សូម​គិត! វីដេអូ​កំប្លែង​ដោយ​យក​ CO ជា​ប្រធាន​បទ កំពុងរុញ​ឲ្យ​ពលរដ្ឋ​ងាក​ទៅ​ប្រើ​កម្ចី​ក្រៅ​ផ្លូវការ​ដែល​មាន​ហានិភ័យ​ខ្ពស់

  • 2023-05-18 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​ចេញ​សេចក្ដីអំពាវនាវ​មួយ ដោយ​បាន​លើក​ឡើង​ពី​ការ​សម្ដែង​រឿង​កំប្លែង​ខ្លី ដោយ​យក​មន្ត្រីឥណទាន ឬ CO(Credit Officer) ធ្វើ​ជា​ឆ្អឹង​រឿង ខុស​ចាក​ពី​ការពិត​ទាំង​នោះ នឹង​រុញ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ ហើយ​ងាក​ទៅ​ប្រើ​កម្ចី​ក្រៅ​ផ្លូវ​ការ​វិញ ដែល​មាន​ហានិភ័យ​ខ្ពស់។​

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ជាញឹកញយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​ដូច​ជា Tiktok គេ​ឃើញ​លេច​ឡើង​វីដេអូ​កំប្លែង​ខ្លី​ ដោយ​យក​មន្ត្រីឥណទាន ឬ CO(Credit Officer) ធ្វើ​ជា​ឆ្អឹង​រឿង ដើម្បី​បម្រើ​ដល់​ការ​សើច​សប្បាយ​របស់​ប្រិយមិត្ត​លើ​ប្រព័ន្ធ​អនឡាញ។

រឿង​កំប្លែង​សម្ដែងអំពីការងាររបស់ មន្ត្រីឥណទាន(រូបតំណាង)

យោង​តាម​ខ្លឹមសារ​ក្នុង​សេចក្ដី​អំពាវនាវ​នោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​គូស​បញ្ជាក់​ថា ការសម្ដែងមួយចំនួន គឺ ប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។ បញ្ហា​នេះ សមាគម សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការ ផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។

"សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាច ខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅបើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន"។

អាស្រ័យដូចបានជម្រាបជូននេះ សូមម្ចាស់បណ្ដាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាង ការបង្ហោះ ឬចែកចាយនូវការសម្ដែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្ដាញសង្គម នឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម