នាយក Bayern ត្រូវបានបញ្ចប់ពីតំណែង មួយថ្ងៃមុនក្លឹបឈ្នះលីគកំពូលអាល្លឺម៉ង់
- 2023-05-29 12:08:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយក Bayern ត្រូវបានបញ្ចប់ពីតំណែង មួយថ្ងៃមុនក្លឹបឈ្នះលីគកំពូលអាល្លឺម៉ង់
ចន្លោះមិនឃើញ
លោក Oliver Kahn នាយកប្រតិបត្តិនៃក្លឹប Bayern Munich ត្រូវបានបញ្ចប់ពីតំណែង។ អនុប្រធានក្លឹបលោក Jan-Christian Dreesen ត្រូវបានតែងតាំងឡើងទៅកាន់តំណែងកំពូលប្រតិបត្តិនេះវិញ។
លោក Kahn កាន់តំណែង CEO នេះ តាំងពីឆ្នាំ ២០២០ មក។
លោក Kahn ត្រូវបានក្រុមប្រឹក្សាភិបាលក្លឹប Bayern សម្រេចបញ្ចប់ពីមុខតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពោលគឺមុនមួយថ្ងៃ ដែលក្លឹបយក្សអាល្លឺម៉ង់មួយនេះលើកពានលីគកំពូល Bundesliga។ បើតាម Kahn លោកមិនត្រូវបានក្លឹបអនុញ្ញាតឲ្យចូលរួមមើល Bayern លេងប្រកួតចុងក្រោយ ហើយឈ្នះពាននោះឡើយ។
ក្លឹប ក៏បានបញ្ឈប់ការងារផងដែរ ប្រធាននាយកដ្ឋានទទួលបន្ទុកកីឡា លោក Hasan Salihamidzic។ លោកបានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៧ មក។ បច្ចុប្បន្នក្លឹបកំពុងសម្លឹងមករកអ្នកមកជំនួសតំណែងនេះ។
Bayern មិនបានបញ្ជាក់ពីមូលហេតុនៃសេចក្ដីសម្រេចនូវការបញ្ចប់ការងារថ្នាក់ដឹកនាំកំពូលៗរបស់ក្លឹបទាំងពីររូបនេះឡើយ។ ទោះជាយ៉ាងណា បើតាមការវិភាគរបស់សារព័ត៌មាន AS បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលមិនសប្បាយចិត្តនឹងការដឹកនាំការងាររបស់ លោក Kahn និង លោក Salihamidzic លើបញ្ហាធំៗមួយចំនួនដូចជា ការធ្លាក់ទម្រង់លេងរបស់ក្រុម ក៏ដូចជាការទិញលក់កីឡាករមិនសូវល្អ ហើយការបញ្ចប់តំណែងដ៏តក់ក្រហល់គ្រូបង្វឹក Julian Nagelsmann ហើយជំនួសមកវិញដោយ Thomas Tuchel ជាដើម។
Bayern ហាក់ធ្លាក់ទម្រង់លេងក្នុងរដូវកាលនេះ។ ក្លឹបបានធ្លាក់ចេញពីកម្មវិធីធំៗដូចជា UCL តាំងពីលោក Tuchel មកដឹកនាំកាលពីចុងខែមីនា។ បើទោះបានឈ្នះលីគកំពូលអាល្លឺម៉ង់ក្នុងរដូវកាលនេះក្ដី ការឈ្នះនេះគឺទាំងលំបាកលំបិន ពោលគឺដោយសារតែ Dortmund មិនអាចយកឈ្នះ Mainz នៅប្រកួតចុងក្រោយប៉ុណ្ណោះ មិនមែនមកពី Bayern លេងល្អអស្ចារ្យនោះឡើយ។
ទោះជាយ៉ាងណា ការឈ្នះលីគឆ្នាំនេះ មានន័យថា Bayern ឈ្នះពាន Bundesliga ១១ ឆ្នាំជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏កម្រក្នុងលីគកំពូលទាំង ៥នៅអឺរ៉ុប៕