រដ្ឋបាលរាជធានីភ្នំពេញ សម្រេច​កែសម្រួលប្លង់គោល​១ ដែល​ជំរុញ​ការ​អភិវឌ្ឍន៍​ រាជធានី​ភ្នំពេញ ទៅ​ជាបេះដូង​របស់​កម្ពុជា

  • 2022-11-30 02:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារាជធានីភ្នំពេញ ម្សិលមិញ​នេះ បាន​បើក​កិច្ច​ប្រជុំ​សំខាន់​មួយ ដោយ​លើក​យក​ប្លង់​គោល​១នៃ​ប្លង់​គោល​ឆ្នាំ២០៣៥ យក​មក​ធ្វើ​ការ​កែ​ប្រែ​មួយចំនួនឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ និង​លឿន​រហ័ស។ នេះ​បើ​តាម​ការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ "នៅរាជធានីភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ការប្រជុំថ្ងៃនេះ យើងលើកយកតែ ប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សានិងលើកទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោងអភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ "។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដមឃួង ស្រេង បានណែនាំឲ្យ​ភូមិបាលខណ្ឌទាំង​អស់ ត្រូវក្តាប់ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំងប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។បន្ថែមពីនេះខណ្ឌមួយចំនួន គឺបានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលទាមទារ​ឲ្យ​មាន​ការសិក្សាពីប្លង់មេឱ្យបានច្បាស់ ។

៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ(Update) ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន ។ មន្ទីរជំនាញ អភិបាលខណ្ឌខណ្ឌទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ជៀសឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥ នេះ ។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា“បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំនុចពិសេស នៃប្រសព្វទន្លេបួន ហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុពលប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំ និងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញ សម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕ ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទ៖ ទារិកា