មិនខុសពីខ្មែរទេ! ឡានជជុះ Toyota និង Lexus នៅអាមេរិក ជាប់ជាប្រេន​ដែល​រក្សា​តម្លៃ​ល្អបំផុត​

  • 2023-03-13 06:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថា​តែនៅកម្ពុជាទេ ដែល​រថយន្ត Toyota និង Lexus មួយទឹក នៅតែមានការពេញ​និយម​ និងរក្សា​តម្លៃ​បានយ៉ាងល្អ ពោលគឺ​នៅអាមេរិក ក៏ដូចគ្នាផងដែរ ដោយ​ថ្មីៗនេះ ប្រេន​ទាំងពីរ បាន​ជាប់ក្នុងបញ្ជី​នាំមុខគេ​ ដែល​រក្សា​ភាព​ពេញនិយម និង​តម្លៃល្អបំផុត​នៅ​សម្រាប់​ប្រភេទរថយន្តជជុះ។

វេបសាយ Kelly Blue Book បាន​ប្រកាស​ចេញ​បញ្ជី​នៃពានរង្វាន់ Best Resale Value Award 2023 ក្នុងនោះ Toyota និង Lexus បាន​នាំមុខគេ ​ក្នុងនាម​ជាប្រេន​​ដែល​រក្សាតម្លៃល្អបំផុត ក្នុងទីផ្សារ​អាមេរិក។ ក្នុងនោះ Toyota ស្ថិតក្នុងប្រភេទ​រថយន្ត​ពេញនិយមបំផុត ខណៈ Lexus ជាប្រេន​រថយន្ត​ប្រណីត​ដែល​លក់ដាច់បំផុត។

បើតាម​ប្រភពដដែល​នេះ​បញ្ជាក់​ទៀតថា ក្នុងចំណោម​រថយន្ត​១០ម៉ូឌែល​​ដែល​ស្ថិតនៅលើ​កំពូលតារាង ក្នុងនោះ Tundra និង Tacoma របស់ Toyota គឺ​ជាម៉ូឌែល​រថយន្តមួយទឹក​ដែល​នៅតែមាន​តម្លៃ​​ល្អបំផុត​ ខណៈ​រថយន្ត Tesla នៅលេខរៀងទី៣។

ជាមួយគ្នានេះដែរ Honda ក៏​អាចរក្សាតម្លៃរថយន្តខ្លួនបានល្អផងដែរ ក្នុងទីផ្សាររថយន្តមួយទឹក​នៅអាមេរិក។ ក្នុងនោះរថយន្ត Honda Civic បានឈ្នះ​ប្រភេទរថយន្តស៊ីដេន ខណៈ Honda Accord ជារថយន្តស៊ីដេន​ធុនមធ្យម​លក់ដាច់បំផុត​នៅអាមេរិក៕

អត្ថបទ៖ សំភី