ក្រោយចែកផ្លូវជាមួយសមាគមន៍បាល់ទះវិសាខា ភុំ ចាន់តុលា ចូលរួមក្លឹបធំមួយនេះ
- 2022-09-21 02:45:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចែកផ្លូវជាមួយសមាគមន៍បាល់ទះវិសាខា ភុំ ចាន់តុលា ចូលរួមក្លឹបធំមួយនេះ
ចន្លោះមិនឃើញ
អ្នកប៉ះសេ ភុំ ចាន់តុលា បានទៅចួលរួមហ្វឹកហាត់នៅក្លឹបរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីចែកផ្លូវជាមួយសមាគមន៍បាល់ទះវិសាខាកាលពីថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២កន្លងទៅ។
អតីតយុវជនរបស់សមាគមន៍ខាងលើ បានចូលហាត់នៅក្លឹបរដ្ឋបាលបានរយៈពេលចំនួនមួយខែហើយ ខណៈរូបគេថាមិនទាន់យល់ចិត្តជាមួយមិត្តរួមក្រុមនៅឡើយទេ។
អ្នកប៉ះសេមកពីខេត្តព្រៃវែង បានបង្ហើបថា ៖«សម្រាប់ការហ្វឹកហាត់វាមិនមានបញ្ហាអ្វីទេ ព្រោះយើងធ្លាប់ហាត់ពីមុនមក ធ្លាប់ហាត់ជាមួយគ្រូ គ្រាន់ថាយើងទើបមកអ៊ីចឹងអត់ទាន់ស៊ីចង្វាក់គ្នាទេ ប្រៀបទៅដូចថ្មីដូចគ្នា យើងមិនធ្លាប់នៅដូចគ្នាមុន មិនដូចកាលខ្ញុំនៅជាមួយក្លឹបចាស់អីទៅ យើងនៅជាមួយគ្នាយូរ យើងដឹងចិត្តដឹងអីគ្នា តែនេះយើងមកថ្មី»។
ជាមួយនឹងក្លឹបថ្មីនេះយុវជនវ័យ២២ឆ្នាំថានឹងខំប្រឹងប្រែងហ្វឹកហាត់សម្រួចសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អ ដើម្បីជួយក្លឹបក្នុងការប្រកួតនានា។
គួរបញ្ជាក់ថា អតីតសិស្សបញ្ចប់ថ្នាក់ទី១២ នៃវិទ្យាល័យឥន្ទ្រៈទេវី បានរួមរស់ជាមួយក្លឹបបាល់ទះវិសាខាចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២។ ក្រោយពីបានចែកផ្លូវជាមួយក្លឹបធំមួយនេះ ភុំ ចាន់តុលា បានបង្ហាញការដឹងគុណចំពោះថ្នាក់ដឹកនាំក្លឹប គ្រូបង្វឹក ក្រុមកីឡាករដែលបានផ្ដល់ឱកាស និងបណ្ដុះបណ្ដាលដល់រូបគេអស់រយៈពេលជាច្រើនឆ្នាំមក។
ភុំ ចាន់តុលា បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា ៖«ខ្ញុំបាទសូមអរគុណដល់ ឯកឧត្តម ស សុខា លោកជំទាវ កែ សួនសុភី ព្រមទាំងគណៈគ្រប់គ្រងក្លឹប មន្ត្រីនិងគ្រូបង្វឹកទាំងអស់ ខ្ញុំមានតែពាក្យថាអរគុណសម្រាប់ការមេីលថែ និងផ្គត់ផ្គង់យ៉ាងល្អក្នុងរយៈពេល៦ឆ្នាំដែលខ្ញុំបានស្នាក់នៅទីនេះ ខ្ញុំសូមជូនពរមេទាំងពីរព្រមទាំងគ្រួសារ គណៈគ្រប់គ្រងក្លឹបមន្ត្រីនិងគ្រូបង្វឹក មានសុខភាពល្អ សំណាងល្អគ្រប់ទីកន្លែង ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច»។
ក្រៅពីចាន់តុលា នៅមានកីឡាករបីរូបទៀត ត្រូវបានសមាគមន៍បាល់ទះវិសាខាធ្វើការចែកផ្លូវដូចគ្នា ដើម្បីរៀបចំធ្វើកំណែទម្រង់ថ្មីរួមមានកីឡាករ មី សុផណ្ណា បច្ចុប្បន្នគេកំពុងបម្រើការងាររដ្ឋនៅឯស្រុកកំណើតខេត្តស្វាយរៀង កីឡាករ តៅ តាន និង រស់ ពិសិដ្ឋ ដែលបច្ចុប្បន្នអ្នកទាំងពីរបាននឹងកំពុងបម្រើការងារដ៏សមស្របមួយនៅរាជធានីភ្នំពេញ៕