ប្រធានក្លឹប Paris-Saint-Germain ថា Mbappe ត្រូវតែចុះកុងត្រាថ្មី បើសិនជារូបគេចង់បន្តនៅ PSG

  • 2023-07-06 02:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានក្លឹប Paris-Saint-Germain លោក Nasser Al-Khelaifi បាននិយាយថាកីឡាករ Kylian Mbappe ត្រូវតែចុះកុងត្រាថ្មី បើសិនជារូបគេចង់បន្តនៅ PSG ទៀត។

ក្លឹបអ្នកមានរបស់បារាំង PSG ទើបតែបានតែងតាំងលោក Luis Enrique ជាគ្រូបង្វឹកថ្មី បន្ទាប់ពីបានបណ្តេញលោក Christophe Galtier ចេញពីតំណែង។ ក្នុងពេលដែលប្រកាសតែងតែងលោក Luis Enrique ប្រធានក្លឹប PSG បាននិយាយថា “ជំហររបស់យើងគឺច្បាស់ណាស់ បើសិនជា Mbappe ចង់បន្តនៅ ពួកយើងចង់ឱ្យគេនៅ ហើយរូបគេត្រូវតែចុះកុងត្រាថ្មី”។ លោកបន្តថា “យើងមិនអាចឱ្យកីឡាករដែលល្អបំផុតនៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ចាកចេញទៅដោយគ្មានតម្លៃខ្លួនឡើយ”។

កុងត្រារបស់កីឡាករ Mbappe ជាមួយក្លឹប PSG នឹងផុតសុពលភាពនៅក្នុងឆ្នាំ ២០២៤។ កីឡាករសញ្ជាតិបារាំងរូបនេះ បានផ្ទេរមកកាន់ក្លឹប PSG នៅក្នុងឆ្នាំ ២០១៧ ដោយលក្ខខណ្ឌខ្ចីជើងពីក្លឹប Monaco។ ក្រោយមក PSG បានទិញដាច់កីឡាកររូបនេះ នៅក្នុងតម្លៃខ្លួន ១៨០លានអឺរ៉ូ។ Mbappe រកគ្រាប់បាល់បាន ២១២គ្រាប់ នៅក្នុងការបង្ហាញខ្លួនចំនួន ២៦០ប្រកួតឱ្យក្លឹបអ្នកមានបារាំង៕

អត្ថបទ ៖ សង្ហា