កម្មវិធីប្រកាស និងប្រគល់រង្វាន់ជយលាភីថ្នាក់ជាតិ ការប្រកួតប្រជែង”គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគត លើកទី១៦”

  • 2023-03-27 03:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាមញញឹមកុមារា កុមារី បានបង្ហាញនូវភាពស្រស់ស្រាយ និងមោទកភាពបំផុតសម្រាប់ពួកគេ នៅក្នុង កម្មវិធីប្រកាស និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦ របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលបានប្រារព្ធឡើងនៅ ផ្សារទំនើប អ៊ីអន មានជ័យ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣។

កម្ម​វិធី ប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៦“ អញ្ជើញចូលរួមក្រោមអធិបតីភាពរបស់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក រីអូជិ ហ្វូជីតា (Ryoji Fujita) ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ឪពុក​ ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារាកុមារីដែលជាម្ចាស់ជ័យលាភី ជាច្រើនទៀត។

ស្នាដៃគំនូរពោរពេញទៅដោយគំនិតច្នៃប្រឌិត និង ក្តីស្រម៉ៃដែលមនុស្សពេញវ័យភាគច្រើនមិនអាចធ្វើបានដូចប្អូនៗនេះ ត្រូវបានឆ្លងកាត់ពីការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត បានរកឃើញគំនូរ៩រូបល្អបំផុត ដែលឈ្នះជ័យលាភីថ្នាក់ជាតិជាផ្លូវការដើម្បីយកទៅប្រកួតប្រជែងក្នុងការប្រកួតបន្តនៅប្រទេសជប៉ុន។

ក្រៅពី ៩ រូបគំនូរនេះ ៣គំនូរផ្សេងទៀត ក៏ ទទួលបាន ពានរង្វាន់ National Best Finalist ក្នុង ប្រភេទ ក្រុមគូរគំនូនីមួយៗ ផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ មានស្នាដៃសិល្បៈគំនូរចុងក្រោយមួយដែលត្រូវបានជ្រើសរើសដោយលោកអគ្គនាយកផ្ទាល់ក្នុងនាមជាពានរង្វាន់អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។

សម្រាប់ការប្រកួតប្រជែងនាឆ្នាំ២០២៣ នេះ ​​ក្រុមហ៊ុនទទួល​បាន​ផ្ទាំងគំនូរពីបេក្ខជនដែលដាក់​ពាក្យ​ចូល​រួមប្រ​កួតចំនួន 1107 ផ្ទាំង​ ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឲ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ផងដែរថាក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូររថយន្ត​។

កម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ត្រូវបានចាប់ផ្តើមរៀបចំឡើងតាំងពីខែធ្នូ​ ឆ្នាំ២០២២ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។ ​ក្នុងចំណោមរូបគំនូរទាំង 1,107 ផ្ទាំង​នេះ ត្រូវ​បាន​​​​​បែងចែក​ជាបីក្រុមអាយុរួមមាន៖ ​ក្រុមអាយុក្រោម ៨ឆ្នាំ មានចំនួន122 ផ្ទាំង ក្រុមអាយុ​​ពី៨-១១ឆ្នាំ មានចំនួន 502 ផ្ទាំង និងក្រុមអាយុ១២-១៥ឆ្នាំ មានចំនួន 483 ផ្ទាំង។ ​​

សំរាប់ពានរង្វាន់កិត្តិយសអគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានទៅលើ កុមារី ឆន ស្រីមាស

សំរាប់អាយុក្រោម៨ឆ្នាំ:  ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ម៉ុន សុចិត្រភិមាន  ⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ចាន់សុខលី  ⁃ ចំណាត់ថ្នាក់លេខ២ : កែវ មុនីរ័ត្ន  ⁃ ចំណាត់ថ្នាក់លេខ៣ : គឹម ចាន់វណ្ណាស័ក្ត

សំរាប់អាយុ៨ឆ្នាំដល់១១ឆ្នាំ:  ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ លីម ស៊ូជីន  ⁃ ចំណាត់ថ្នាក់លេខ១ : សេន សុីណាហ្វីលីព  ⁃ ចំណាត់ថ្នាក់លេខ២ : ឈូ យូហ៊ុុយ  ⁃ ចំណាត់ថ្នាក់លេខ៣ : ថាន់ ចំរើនរីអារីយ៉ា

សំរាប់អាយុ១២ដល់១៥ឆ្នាំ:  ⁃ រូបគំនូរល្អបំផុតចុងក្រោយគឺ ជា ខេមរិន្ទ  ⁃ ចំណាត់ថ្នាក់លេខ១ : អុឹង ឆោមចាន់ដាវីន  ⁃ ចំណាត់ថ្នាក់លេខ២ : កែវ ឆដាវត្តី  ⁃ ចំណាត់ថ្នាក់លេខ៣ : អុឹង ចោមចាន់ដាណែត

ប្អូនៗកុមារដែលឈ្នះជាជ័យលាភីថ្នាក់ជាតិនេះ បានទទួលរង្វាន់ជាច្រើនដូចខាងក្រោម៖ ជ័យលាភីលេខ ១ ទទួលបាន Ipad 10th និងនាឡិកាឆ្លាតវៃមួយ ជ័យលាភីលេខ ២ ទទួលបាន Ipad 9th និងនាឡិកាឆ្លាតវៃមួយ ជ័យលាភីលេខ ៣ ទទួលបាន Huawei mate Pad ជ័យលាភីកិត្តិយស President award : Huawei mate Pad

សូមបញ្ជាក់ផងដែរនេះជាកម្មវិធីប្រកួតដ៏ពិសេសមួយរបស់ក្រុមហ៊ុន តូយ៉ូតា ដែលអនុញ្ញាតិអោយប្អូនកុមារៗបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេតាម គំនូររថយន្តក្នុងក្តីស្រម៉ៃ។ រាល់ការស្រម៉ៃរបស់គេ ដែលបានជាប់ជ័យលាភី នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុនដើម្បីប្រកួតជាមួយប្រទេសផ្សេងៗ។ អ្នកឈ្នះនឹងមានឱកាសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជារង្វាន់ពិសេស។

អត្ថបទពេញនិយម