ហុល្លង់ក្រុមកម្សត់ពាន World Cup បានត្រឹមរងជើងឯកដល់ទៅ៣ដង
- 2022-11-03 07:36:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុល្លង់ក្រុមកម្សត់ពាន World Cup បានត្រឹមរងជើងឯកដល់ទៅ៣ដង
ចន្លោះមិនឃើញ
ប្រទេស
ក្នុងនាមជាក្រុមខ្លាំងមួយនៅអឺរ៉ុប ជម្រើសជាតិហុល្លង់តែងតែធ្វើបានល្អរាល់ពេលឈានចូលប្រកួតក្នុងព្រឹត្តិការណ៍ World Cup ម្ដងៗ។ ប៉ុន្តែពួកគេមិនដែលស្គាល់រសជាតិលើកពានម្ដងណាឡើយ បានត្រឹមរងជើងឯកដល់ទៅ៣ដងឯណោះ។
សហព័ន្ធ
ដូចដែលបានរៀបរាប់ខាងលើហុល្លង់ជាក្រុមខ្លាំង ក្នុងការប្រកួតជម្រុះនៅតំបន់អឺរ៉ុប (UEFA) ពួកគេដណ្ដើមបានចំណាត់ថ្នាក់កំពូលតារាងក្នុងពូល G។ ឆ្លងកាត់១០ប្រកួតឈ្នះ៧ ស្មើ២និងចាញ់១ ឈរលើក្រុមលេខពីរទួរគីពីរពិន្ទុ បានឈានចូលលេង World Cup ជាលើកទី១១ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រវត្តិក្នុង World Cup
ហុល្លង់ឈានជើងចូលលេងព្រឹត្តិការណ៍ World Cup ដំបូងក្នុងឆ្នាំ១៩៣៤ ដែលប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះឡើងបានត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ។ ពួកគេធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រដល់ទៅ៣ក្នុងឆ្នាំ១៩៧៤ ១៩៧៨និង២០១០ ប៉ុន្តែបានត្រឹមតែរងជើងឯក។
តាមប្រវត្តិនៅឆ្នាំ១៩៧៤វគ្គផ្ដាច់ព្រ័ត្រហុល្លង់ប្រកួតចាញ់អាល្លឺម៉ង់ខាងលិច ហើយឆ្នាំ១៩៧៨ចាញ់អាហ្សង់ទីន ឯឆ្នាំ២០១០ចាញ់អេស្ប៉ាញ។ កាលពី World Cup ចុងក្រោយធ្វើនៅប្រទេសរុស្សី ហុល្លង់បានអវត្តមានដោយសារតែជម្រុះមិនជាប់។
កីឡាករសំខាន់
ខ្សែការពាររបស់ក្លឹប Liverpool កីឡាករ Virgil van Dijk នឹងដើរតួសំខាន់ក្នុងក្រុមជម្រើសជាតិហុល្លង់ ក្នុងព្រឹត្តិការណ៍ក្នុងប្រទេសកាតា។ គេទើបតែបានជួយក្រុមឈរកំពូលតារាង Group A4 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣ លើបែលហ្ស៊ិក ប៉ូឡូញនិងវែល មានឱកាសឡើងវគ្គពាក់កណ្ដាល។
និយាយនៅក្នុងក្លឹបអាជីពវិញ រដូវកាលមុនកីឡាករវ័យ៣១ឆ្នាំជួយហង្សក្រហមឈ្នះពាន២គឺ FA Cup និង League Cup ថែមទាំងឡើងផ្ដាច់ព្រ័ត្រ UCL ទៀតផងដែរប្រកួតចាញ់ Real Madrid។
ឯកសណ្ឋាន
អាវរបស់ហុល្លង់ត្រូវបានផលិតដោយក្រុមហ៊ុនសំលៀកបំពាក់ Nike មានទាំងក្នុងដីនិងក្រៅដី។ អាវក្នុងដីមានពណ៌ទឹកក្រូចភ្លឺចាំងជាងមុន ហើយស្រមោលលើអាវត្រូវបានយកលំនាំតាមរោមសត្វតោ។ សម្រាប់អាវក្រៅដីមិនមានការពណ៌នាច្រើនឡើយ ដោយពួកគេសម្រេចចិត្តជ្រើសរើសពណ៌ខៀវ៕