តារាប្រុសម្នាក់ ឈ្នះពាន "តារាមុខមានមន្តស្នេហ៍" ពីសិង្ហបុរី
- 2014-11-26 18:11:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាប្រុសម្នាក់ ឈ្នះពាន "តារាមុខមានមន្តស្នេហ៍" ពីសិង្ហបុរី
ចន្លោះមិនឃើញ
លោក អ៊ុំ សយពិនណារ៉ុង តារាសម្ដែង និង ម៉ូដែលក្នុងក្រុម Hamsa Super Model ដែលបានចេញទៅប្រកួតកម្មវិធីមួយStar Hunk International Contest 2014 នៅប្រទេស សិង្ហបុរី កាលពីពាក់កណ្ដាលខែ វិច្ឆិកា កន្លងទៅ ពេលនេះទទួលបានដូចបំណងហើយ ដោយលោកបានទទួលបានពានជា " តារាមុខមានមន្តស្នេហ៍"។
Star Hunk International Contest 2014 ដែលបានធ្វើនៅប្រទេស សិង្ហបុរី បានបញ្ចប់ហើយកាលពីចុងសប្ដាហ៍មុននេះ បន្ទាប់ពីបានដំណើរការប្រកួតពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤។ កម្មវិធីនេះមានប្រទេសជុំវិញពិភពលោកចំនួន ១៧ ចូលរួម ហើយបេក្ខជនសរុបមានចំនួន ៣៣ នាក់។ លក្ខខ័ណ្ឌនៃកម្មវិធីប្រទេសមួយអាចបញ្ជូនតារារបស់ខ្លួនទៅចូលរួមមិនឲ្យលើសពី ៣ នាក់ឡើយ។
សម្រាប់ប្រទេសកម្ពុជាបានបញ្ជូនតារាតែម្នាក់ប៉ុណ្ណោះទៅចូលរួមប្រកួតកម្មវិធីនេះ គឺ លោក អ៊ុំ សយពិនណារ៉ុង ហើយជាលទ្ធផលតារារូបនេះបានជាប់ជា "តារាមុខមានមន្តស្នេហ៍"។ នេះបើតាមការឲ្យដឹងពី លោក មាស ណារ៉ូ អ្នកគ្រប់គ្រង Hamsa Entertainment Cambodia និងជាប្រធាន ក្រុមម៉ូដែល Hamsa Super Model ដែលជាអ្នកបញ្ជូនតារានេះទៅចូលរួម។
លោក មាស ណារ៉ូ បានរៀបរាប់ឲ្យដឹងថា ប្រទេសដែលជាប់ក្នុងកម្មវិធី Star Hunk International Contest 2014 លេខ១ បានទៅលើប្រទេស ហ្វីលីពីន លេខ ២ បានទៅលើប្រទេស ម៉ុងហ្គោលី លេខ៣ បានទៅប្រទេស ម៉ាឡេស៊ី ។ ក្រៅពីពីនេះ Star Hunk International មានពានពីរផ្នែកទៀត TOP5 និង TOP12។
ពាន TOP5 មានតែ ២ ប្រទេសប៉ុណ្ណោះ គឺ សាំងហ្គាពួរ និង ថៃ។
ចំណែកឯពាន TOP12 ឬ Special Awards (TOP12) មានប្រទេសទាំងអស់ ៦ ក្នុងនោះមាន ឥណ្ឌូណេស៊ី ២ នាក់ ហ្វីលីពីន ១ នាក់ កម្ពុជា ១ នាក់ តៃវ៉ាន់ ១ ម្នាក់ មីយ៉ាន់ម៉ា ១ នាក់ និង ប៉ាគីស្ថាន ១ នាក់។
ចុងឆ្នាំ ២០១៥ នេះ ក្រៅពី លោក អ៊ុំ សយពិនណារ៉ុង មានតារាម៉ូដែលកម្ពុជា ៣នាក់ផ្សេងទៀតបានទទួលពានមកពីក្រៅប្រទេសដូចគ្នា ក្នុងនោះ កញ្ញា ទូច មិនាថ កញ្ញា នូ ទឹមស្រីនៀត និង លោក យិត មាសឧស្សាហ៏ ហៅ Edwin ។
កញ្ញា ទូច មិនាថ បានទទួលពាន ជាតារារាងស្អាត ពីការប្រកួតកម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅប្រទេស ម៉ាឡេស៊ី កាលពីពាក់កណ្ដាលខែ កក្កដា ឆ្នាំ ២០១៤។
ចំណែក កញ្ញា នូ ទឹមស្រីនៀត ក៏ធ្លាប់បានឈ្នះជយលាភីផ្នែកប្រជាប្រិយ (Miss Popular Vote Award) ក្នុងកម្មវិធី Miss Grand International ពីប្រទេសថៃ កាលពីដើមខែ តុលា ឆ្នាំ ២០១៤ផងដែរ។
រីឯ លោក យិត មាសឧស្សាហ៏ ហៅ Edwin បានជាប់ពានរង្វាន់តារាញញឹមស្រស់ ជាងគេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅទីក្រុងហុងកុងកាលពីចុងខែកញ្ញា ឆ្នាំ ២០១៤ ។
លោក មាស ណារ៉ូបានលើកឡើងថា ជាមោទនភាពថ្មីមួយរបស់ក្រុមម៉ូដែល Hamsa Super Model ដែលបានទទួលពានពីកម្មវិធីនេះ។ ជាមួយគ្នានោះលោកប្រាប់ថា នឹងខិតខំដឹកនាំក្រុមម៉ូដែល របស់លោកឲ្យកាន់តែប្រសើរជាងនេះថែមទៀត ជាពិសេសនោះព្យាយាមទាក់ទង់ កម្មវិធីប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីឲ្យតារាកម្ពុជាមានឱកាសបានទៅចូលរួមប្រកួត៕
អានអត្ថបទ៖ តារាថ្មីៗ Cute Cute ដល់ហើយ កម្មវិធីយប់មិញ អានអត្ថបទ៖ ប៊ុត សីហា សុំទោសទស្សនិកជនរឿងពាក់ស្បែកជើងថតជាមួយព្រះសង្ឃ!
អត្ថបទ៖ ខុត សីហា