ប៊ុត សីហា សុំ​ទោស​ទស្សនិកជន​រឿង​ពាក់​ស្បែក​ជើង​ថត​ជា​មួយ​ព្រះសង្ឃ!

  • 2014-11-26 16:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជយលាភី The Voice Cambodia ប៊ុត សីហា បាន​សុំ​ទោស​ភ្លាមៗ​ដល់​ទស្សនិកជន ​បន្ទាប់​ពី​មាន​អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម Facebook រឿង​ពាក់​ស្បែក​ជើង​ថត​ជា​មួយ​ព្រះសង្ឃ។

 

វីដេអូ​ឃ្លីប រយៈ​ពេល ២​នាទី និង​ ១៥ ​វិនាទី ​បាន​បង្ហោះ​លើ​ Page របស់​ខ្លួន ​​លោក ប៊ុត សីហា បាន​​ឆ្លើយ​តប​អ្នក​រិះគន់​ថា លោក​មិន​មែន​ក្មេង​ឈ្លើយ ឬ​អន់​ចរិត​ដូច​ការ​លើក​ឡើង​​ឡើយ។ លោក​បាន​សុំ​ទោស​ចំពោះ​ទស្សនិកជន​នូវ​កំហុស​ឆ្គង​បន្តិចបន្តួច​ដោយ​ការ​ភ្លេច​ខ្លួន ​​បាន​កើត​​ឡើង​កាល​ពី​ពេល​ថ្មីៗ​ក្នុង​ពេល​ថត​រូប​ពាក់​ស្បែក​ជើង​​ជា​មួយ​ព្រះសង្ឃ។

 

 

លោក​បាន​បញ្ជាក់​ថា៖ "ខ្ញុំ​គ្មាន​ចេតនា​ធ្វើ​បែប​នេះ​ទេ​បងប្អូន។ ពេល​ខ្ញុំ​ចុះ​ពី​លើ​សាលាឆាន់​មក​មនុស្ស​ម្នាក់​​ច្រើន​មក​ចោមរោម​សុំ​ថត ហើយ​ខ្ញុំ​ក៏​ភ្លេច​ខ្លួន​មួយ​ភ្លែត​ទៅ​ពេល​ថត​ជា​មួយ​ព្រះសង្ឃ។ ខ្ញុំ​ពិត​ជា​គ្មាន​ចេតនា​មែន ហើយ​ខ្ញុំ​សុំ​អធ្យាស្រ័យ​ពី​ពុក​ម៉ែ​បងប្អូន"។

 

បន្ថែម​ពី​នេះ​តារា​ចម្រៀង​វ័យ​ក្មេង​ខាង​លើ​ក៏​ស្នើ​សុំ​ដល់​ទស្សនិកជន ជា​ពិសេស​បងប្អូន​តាម​បណ្ដាញ​សង្គម Facebook ធ្វើ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា កុំ​រិះគន់​បែន​បន្តុះបង្អាប់ ឬ​មួយ​​ជាន់​ពន្លិច​បន្ថែម​ទៀត។

 

លោក ប៊ុត សីហា មាន​ប្រភព​ចេញ​ពី​ខេត្ត កំពង់​ស្ពឺ។ លោក​បាន​ក្លាយ​ជា​ជយលាភី The Voice Cambodia កាល​ពី​ពេល​ថ្មី បន្ទាប់​ពី​ជ្រើសរើស​បទ​ចម្រៀង "ស្រលាញ់​បង​គ្មាន​អនាគត​ទេ" របស់​ ខេមរៈ សិរីមន្ត យក​ទៅ​មក​ស្រាយ៕  

 
  អានអត្ថបទបន្ត៖ លំហែ​អារម្មណ៍​ព្រឹក​នេះ​​ចម្រៀង​ ៩​បទ​​ពី ប៊ុត សីហា មុន​ចាប់​ផ្ដើម​ការងារ!  
    អត្ថបទ៖ អ៊ីង សុឡា