ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ឆ្នេរអង្កោល នឹង​ស៊ីដាច់​ឆ្នេរទាំងអស់​នៅកម្ពុជា

  • 2023-07-10 04:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ថ្លែងថា ឆ្នេរអង្កោល គឺ​ជាទិសដៅ​នៃការ​​ធ្វើការអភិវឌ្ឍ​ដែល​មានប្រវែងជាង ៤គីឡូម៉ែត្រ ហើយ​ឆ្នេរនេះ​នឹង​ស៊ីដាច់ឆ្នេរ​ទាំងអស់នៅ​ទូទាំងប្រទេស។ ការថ្លែងនេះ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវចាក់បេតុងមួយខ្សែ​នៅភូមិអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីពេលថ្មីៗនេះ ដែល​ដកស្រង់​ចេញ​ផ្សាយ​ដោយ​ផេកហ្វេសប៊ុក «ព័ត៌មានខេត្តកែប»។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងប្រទេសកម្ពុជា មាន​តែខេត្ត២ប៉ុណ្ណោះ គឺខេត្តកែប និងខេត្តមណ្ឌលគិរី ដែល​ត្រូវបាន​រាជរដ្ឋាភិបាល យកធ្វើជាគោលដៅ​ទេសចរណ៍កម្រិតខ្ពស់។

ឯកឧត្តម ចម ប្រសិទ្ធ លើកឡើងថា រាជរដ្ឋាភិបាល នឹង​រៀបចំ​គោល​នយោបាយ​កែប្រែស្រែអំបិល​ នៅ​តំបន់នេះ។ ក្នុងនោះដី ២០% នៃស្រែអំបិល នឹង​ត្រូវ​ប្រែក្លាយ​ទៅជាដី​ប្រភេទ​ផ្សេង​ដូចជា អាជីវកម្ម រីសត តំបន់ទេសចរណ៍ និង​ផ្ទះសំណាក់​ជាដើម ដើម្បី​យកទៅចិញ្ចឹម​ស្រែអំបិល​ដែលនៅសល់ ៨០%។

សូម​ជម្រាប​ថា ឆ្នេរអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មាន​ចម្ងាយប្រមាណ ១២,២​គីឡូម៉ែត្រ​ពីទីរួមខេត្ដកែប។ តំបន់ទេសចរណ៍នេះ គឺជាឆ្នេរមួយដែលមានឆ្នេរខ្សាច់ពណ៌សក្បុស និងមានទេសភាពដ៏ស្រស់ស្អាតដោយមានដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ នៅទល់មុខឆ្នេរនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះស្វាយ និងកោះត្បាល់បានផងដែរ។

ឆ្នេរ​អង្កោល ត្រូវបាន​ដាក់បញ្ចូល​ជាតំបន់​ប៉ូលទេសចរណ៍​ក្នុងមុំយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ថ្មី របស់​ខេត្ត​កែប ក្នុង​ចំណោម​ប៉ូលទាំង៤ ​ដែល​ជាកន្លែង​ត្រូវ​ពង្រីក​សក្តានុពល​ទេសចរណ៍។ ប៉ូលទាំង៤រួមមាន៖ ប៉ូលទេសចរណ៍​ក្រុងកែបចាស់ ប៉ូលទេសចរណ៍​តំបន់​ភ្នំ​វល្លិ៍ ប៉ូល​ទេសចរណ៍​តំបន់​ប្រជុំកោះ និង​ប៉ូល​ទេសចរណ៍​តំបន់​អង្កោល៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី