Smart និង Pleng រួមគ្នាលើកស្ទួយវិស័យតន្ត្រីក្នុងព្រះរាជាណាចក្រ​កម្ពុជា​​ឈានខ្ពស់​មួយ​កម្រិតទៀត

  • 2023-02-27 10:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ២៣ កុម្ភ: ២០២៣៖ កម្មវិធីពានរង្វាន់ Pleng Music Awards ដែលជាកម្មវិធីពានរង្វាន់តន្ត្រីធំជាងគេបង្អស់ប្រចាំប្រទេសកម្ពុជា នឹងត្រលប់មកវិញសម្រាប់ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសិល្បករ និងសិល្បការនីដ៏ល្បីល្បាញជាង ៥០០ នាក់ ក្រោមការរៀបចំពី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។

ព្រឹត្តិការណ៍ពានរង្វាន់ Pleng សម្រាប់ឆ្នាំ ២០២៣ មួយនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី១៨ ខែ មីនា នៅបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្រ្គេនហល ហ្រ្គេនបលរ៉ូម និងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Pleng និងទំព័រហ្វេសបុករបស់ក្រុមហ៊ុន Smart Axiata រួមទាំងទំព័រហ្វេសប៊ុករបស់ដៃគូសហការជាច្រើនទៀតផងដែរ។

កម្មវិធីពានរង្វាន់ Pleng ត្រូវបានរៀបចំឡើងដំបូងក្នុងឆ្នាំ ២០២២ ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្តស្នាដៃ ក៏ដូចជាសមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និងអ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមានវត្តមាននៅក្នុងកម្មវិធីស្តាប់ចម្រៀង Pleng។

អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំព្រឹត្តិការណ៍តន្រ្តីដ៏គគ្រឹកគគ្រេងមួយនេះ ហើយក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Smart Axiata ក្នុងការគាំទ្រសិល្បករកម្ពុជាផងដែរ។

អ្នកស្រីបានមានប្រសាសន៍ថា «ក្រុមហ៊ុន Smart Axiata តែងតែមានការស្ងើចសរសើរចំពោះ ទឹកចិត្ត បេះដូង ស្នាដៃសិល្បៈ និងការប្តេជ្ញាចិត្តចូលរួមចំណែករក្សាកេរ្តិ៍មត៌ក និងវប្បធម៌ខ្មែររបស់សិល្បករ សិល្បការិនីខ្មែរ ដែលយើងបានធ្លាប់ធ្វើការជាមួយកន្លងមក។ ការរៀបចំព្រឹត្តិការណ៍ពានរង្វាន់ Pleng នេះឡើង គឺដើម្បីចូលរួមលើកកំពស់នូវស្មារតីរួបរួមគ្នា ដើម្បីគាំទ្រ និងលើកស្ទួយវិស័យសិល្បៈខ្មែរ ក៏ដូចជាការចូលរួមទទួលស្គាល់នូវសមិទ្ធផលរបស់សិល្បករ សិល្បការនីខ្មែរផងដែរ»។

កម្មវិធីពានរង្វាន់ Pleng ២០២៣ នឹងមានការទទួលជាកម្រាលព្រំក្រហម រួមទាំងការសម្តែងផ្ទាល់ ពីសំណាក់សិល្បករ សិល្បការនីល្បីឈ្មោះបោះសំឡេង សិល្បករ សិល្បការនីជើងចាស់ ជំនាន់ថ្មី និងបុគ្គលសាធារណៈល្បីល្បាញជាច្រើនរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ និងទទួលស្គាល់ស្នាដៃរបស់សិល្បករ និងផលិតករកំពូលៗក្នុងឧស្សាហកម្មនេះផងដែរ។

ជ័យលាភីពានរង្វាន់ទាំង ១០ នឹងត្រូវបានកំណត់តាមរយៈការបោះឆ្នោតពីសំណាក់ សាធារណជន (ស្មើនឹង ៤០ ភាគរយនៃពិន្ទុសរុប) ជាមួយនឹងការដាក់ពិន្ទុពីអ្នកជំនាញក្នុងវិស័យតន្រ្តី (ស្មើនឹង ៤០ ភាគរយនៃពិន្ទុសរុប) និងចំនួនសរុបនៃការស្តាប់របស់សិល្បករ សិល្បការនី និង បទចម្រៀងនៅលើកម្មវិធីទូរស័ព្ទដៃ Pleng ផងដែរ (ស្មើនឹង ២០ ភាគរយនៃពិន្ទុសរុប)។ អ្នកគាំទ្រ អាចចាប់ផ្តើមធ្វើការបោះឆ្នោតគាំទ្រសិល្បករ សិល្បការិនី និង បទចម្រៀងដែរខ្លួនពេញចិត្តក្នុងកម្មវិធីទូរស័ព្ទដៃ Pleng app ដោយឥតគិតថ្លៃបាន ចាប់ពីថ្ងៃទី ២៣ កុម្ភះ រហូតដល់ថ្ងៃទី ៨ មិនា ២០២៣។

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកគាំទ្រសិល្បករ សិល្បការិនីក្នុងស្រុកតាមរយៈការបង្កើតកម្មវិធីតន្រ្តី Pleng ក្នុងគោលបំណងគាំទ្រវិស័យសិល្បៈ និងកីឡានៅកម្ពុជា។ កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្រុមហ៊ុន Smart Axiata បានធ្វើការសហការជាមួយសិល្បករ សិល្បការនីល្បីល្បាញក្នុងស្រុកតាមរយៈកម្មវិធី Pleng ដើម្បីនិពន្ធបទ ចម្រៀងមួយក្រោមចំណងជើង «វីរភាពកីឡា» ដែលត្រូវបាន សម្តែងផ្ទាល់ក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ។

សម្រាប់ពត៌មានបន្ថែមពីព្រឹត្តិការណ៍តន្រ្តីមួយនេះ អាចតាមដានទំព័រហ្វេសបុកផ្លូវការរបស់ Pleng https://www.facebook.com/PlengBySmart/ និងទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនបាន https://www.facebook.com/SmartAxiata

អត្ថបទថ្មី