ជំនួប​អ្នក​និពន្ធ​លើក​ដំបូង អ្នក​និពន្ធ EMO និយាយ​ពី​រឿង "អ្នកនិពន្ធ​អត់ល្បី ល្បី​តែ​អ្នក​ចម្រៀង"!

  • 2022-11-21 09:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​និពន្ធ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​លើក​ដំបូង​កាល​ពី​ចុង​សប្ដាហ៍​នេះ ស្រប​ពេល​ដែល អ្នកនិពន្ធ​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក EMO បាន​សារសព្ទ​លើក​ដំបូង​អំពី​រឿង "អ្នកនិពន្ធ​អត់​ល្បី ល្បី​តែ​អ្នក​ចម្រៀង"។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​សារព័ត៌មាន EMO បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​និពន្ធចម្រៀង​ម្នាក់ ​មាន​ការ​លំបាក​ច្រើន ទន្ទឹម​គ្នា​នោះ​ផល​ដែល​បាន​មក​ក៏​មិន​សូវ​សម​នឹង​ការ​ខិត​ខំ​ថែម​ទៀត។ ដូច្នេះ​ហើយ សូម្បី​តែ​លោក​ខ្លួន​ឯង​ធ្លាប់​មាន​គំនិត​ចង់​បោះបង់​ថែម​ទៀត។ ការ​ត្អូញត្អែរ​របស់​អ្នកនិពន្ធ​ឯករាជ្យ​រូប​នេះ ក៏​ទន្ទឹម​គេ​មើល​ឃើញ​ថា អ្នកនិពន្ធ​ដែល​ជា​អ្នក​ជួយ​ឲ្យ​អ្នក​ចម្រៀង​ល្បី ប៉ុន្តែ​ខ្លួន​ឯង​ត្រូវ​កប់​នៅ​ក្រោយ​វាំងននខ្មៅ និង​ស្ទើរ​តែ​គ្មាន​អ្នក​ស្គាល់​សម្រាប់​អ្នកនិពន្ធ​ខ្លះ។

EMO បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ ក្នុង​នោះ​លោល​លើក​ឡើង​ថា បញ្ហា​គឺ​មាន​ពាក់ព័ន្ធ​​មួយ​ផ្នែក​នឹង​អ្នក​ចម្រៀង​តែ​ម្ដង។ លោក​ថ្លែង​ថា "អ្នក​ចម្រៀង​ពេល​ខ្លះ​យក​ទៅ​ច្រៀង គឺ​អត់សូវ​លើក​ពី​អ្នកនិពន្ធ ពេល​ខ្លះ​គាត់​យក​ចម្រៀង​ចេញ​ពី​ស្ទូឌីយ៉ូ​មួយ​ចឹង គាត់​អត់​សូវ​ឲ្យ​តម្លៃ​អ្នក​និពន្ធ គាត់​ច្រៀង​កើប​លុយ​តែ​ឯង​អីចឹងទៅ ខ្ញុំ​និយាយ​តែ​អ្នក​ចម្រៀង​ខ្លះ មិន​មែន​ទាំង​អស់​ទេ"។

ស្ដារ​ស្ថានភាព​នេះ អ្នកនិពន្ធ​រូប​នេះ បញ្ជាក់​ថា បច្ចុប្បន្ន​លោក​ផ្ដោត​មួយ​ផ្នែក​លើ​ការ​ប្រូម៉ូត​ខ្លួន​ឯង ក៏​ដូច​ជាលើក​កម្ពស់​អ្នកនិពន្ធ​ដូច​គ្នា​ឯ​ទៀត​តាម​រយៈ​បណ្ដាញ​សង្គម។ មួយ​ផ្នែក​ទៀត គឺ​ការ​ចេញ​មុខ​នៅ​ក្នុង​កម្មវិធី​នានា ជាក់​ស្ដែងលោក និង​អ្នក​និពន្ធ​ច្រើន​នាក់​ទៀត​មាន​ដូច​ជា Tho Meet ជា​ដើម ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​អ្នក​និពន្ធ​រៀប​ចំ​ដោយ The Mix of Sharing ក្រុមហ៊ុន​ឯកទេស​ខាង​ផ្គត់ផ្គង់​ឧបករណ៍​ភ្លេង​សម្រាប់​បម្រើ​ឲ្យ​ស្ទូឌីយ៉ូ។

លោក​ថា នេះ​ជា​ការ​ជួប​ជុំ​យ៉ាង​កម្រ​របស់​អ្នក​និពន្ធ​គ្នា​ឯង ហើយ​លោក​ដែល​ជា​ភ្ញៀវ VIP មួយ​រូប​របស់​ក្រុមហ៊ុន​ខាង​លើ ក៏​ជា​អ្នក​ជួយ​រៀប​ចំ​សម្រប​សម្រួល​អ្នក​និពន្ធ​មក​ជួប​ជុំ​គ្នា​ដែរ។ លោក​ថា នេះ​ជា​ឱកាស​ល្អ ដែល​អ្នកនិពន្ធ​អាច​ជួប​គ្នា និង​ឱកាស​បង្ហាញ​ខ្លួន​ឯង​ទៅ​មហាជន ខណៈ​កន្លង​មក អ្នកនិពន្ធ​តែង​តែ​នៅ​ពី​ក្រោយ​វាំង​នន​ខ្មៅ។ មិនត្រឹម​ប៉ុណ្ណោះ លោក​ក៏​ចង់​ឲ្យ​មិត្ត​អ្នក​និពន្ធ​ទាំង​អស់​បាន​ដឹង​ខ្លះ​ៗ​ពី The Mix of Sharing ផង។

តាម​លោក គ្រី សុខលៀង ជា Founder បាន​ឲ្យ​ដឹង​ថា The Mix of Sharing គឺ​ក្រុមហ៊ុន​ឯកទេស​ខាង​ផ្គត់ផ្គង់​ឧបករណ៍​ភ្លេង​ប្រើ​នៅ​ក្នុង​ស្ទូឌីយូ។ ចាប់​ផ្ដើម​នៅ ២០១៩ ក្រុមហ៊ុន​នេះ ត្រឹម​ជា​អាជីវកម្ម​តាម​ផ្ទះ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​១ និង​ទើប​តែ​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​ដៃគូ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផ្គត់ផ្គង់​ឧបករណ៍​ភ្លេង​ម៉ាក Proel នៅ​កម្ពុជា​ថែម​ទៀត។

លោក គ្រី សុខលៀង ជា Founder របស់ The Mix of Sharing

គ្រី សុខលៀង លើក​ឡើង​ថា សិល្បៈ​តន្ត្រី​​ក្នុង​ស្រុកបាន និង​កំពុង​រីកច្រើន​ស្ទើរ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិត​ខាង ហើយ​លោក​ក៏​ចង់​ក្លាយ​ជា​ចំណែក​១ ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​នេះ​កាន់​តែ​រីក​ចម្រើន​មួយ​កម្រិត​ទៀត តាម​រយៈ​ផ្គត់ផ្គង់​ឧបករណ៍​ភ្លេង​គុណភាព​ខ្ពស់ បច្ចេកវិទ្យា​របស់​អឺរ៉ុប ​មាន​អាឡឺម៉ង់ អ៊ីតាលី ជា​ដើម។ លោក​បន្ត​ទៀត​ថា សិល្បៈ​តន្ត្រី​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​សកល ត្រូវ​អ្នក​អ្នកនិពន្ធ​ល្អ អ្នកចម្រៀង​មាន​ទេពកោសល្យ បូក​រួមនឹង​ឧបករណ៍​ភ្លេង​ល្អ គុណភាព​ខ្ពស់៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី