នេះ​​វិជ្ជាជីៈ​​ល្អៗដែល​អាច​រៀន​បាន ពេល​សាលា​វិជ្ជាជីវៈ​ដំបូង​របស់​ក្រសួង​ទេសចរណ៍​ដំណើរ​ការ​នៅ ២០២៤

  • 2023-05-19 07:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ផែន​ការ​លើក​កម្ពស់​ធនធាន​ទេសរណ៍​មាន​វិជ្ជាជីវៈ​ច្បាស់ ក្រសួង​ទេសចរណ៍​បាន និង​កំពុង​ដំណើរ​ការ​សាងសង់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ដំបូង​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ត្រៀម​​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ជា​ច្រើន​ជំនាញ ស្រប​ពេល​តាម​ផែន​ការ សាលាវិជ្ជាជីវៈទេសចរណ៍​ទាំង​ពីរ​ទីតាំង​នេះ រំពឹង​ដំណើរ​នៅ​ឆមាស​ទី២​ឆ្នាំ ២០២៤។

សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ដំបូង​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បានចាប់ផ្តើមការសាងសង់ចាប់ពីខែធ្នូ ឆ្នាំ២០២២ មក។ មក​ដល់​ពេល​គម្រោង​សាងសង់ បាន​បង្ហាញ​ពី​វឌ្ឍនាភាព​គួរ​ជា​ទី​មោទនៈ។ ថ្លែង​នៅ​ឱកាស​ចុះ​ទៅ​ត្រួត​ពិនិត្យ​វឌ្ឍនាភាព​គម្រោង​សាងសង់​សាល​វិជ្ជាជីវៈ​ទេសចរណ៍​ថ្មី​ៗ​នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ រំពឹងថានឹងអាចចេញជារូបរាងរួចរាល់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណឆ្លើយតបទៅការអភិវឌ្ឍន៍នៃវិស័យ​ទេសចរណ៍​កម្ពុជា។

នៅ​ពេល​បញ្ចប់​ការ​សាងសង់ និង​ដំណើរ​ការ​នៅ​ឆ្នាំ២០២៤ តាម​ការ​គ្រោង​ទុក សាលាវិជ្ជាជីវៈទេសចរណ៍ អាចជ្រើសរើសសិស្ស-និសិត្សចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ដូចជា ៖ ១.ជំនាញសេវាកម្មសណ្ឋាគារ ២.សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៣.សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍ ជា​ដើម។

គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ គឺជាជំនួយឥណទានហិរញ្ញប្បទានលេខ CKH1126-01 រវាងព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ហើយសាលាជាតិទេសចរណ៍ដំបូង ត្រូវបានប្រារព្វពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្នុង​នោះ​ក្រុមហ៊ុន Group 4 ទទួល​បន្ទុក ជាអ្នកត្រួតពិនិត្យការសាងសង់ និងក្រុមហ៊ុន Urban Combo Building JV Lotus Green ជាអ្នកសាងសង់៕

អត្ថបទ៖ ទារិកា