ម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ និយាយអ្វីខ្លះក្នុងបទបង្ហាញ មុនការប្រកាសជយលាភីដ៏រំភើបនេះ?
- 2022-11-24 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ និយាយអ្វីខ្លះក្នុងបទបង្ហាញ មុនការប្រកាសជយលាភីដ៏រំភើបនេះ?
ចន្លោះមិនឃើញ
អស់រយៈពេលជាច្រើនខែនៃដំណើរការប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២២ ជយលាភីត្រូវបានប្រកាសនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយម្ចាស់ពានរង្វាន់ឆ្នាំនេះបានទៅលើលោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ ហ្វ្រេសមិល ឯ.ក កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំ និងទំនើបបំផុតរបស់ប្រទេសកម្ពុជា។
ការប្រកួតឆ្នាំនេះ ត្រូវបានអ្នករៀបចំកម្មវិធីលើកឡើងថា ប្រមូលផ្ដុំដោយសហគ្រិនខ្លាំងៗជាច្រើន។ នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ ហ្វ្រេសមិល ឯ.កមកពីខេត្តតាកែវ រូបនេះស្ថិតក្នុងចំណោមអ្នកចូលរួមដាក់ពាក្យប្រកួតប្រជែងរហូតដល់ ២៥៤ក្រុមហ៊ុនពីទូទាំងប្រទេសកម្ពុជាមាន២៥រាជធានី-ខេត្ត ដែលបានឆ្លងកាត់ដំណាក់កាលវាយតម្លៃ ចុះទៅពិនិត្យដល់ទីកន្លែង បទបង្ហាញ សំណួរដេញដោល និងការផ្ដល់ពិន្ទុដល់សុក្រឹតពីគណកម្មការជំនាញ។
មុនឈានដល់រាត្រីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ លោក ឈរ រិទ្ធី បានធ្វើបង្ហាញយ៉ាងពិស្ដារ ដែលបំពេញទៅតាមលក្ខខណ្ឌពេញលេញជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២។
នៅចំពោះមុខភ្ញៀវកិត្តិយស និងគណកម្មការវាយតម្លៃដ៏ជំនាញទាំង៧រូប ក្នុងសាលនៃសណ្ឋាគារហ៊ីម៉ាវ៉ារី លោកបានរំឭកប្រាប់ថា៖ «មុនដំបូង ក្នុងឆ្នាំ២០១១ ដើមឡើយ Founders របស់យើងបានទៅទស្សនានៅប្រទេសផ្សេងៗ រួមទាំងប្រទេសអ៊ីស្រាអែល ហើយយើងបានឃើញទីផ្សារកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ។ យើងត្រឡប់មកវិញ យើងមើលប្រទេសយើង មានទឹកដោះគោស្រស់ជាច្រើនដែលត្រូវបាននាំចូលពីប្រទេសផ្សេង ហើយភាគច្រើនគឺ Powder based ធ្វើពីម្សៅ។ យើងក៏មានការស្រមៃមួយថា ហេតុអ្វីក៏យើងមិនមានកសិដ្ឋានមួយ ចិញ្ចឹមគោយកទឹកដោះ ដែលផលិតទឹកដោះគោសុទ្ធដើម្បីសុខភាព សុខមាលភាពប្រជាជនរបស់យើង»។
ដូច្នេះហើយ សហស្ថាបនិកទាំងអស់បានកៀរគររកនូវ Fund និងមូលនិធិដោយសហការជាមួយក្រុមហ៊ុន Afimilk ជាក្រុមហ៊ុន Top 5 ល្បីជាងគេបំផុតនៅលើពិភពលោក មកបង្កើតកសិដ្ឋានគិរីសួគ៌ឡើង ដោយផ្ដល់នូវបច្ចេកទេស ទាំងការសាងសង់ និងការថែទាំគោទាំងអស់ហ្នឹង។
ក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២២ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកបានលើកឡើងថា៖ «យើងដឹងហើយគោ ការចិញ្ចឹមសត្វមួយ ជីវិតមួយមិនមែនជាការងាយស្រួលពេកនោះទេ។ គោត្រូវការនូវចំណីអាហារដែលល្អជាងគេបំផុត។ កសិដ្ឋានរបស់យើងបានដាំស្មៅដោយប្រើបច្ចេកទេសខ្ពស់បំផុត ដែលជាស្មៅមានគុណភាពល្អដើម្បីចិញ្ចឹមគោ តម្រូវទៅតាមលក្ខខណ្ឌគោរបស់យើង។ ទន្ទឹមនឹងហ្នឹង យើងបានជ្រើសរើសពូជគោដ៏ពិសេស ដែលជាប្រភេទ Holstein heifers មកពីប្រទេសអូស្ត្រាលី ដោយគោខ្លះបានជិះយន្តហោះពីប្រទេសអូស្ត្រាលី មកដល់ស្រុកខ្មែរយើង»។
កសិដ្ឋានគិរីសួគ៌បានចាប់ផ្ដើមដោយនាំចូលនូវគោចំនួន៥៥០ក្បាល ហើយបច្ចុប្បន្នកសិដ្ឋានមានគោចំនួន ៩០០ក្បាលមានបំពាក់ឈីបតាមដានសុខភាព ហើយការប្របាច់យកទឹកដោះត្រូវបានធ្វើឡើងជាមួយបច្ចេកទេសទំនើបបំផុត។ ទឹកដោះចេញពីគោរហូតដល់ច្រកដប មិនមានប៉ះពាល់ដោយដៃឡើយ។
ក្រៅពីមានផលិតផលក្នុងស្រុកដ៏ល្អ លោកក៏បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រទីផ្សារផងដែរថា៖ «អ្វីដែលយើងធ្វើការកែច្នៃផលិតផលរបស់យើង យើងមើលលើទីផ្សារទាំងអស់ ផលិតផលទឹកដោះគោទាំងអស់ យើងធ្វើម៉េចយើងមានគំនិតមួយថា នៅពេលដែលដាក់តាំងនៅលើទីផ្សារគឺមានផលិតផលមួយដែលលេចធ្លោខុសគេ គឺយើងបានឌីហ្សាញនូវដបទាំងអស់នេះ ដែលផលិតនូវប្រភេទផលិតផលជាច្រើនដែលផលិតចេញពីទឹកដោះគៅ មានទឹកដោះគោសុទ្ធមានកម្រិតជាតិខ្លាញ់ខុសគ្នា ទឹកដោះគោមាន Flavour រសជាតិផ្សេងគ្នា និងមានយ៉ាអួរ»។
លោកបានបន្តទៀតថា៖ «ផែនការទីផ្សារ មានផលិតផលល្អហើយ បើគ្មានផែនការទីផ្សារច្បាស់លាស់ អាជីវកម្មនឹងបរាជ័យ។ ទឹកដោះគោរបស់គេ ២០ឆ្នាំលើទីផ្សារហើយ ទឹកដោះគោរបស់ខ្ញុំទើបបាន ២ -៣ ឆ្នាំនៅលើទីផ្សារ ធ្វើម៉េចប្រកួតឈ្នះគេ យើងត្រូវទៅរកដៃគូចែកចាយដ៏ល្អជាងគេបំផុតសម្រាប់ចែកចាយផលិតរបស់យើងគឺ TSNR»។
ក្រុមហ៊ុនក៏បានបង្កើតផ្ទះគិរីសួគ៌ Kirisu House ដែលនៅជិតអតិថិជន ដែលសម្រួលដល់ការកុម្ម៉ង់តាម App និងទូរស័ព្ទសម្រាប់ការដឹកជញ្ជូនដល់ផ្ទះ។
លោក ឈរ រិទ្ធី បន្តថា៖ «ការផ្សព្វផ្សាយ ជាការពិតណាស់ មានរបស់ល្អហើយ អត់ផ្សព្វផ្សាយវាមិនខុសអីពីមានអគ្គិសនី អត់អំពូល ហើយមានអំពូលអត់អគ្គិសនី»។
ការផ្សព្វផ្សាយ Branding និង Marketing សំខាន់ណាស់សម្រាប់ការលក់ផលិតផល និងជាមូលហេតុដែលទឹកដោះគោគិរីសួគ៌បានទៅដល់ទីផ្សារក្នុងរយៈពេលខ្លី និងអាចប្រកួតប្រជែងជាមួយដៃគូមានវត្ថមាន ២០ឆ្នាំនៅលើទីផ្សារបាន។
លោកបានថ្លែងប្រាប់គណកម្មការយ៉ាងដូច្នេះថា៖ «ការផ្សព្វផ្សាយតាមរយៈ Sampling និងផ្សេងៗទៀត។ ការលក់ដោយផ្ដល់នូវប្រម៉ូសិន។ ផលិតផលក្នុងស្រុកយើងត្រូវតែមានប្រូម៉ូសិន ដើម្បីជួយ Support ការលក់របស់យើង»។
ផែនការទីផ្សាររបស់លោកគឺការបង្កើតទីផ្សារជាប់ជនបទ ជាទីដែលប្រជាជនដើមឡើយស្គាល់តែទឹកដោះគោឆៅ។
លោកបានរៀបរាប់ថា៖ «យើងបង្កើតប្រធានបទថា ទាំងអស់គ្នាត្រូវផឹកទឹកដោះគោដើម្បីអី ហើយទឹកដោះគោប្រភេទណាដែលយើងត្រូវជ្រើសរើសមកផឹក។ យើងត្រូវបង្រៀនប្រជាជនដើម្បីបង្កើតទីផ្សារ បង្កើតនូវតម្រូវការរបស់គាត់»។
ដោយចង់ឱ្យប្រជាជនបានឃើញផ្ទាល់ភ្នែក និងជឿជាក់លើសង្វាក់ផលិតកម្ម ដំណើរទស្សនកិច្ចទៅកសិដ្ឋានគិរីសួគ៌ លាតសន្ធឹងលើផ្ទៃដី៣០០ហិកតា ឯខេត្តតាកែវ ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារ ដើម្បីស្វាគមន៍ភ្ញៀវ ដោយភាគច្រើនសុទ្ធតែលាន់មាត់ថា៖ «ពិតជាធំមែន ពិតជាទំនើបមែន»។
ចំពោះលទ្ធផលដែលផ្ដល់ដល់សហគមន៍ កសិដ្ឋានគិរីសួគ៌ ក្រៅពីយើងផលិតនូវទឹកដោះគោដែលស្រស់ ដែលសម្បូរនូវសារធាតុចិញ្ចឹមសម្រាប់រាងកាយ សម្រាប់ប្រជាជនកម្ពុជា ក៏បានផ្ដល់នូវការឧបត្ថម្ភទឹកដោះគោយ៉ាងច្រើនទៅដល់អ្នកភូមិជុំវិញ កុមារកំព្រា សិស្សសាលា តាមភូមិឃុំ ស្ថាប័នផ្សេងៗទៀត កីឡាកររត់ម៉ារ៉ាតុង និងបាល់ទាត់។
លោកបានរៀបរាប់ទៀតថា៖ «យើងចូលរួមលើកស្ទួយផលិតផលក្នុងស្រុកដូចជាពោត សណ្ដែក គឺមិនត្រឹមតែយើងរស់នោះទេ កសិករនៅជុំវិញយើងក៏រស់ដែរ»។
កសិដ្ឋានមានផែនការលក់គោឱ្យប្រជាជនចិញ្ចឹម ជាមួយសក្ដានុពលចំណូល ២០ដុល្លារ បើក្នុង១ថ្ងៃការប្រមូលផលទឹកដោះគោស្រស់ពីគោ១ក្បាលបានប្រមាណ ២០លីត្រ។
កសិដ្ឋានក៏បានរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ការប្រើប្រាស់ជីគីមី រក្សាគុណភាពដី បណ្ដុះបណ្ដាលប្រជាជនជុំវិញខ្លួន និស្សិតយើង និងមជ្ឈដ្ឋានផ្សេងៗទៀតដែលអាចមកទទួលការចែករំលែកបទពិសោធពីកសិដ្ឋានគិរីសួគ៌។
គួររំឭកផងដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១គិរីសួគ៌ ដែលជាកសិដ្ឋានចិញ្ចឹម និងកែច្នៃទឹកដោះគោសុទ្ធ បានក្លាយជាកសិដ្ឋានដំបូងគេក្នុងការឈ្នះ «ពានមាសឧស្សាហកម្មបៃតងកម្ពុជា ឬ Cambodia Green Industry Awards» ដែលត្រូវបានរៀបចំជាលើកទី១ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរដោយ ផ្អែកទៅលើកត្តាជា កម្រិតនៃការប៉ះពាល់បរិស្ថាន ប្រភព និងប្រសិទ្ធភាពនៃចង្វាក់ផ្គត់ផ្គង់ ការផលិតដែលមានអនាម័យ មានការទទួលខុសត្រូវ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នានា រួមទាំងចំណុចវិនិច្ឆ័យជាច្រើនទៀត៕