ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួកគីយ៉េ កើនឡើង ជាមួយតួលេខសរុបជាង ៩០លានដុល្លារអាមេរិក
- 2022-08-25 04:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួកគីយ៉េ កើនឡើង ជាមួយតួលេខសរុបជាង ៩០លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាសម្រេចបានកំណើននៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសតួកគីយ៉េក្នុងអត្រា ២,០៦% ធៀបនឹងឆ្នាំ២០២០។
នេះបើតាមរបាយការណ៍ពីអង្គប្រជុំមួយធ្វើនៅព្រឹកថ្ងៃទី ២៤ សីហា ទីស្តីការក្រសួងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ សម្រេចបាន ៤៦២,៦៣លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ប៉ុន្តែផ្អែកតាមរបាយការណ៍ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួកគីយ៉េ សម្រេចបានប្រមាណ ៩០,៦៣លានដុល្លារក្នុងឆ្នាំ២០២១។ តួលេខនេះ កើនឡើង ២,០៦% ធៀបនឹងឆ្នាំ២០២០។
ចាប់តាំងពីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមក កម្ពុជាបាននាំចេញមុខទំនិញទៅតួកគីយ៉េ មានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ឆ័ត្រ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគីយ៉េ មានដូចជា៖ ម៉ាស៊ីន ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។
ប្រទេសទាំងពីរ មានផែនការរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីយ៉េ ដែលគ្រោងនឹងធ្វើឡើងនៅកំឡុងខែតុលា ឆ្នាំ២០២២ នៅកម្ពុជា។ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងរបៀបវារៈ និងកំណត់ហេតុរួមនៃកិច្ចប្រជុំមួយចំនួនត្រៀមសម្រាប់ជំនួបនោះ។
ជាលទ្ធផលពីអង្គប្រជុំ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលក្នុងនោះបង្ហាញពីវិស័យអាទិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគីយ៉េឱ្យកាន់តែស៊ីជម្រៅ និងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត៕