនក្នុង conservatory នៅវៀតណាមមាននិសិត្ស ម្នាក់ បានប្រឡងជាប់រៀនផ្នែក ទ្រឹស្តីតន្ត្រី Conservatory (ខ្ញុំមិនប្រាកដថា បានរៀនត្រៀមឬប្រឡងចូលបានតែម្ដងទេ) នៅប៉ូឡូញ ហុងហ្ការី មិនបានចូលរៀនក្នុង Conservatory និងបានប្តូរមុខវិជ្ជាទៅរៀន ផ្នែកផ្សេងៗវិញ នៅ ប៊ុលហ្ការី មានសិស្សផ្នែកក្លារីណែតម្នាក់ (ជា ច័ន្ទបរិបូរណ៌) បានប្រឡងចូល Conservatory ផ្នែកឧបករណ៍ក្លារីណែត ដោយមិនឆ្លងកាត់ថ្នាក់ត្រៀម។

មិនតែប៉ុណ្ណោះ រៀនបូកថ្នាក់ ឆ្នាំទី ៤និងទី ៥ ជាមួយគ្នាតែម្តង ក្រោយមកបានបន្តយក ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកទស្សនាវិជ្ជា តន្រ្តី និងមានសិស្ស ២នាក់ បានរៀនត្រៀម ១ ឬ២ឆ្នាំ ទើបប្រលងចូល Conservatory បានតែត្រូវប្តូរមុខវិជ្ជាពិវីយូឡុងទៅ រៀនទ្រឹស្តីវិញ និង៣នាក់ទៀតត្រូវបញ្ជូនអោយទៅរៀនឧបករណ៍តន្រ្តី វីយូឡុង នៅសាលាគរុកោសល្យ នៅខេត្ត ពុំមែនជា Conservatory ហើយ២នាក់ទៀតត្រូវប្តូរជំនាញតែម្តង។

សរុបមកតាមបទពិសោធន៍ និងការវិភាគផ្ទាល់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បានលើកឡើងថា៖ «សាលាតន្ត្រីជាតិរបស់យើងទាំងមធ្យម និងឧត្តម នាពេលបច្ចុប្បន្ន នៅមានកម្រិតទាបនៅឡើយ ដោយកង្វះគ្រូដែលមានសមត្ថភាព កង្វះ សម្ភារៈ ឧបករណ៍តន្រ្តី និង សៀវភៅ កង្វះ អាគារ សិក្សា សម្រាប់តន្រ្តី។ អ្វីដែលសាលាទាំងពីរកម្រិតនេះ ត្រូវពង្រឹង ឲ្យបានខ្លាំងដល់សិស្ស ក្នុង កាលៈទេសៈ កង្វះខាត ដូចខ្ញុំរាយរាប់ខាងលើនោះគឺ បង្កើនឲ្យសិស្ស រៀនអក្សរភ្លេងឲ្យបានពូកែ ព្រោះថាប្រសិនបើខ្សោយអក្សរភ្លេង គឺពួកគេ ពិបាក និងរៀនឧបករណ៍តន្រ្តីណាស់ ជាក់ស្តែងខ្ញុំបានទៅបង្រៀន និសិត្សផ្នែកឧបករណ៍ក្លារីណែត ឃើញថាពួកគេ ខ្សោយអក្សរភ្លេងខ្លាំង ចំណុចនេះខ្ញុំសង្កេតឃើញលើសិស្សទាំងអស់តែម្តង ដែលពិបាក និងដាក់មេរៀនឲ្យត្រូវតាមកម្រិតសិក្សាជាពន់ពេក»

ចំពោះសិស្ស វិញ ​ឯកឧត្តម ក៏បាន​ផ្ដល់ជាយោបល់ គួរពិចារណាមួយចំនួនដែរ៖ «ត្រូវខិតខំហាត់រៀនដោយខ្លួនឯងឲ្យបានច្រើន។ ខ្ញុំសូមរម្លឹកថា កាលខ្ញុំរៀនតន្រ្តី នៅមធ្យម សិក្សាខ្ញុំហាត់ឧបករណ៍ក្លារីណែតក្នុងមួយថ្ងៃ ២ម៉ោងជាប្រចាំ(ដាក់នាឡិកាមើលម៉ោងពេលហាត់) និងទៅថ្នាក់ឧត្តមសិក្សាខ្ញុំហាត់៤ ទៅ ៥ម៉ាងជាប្រចាំក្នុងមួយថ្ងៃៗ»។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ បច្ចុប្បន្នគឺជា រដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយក៏ជា អតីតសិស្សសាលាវិចិត្រសិល្បៈ, ជា អតីតនិសិត្សថ្នាក់ Master and PhD នៃអភិរក្សដ្ឋានតន្ត្រីជាតិប៊ុល ហ្គារី និងជា អតីតនិសិត្ស ថ្នាក់ Master ផ្នែកសេដ្ឋកិច្ច និងនយោបាយ បច្ចុប្បន្ន បេក្ខភាពថ្នាក់ PhD សេដ្ឋកិច្ច និងនយោបាយ

ប្រែសម្រួល៖ ធារី

អត្ថបទថ្មី