តារាចិន ៨នាក់ខំសាងឈ្មោះរាប់ឆ្នាំ តែត្រូវរលាយត្រឹមមួយដង្ហើម ព្រោះរឿងអាស្រូវផ្សេងៗ

  • 2022-07-11 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងកើតឡើង​ច្រើនណាស់ ដែល​បានផ្ទុះក្នុងពិភពសិល្បៈចិន ពិសេសទាក់ទងនឹង​អាស្រូវរបស់តារាល្បីៗ។ ក្រោយមាន​រឿងទាំងនោះភ្លាម អ្នកដែល​ធ្លាប់ត្រូវបាន​មហាជន​លើកតម្កើងទាំងនោះ ក៏ត្រូវ​ប្រឈម​នឹង​ការហាមប្រាម ចំពោះអ្វី​ដែល​ពួកគេ​បាន​សាង គឺ​ត្រូវ​ដកខ្លួនចេញពីសិល្បៈសិន ដើម្បីមើលពីកំហុសរបស់ខ្លួន។ ទោះជាយ៉ាង​ណា ក៏មាន​តារាខ្លះ សម្រេច​លាក់មុខ លាក់មាត់ពីអ៊ីនធើណិត ទាំងគ្មានអ្នកដឹងថាមានរឿងអ្វីដែរ។

ខាងក្រោម​នេះ​ជា​ការបង្ហាញវត្តមានអ្នកដែលត្រូវបានហាមប្រាម ឬដកខ្លួនចេញពីសិល្បៈ។ តើពួកគេ​ជាប់កំហុសដោយសាររឿងអ្វី​ខ្លះ?

១. Lucas (NCT)

សមាជិកដ៏មាន​ប្រជាប្រិយភាពរបស់ NCT រូបនេះ​ត្រូវ​មហាជន​រិះគន់​យ៉ាងចាស់ដៃ ពេល​មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ថា​ លោកទាញប្រយោជន៍ពីអ្នកគាំទ្រ បែបញ៉ែលេងៗ ថែម​ទាំងបោកលុយទៀត។ មហាជន​ចិនមិនតិចទេ បាន​សម្ដែង​ការ​ខកចិត្ត ព្រមទាំងទាមទារឲ្យលោកសុំទោសជា​សាធារណៈលើ Weibo ទៀត។ យ៉ាងណា​ក្ដី Lucas ក៏បាន​សុំទោសដែរ នៅលើ Instagram ចំពោះ​អ្វី​ដែលបាន​កើតឡើង ប៉ុន្តែលោកមិនបានបញ្ជាក់ថា​អ្វីគ្រប់យ៉ាង​ជា​ការពិត ឬយ៉ាងណាទេ។ ជាមួយគ្នានោះ Lucas ក៏ផ្អាក​ចេញ​មុខទាំងស្រុងក្នុងពិភពសិល្បៈដែរ។

២. Zhao Wei

តារាស្រីជើងចាស់រូបនេះ មាន​សម្បត្តិច្រើនប្រៀបដូចសេដ្ឋីនីទៅហើយ ហើយក៏មាន​ការងារជាផលិតករភាពយន្តដែរ ផ្អែកលើសមត្ថភាព និងបទពិសោធ ចំណេះដឹងជ្រៅទាក់ទងនឹងវិស័យនេះ។ ប៉ុន្តែមិនបាន​ដឹងថា​មកពីមូលហេតុអ្វីនោះទេ សុខៗមហាជន​ស្រាប់តែចាប់អារម្មណ៍ថា​ នាងលុបគ្រប់យ៉ាងចេញពីបណ្ដាញសង្គម។ ស្របពេល​ទីក្រុងប៉េកាំង ក៏មិនបាន​ផ្ដល់ការបំភ្លឺអ្វី​ដែរ ចំពោះ​មូលហេតុដែលនាង​ស្រាប់តែ​ដកខ្លួនចេញ​ពី​អ៊ីនធើណិតបែបនេះ។ (ករណីនេះស្រដៀងគ្នាទៅនឹងអ្វី​ដែលធ្លាប់បានកើតឡើងចំពោះ​មហាសេដ្ឋីចិន Jack Ma ដែរ)។ ​ ៣. Zheng Shuang

អ្នកដែលកំពុង​មាន​ភាព​ល្បី​ល្បាញ​នឹង​ស្នាដៃសម្ដែង​រឿង ពិសេសរឿង "Love O2O” ប៉ុន្តែស្រាប់តែផ្ទុះ​ព័ត៌មាននៅពេល​ដែល​អតីតគូស្នេហ៍របស់​នាងគឺ Zhang Heng បកអាក្រាតការពិតថា នាង​ធ្វើអំពើហួសចិត្ត ដោយឲ្យគេ​ពពោះជំនួស។ ជាលទ្ធផល​ តារា​ស្រី​រូបនេះក៏ត្រូវ​ចិន ដាក់ចូល​ក្នុងបញ្ជីខ្មៅ។ ភាពយន្តដែល​មាន​នាង​សម្ដែងទាំងអស់ ត្រូវ​បាន​ដកចេញពី Platform ហើយនាម​ជាតារាតំណាងរបស់ Prada ក៏ត្រូវ​បញ្ចប់ដោយគ្មាន​លើកលែងដែរ។

៤. Zhang Zhehan

ដោយសារតែរូបភាពប៉ុន្មានសន្លឹក លោកត្រូវ​បាន​គេ​ដកការងារ និងកម្ចាត់ឆ្នាំងបាយសិល្បៈចោលទាំងស្រុង។ រម្លឹកទៅកាលពីប៉ុន្មាន​ឆ្នាំមុន Zhehan បាន​ថតរូបបង្ហោះ​ ពេលទៅ​ទីសក្ការៈបូជា Yasakuni ទីក្រុងតូក្យូ ដែល​ទាក់ទងនឹង​និមិត្តសញ្ញាសង្គ្រាមដ៏ចម្រូងចម្រាសរបស់ជប៉ុន។ ប្រការនេះ​បានធ្វើឲ្យប្រជាជន​ចិនខឹងសម្បារជាខ្លាំង​ រហូតបណ្ដេញលោកចេញពី​សិល្បៈ។ បើទោះជាលោកក៏​បានចេញ​លិខិតសុំទោស ចំពោះ​ភាពល្ងង់ខ្លៅរបស់ខ្លួនកាលពីក្មេងក៏ដោយ ក៏អាជ្ញាធរចិននៅតែមិនចង់ឲ្យលោកចូលវិស័យសិល្បៈវិញដែរ។

៥. Kris Wu

តារារ៉េបរាងខ្ពស់ស្រឡះរូបនេះត្រូវ​គេ​ចាប់បាន​ នៅពេល​នារីម្នាក់ដែលអះអាងថាជាសង្សាររបស់លោក មានឈ្មោះថា​ Du Meizhu ចោទថា លោកលេងល្បិច និងល្បួងក្មេងស្រីមិនទាន់គ្រប់អាយុជា​ច្រើននាក់ ទៅធ្វើអាជីវកម្មផ្លូវភេទ។ សាធារណជនក៏ស្នើឲ្យលោកប្រឈម​នឹង​ច្បាប់ ហើយចេញពីសិល្បៈ។ ជាមួយគ្នានោះបណ្ដាក្រុមហ៊ុនជា​ច្រើនក៏បាន​ផ្ដាច់កុងត្រាពី Kris អស់ដែរ ហើយសូម្បីរឿងដែល​ លោកបាន​សម្ដែងជាមួយនឹង​ Yang Zi ក៏​ត្រូវ​ប្ដូរតួ​ប្រុស​និងថតឡើងវិញដែរ។

៦. Fan Bingbing, Deng Lun និង Yuan Bingyan

អ្នកទាំង ៣ សុទ្ធតែ​ជួប​បញ្ហា​ដូចគ្នា ទាក់ទងនឹង​ករណីគេចពន្ធ។ ផ្អែក​លើរឿងនេះ ពួកគេ​ត្រូវ​ដក​ខ្លួនចេញ​ពីសិល្បៈសិន ដរាបណា​រឿងស្ងាត់ និង​ទទួល​នូវ​កំហុស និងការដាក់ពិន័យជា​ច្រើន តបទៅនឹងទង្វើរបស់ពួកគេ។

ទោះជាយ៉ាងណាចំពោះ Fan Bingbing ពេល​នេះបាន​បង្ហាញមុខសន្សឹមៗលើបណ្ដាញអ៊ីនធើណីត និង​ពិភពសិល្បៈវិញហើយ ក្រោយដកខ្លួនជា​ច្រើនឆ្នាំ៕

អត្ថបទ៖ ធារី

អត្ថបទថ្មី