​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​​ម្នាក់​ៗ​​ធ្លាប់​ដើរ​ស៊ី​​រាប​​! ​សម្រាប់​អ្នក​ចូល​​ប្រកួត LUX98-POOL 9-BALL OPEN 2022

  • 2022-08-13 04:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី​​ប្រកួត LUX98-POOL 9-BALL OPEN 2022 ​​ចម្រាញ់​បាន​​កីឡាករ​ឆ្នើម​ចំនួន​១៦​រូប​ មក​​ចូល​រួម​ប្រកួត​ហើយ ដោយ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់ពី​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​​១៣ ខែ​សីហា ឆ្នាំ​២០២២ នៅ​​ទីតាំង​​ស្នូកឃ័រ Lux98 សាខា​​​ច្បារអំពៅ ​ដែល​កីឡាករ​កម្ពុជា​​មាន​១២​រូប និង​កីឡាករ​បរទេស​៤​រូប ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​កីឡាករ​កម្ពុជា​ទាំង​១២​នាក់​សុទ្ធ​តែ​ជា​ជើង​​ខ្លាំង​ ធ្លាប់​ដើរ​លេង​ស៊ីលុយ​តាម​តាប​ផ្សេង​ៗ​​ស្ទើរ​តែ​ពេញ​ស្រុក​ខ្មែរ​។

​​​​​ទាក់​ទង​ការ​ប្រកួត​នេះ​លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ កម្ពុជា​បាន​លើក​ឡើង​ថា វា​​ជា​ឱកាស​មួយ​កម្រ​រក​បាន​ និង​រីករាយ​បំផុត សម្រាប់​ថ្ងៃ​បើក​ការ​ប្រកួត​ពាន LUX98-POOL 9-BALL OPEN 2022 ​​ ដោយ​កីឡាករ​​ដែល​បាន​ចូល​រួម​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​​ក្រោយ​ការ​ចម្រាញ់​ជ្រើស​រើស​ជា​​ច្រើន​ថ្ងៃ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រកួត​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ក៏​​ជា​ការ​ប្រកួត​លើក​ដំបូង​ផង​ដែរ​​ លោក​សង្ឃឹម​ថា ​ការ​ប្រកួត​នេះ​ប្អូន​ៗ​ដែល​ចូល​រួម​សុទ្ធតែ​ជា​អ្នក​ដែល​មាន​ទេពកោសល្យ​។

​​​​លោក​អគ្គលេខាធិការ​ខាង​លើ​​បញ្ជាក់​បន្ថែម​ថា ​កីឡាករ​​​បរទេស​មាន​៤​ជាតិ​សាស្ត្រ​ផ្សេង​គ្នា​ ដែល​មាន​ហ្វីលីពីន​ វៀតណាម ចិន និង​បារាំង​ផង​ដែរ​។ ​ដោយ​មាន​ការ​ចូល​​រួម​ប្រកួត​សុទ្ធ​តែ​ជា​​ជើង​ខ្លាំង​បែបនេះ​ នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ល្អ​មើល​ខ្លាំង​មែនទែន នេះ​បើ​តាម​ការ​​សន្និដ្ឋាន​របស់​លោក​។​

​ជា​មួយ​គ្នា​នោះ​​​​​ឯក​ឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ក៏​បាន​មាន​ប្រសាសន៍​ទាក់​ទង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ​ថា ​ឆ្លៀត​ក្នុង​ឱកាស​បាន​ធ្វើ​ការ​​កោតសរសើរ​ទៅ​កាន់​​សហព័ន្ធ​​ដែល​បាន​ខិត​ខំ​ប្រឹងប្រែង និង​ម្ចាស់​ក្លឹប​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ការ​ប្រកួត​នេះ​ឡើយ។ មែនទែន​ទៅ​វា​ជា​ការ​ត្រៀម​ខ្លួន​មួយ​ក្នុង​ការ​ពង្រឹង​សមត្ថភាព ​ក្នុង​ទិសដៅ​​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ដោយ​ធ្វើ​ការ​ប្រមែប្រមូល​យក​ធនធាន​​កីឡាករ​ល្អ​ៗ​មក​ហ្វឹកហាត់​ដុត​ខាត់​បន្ថែម​សមត្ថភាព​​​។

​​ក្នុង​ឱកាស​​​នោះ​ដែរ​កញ្ញា ហេង ចាង អ្នក​តំណាង​របស់​ក្លឹប​ក៏​បាន​ចូល​រួម​លើក​ឡើង​​ដែរ​ថា Lux98 ពិត​​មាន​កិត្តិយស​មែនទែន ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ឡើយ។ កញ្ញា​ជឿ​ថា​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ​នឹង​អាច​ចូល​រួម​ជួយ​វិស័យ​កីឡា​ប៊ីយ៉ា និង​ស្នូរឃ័រ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​។

​សម្រាប់​ការ​ប្រកួត​នេះ​មាន​រយៈ​ពេល​២​ថ្ងៃ​​គឺ​ថ្ងៃ​ទី​១៣ និង​១៤ នឹង​រក​ឃើញ​ជើង​ឯក​ហើយ ​ខាង​ក្រោម​ជា​រង្វាន់​៖

ជយលាភី​ និង រង្វាន់​ការ​ប្រកួត​កីឡា​ប៊ីយ៉ាភូល LUX98-POOL 9-BALL OPEN 2022

លេខ១៖ ​ទទួល​បាន​មេដាយ ពាន​ និង​ទឹក​ប្រាក់​សុទ្ធ២​លាន​រៀល រួម​ទាំង​រង្វាន់​ផ្សេងៗ។

លេខ២​៖ ទទួល​បាន​មេដាយ និង​ទឹកប្រាក់សុទ្ធ១លានរៀល​ រួម​ទាំង​រង្វាន់ផ្សេងៗ ។

លេខ៣៖ ​ទទួល​បាន​មេដាយ និង​ទឹក​ប្រាក់​សុទ្ធ​៥០​ម៉ឺន​រៀល រួម​ទាំង​រង្វាន់​ផ្សេងៗ ។

លេខ៤៖ ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​រួម​ទាំង​រង្វាន់​ផ្សេងៗ​ស្មើ​នឹង​ទឹក​ប្រាក់ ២០​ម៉ឺនរៀល ។

-ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ទទួល​បាន​ទឹក​ប្រាក់​សុទ្ធ រួម​ទាំង​រង្វាន់​ផ្សេង​ៗស្មើនឹង ៨​ម៉ឺន​រៀល ។

-​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ទួល​បាន​ទឹក​ប្រាក់​សុទ្ធ រួម​ទាំង​រ​ង្វាន់​ផ្សេងៗ​ស្មើ​នឹង ១០​ម៉ឺន​រៀល ។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​