មកស្គាល់ជើងខ្លាំងនិទ្ទេសA ៣នាក់សុទ្ធសឹងកើតចេញពីត្រកូលក្រខ្សត់ មិនសូវមានលទ្ធភាព

  • 2022-12-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥-០៦ធ្នូ ឆ្នាំសិក្សា ២០២២-២០២៣រួចមក ដោយសិស្សជាប់៩០,៩៥០នាក់ ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១,០៤៩នាក់, និទ្ទេស B ចំនួន៧,២៣២នាក់, និទ្ទេស C ចំនួន១៩,០៥៣នាក់, និទ្ទេស D ចំនួន៣១,១៦៦នាក់ និងនិទ្ទេស E ចំនួន៣២,៤៥០នាក់។

ចំណោមសិស្សនិទ្ទេសA ទាំង១,០៤៩នាក់ទូទាំងប្រទេស ក្នុងនោះSabayសូមនាំប្រិយមិត្តមកស្គាល់បេក្ខជនចំនួន៣រូបដែលទទួលបាននិទ្ទេសAផងដែរ ហើយមានការតស៊ូសិក្សារៀនសូត្រ សុទ្ធសឹងតែកើតចេញពីត្រកូលក្រខ្សត់ មានជីវភាពលំបាក ប៉ុន្តែប្អូនៗនៅតែខិតខំប្រឹងប្រែងបន្តក្ដីស្រមៃព្យាយាម មិនបោះបង់រហូតប្រឡងជាប់ទទួលបាននិទ្ទេសA (ល្អបំផុត) ។

យុវតី ឡៃ សុភន រស់នៅទីដាច់ស្រយាលក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង បានតស៊ូរៀន រហូតប្រឡងជាប់និទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះក្នុងចំណោមបេក្ខជនជាប់និទ្ទេស A សរុប១១១នាក់ទូទាំងខេត្តសៀមរាប។ ដោយសារជីវភាពលំបាក សុភន ធ្លាប់ត្រូវគ្រួសារស្នើឱ្យឈប់រៀនហើយជួយរកលុយដើម្បីសម្រាលបន្ទុកគ្រួសារផងដែរ ប៉ុន្តែប្អូនស្រីមិនបោះបង់រហូតប្រឡងជាប់ទទួលបាននិទ្ទេសA ។

យុវតី ឡៃ សុភន

យុវសិស្ស ខាវ ឧត្តម ជាកូនកំព្រាឪពុក រស់នៅជាមួយម្ដាយក្នុងខ្ទមកំសត់ មានជីវភាពខ្វះខាត រស់នៅភូមិពោធិរាំបុណ្យ ឃុំពន្លៃ ជាសិស្សវិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្អូនបានខិតខំតស៊ូព្យាយាមសិក្សារៀនសូត្រ រហូតបានទទួលលទ្ធផលល្អប្រសើរ និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ។

យុវសិស្ស ខាវ ឧត្តម

យុវតី ភាព ស្រីណាត់ រស់នៅជាមួយលោកយាយ មុខរបរលាងចាន តាមរោងការ រោងបុណ្យ រៀនផងស៊ីឈ្នួលលាងម៉ូតូផង ផ្សំចំណូលគ្រួសារជាមួយលោកយាយ តែយុវតី ណាត់រៀនពូកែណាស់ រហូតទទួលប្រឡងទទួលបាននិទ្ទេស A ផងដែរ ៕

យុវតី ភាព ស្រីណាត់

អត្ថបទដោយ៖ ស៊ូ អីន