ថ្ងៃបើក និងបំពាក់ឈៀង Miss Universe អ៊ិន សុភិន ត្រៀមពាក់មក្កុដតម្លៃជាង ២០ម៉ឺន ជូនម្ចាស់ជយលាភី
- 2023-07-28 03:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃបើក និងបំពាក់ឈៀង Miss Universe អ៊ិន សុភិន ត្រៀមពាក់មក្កុដតម្លៃជាង ២០ម៉ឺន ជូនម្ចាស់ជយលាភី
ចន្លោះមិនឃើញ
រយៈពេលជាង ២ម៉ោង នៃកម្មវិធីបើក និងបំពាក់ឈៀងផ្លូវការដល់បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២៣ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា បានធ្វើឲ្យមហាជនដែលទស្សនាតាមរយៈការLive និងទស្សនាដោយផ្ទាល់នៅស្ទូឌីយោស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ ចាប់អារម្មណ៍ខ្លាំង។
Miss Universe Cambodia 2023 បានបង្ហាញបេក្ខនារីចំនួន ៣៥រូប នៅក្នុងវគ្គបើកនេះ មុនឈានដល់ការប្រកួតជាច្រើនជុំ ដើម្បីរកម្ចាស់ជយលាភី បវរកញ្ញាចក្រវាឡឆ្នាំ២០២៣។ អនាគតម្ចាស់ជយលាភី នឹងទទួលបានឱកាសល្អៗលើវិស័យម៉ូដែល ជាមួយកិតិយស និងមកុដតម្លៃជាង ២០ម៉ឺនដុល្លារ។
ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ដែលជាអ្នករៀបចំកម្មវិធី បានថ្លែងទៅកាន់អ្នកសារព័ត៌មានមុនកម្មវិធីផ្សាយបន្ដិចថា បេក្ខនារីទាំង ៣៥រូប បានឆ្លងកាត់វគ្គសម្ភាសន៍ និងវគ្គជម្រុះជាច្រើនទៀតពោលគឺតាំងពីបេក្ខនារីរាប់ពាន់នាក់ មកនៅត្រឹម ៣៥នាក់ ដែលកម្មវិធីចាត់ទុកជាបេក្ខនារីផ្លូវការតំណាងចេញមកពីខេត្ដក្រុងនានា នៃប្រទេសកម្ពុជា។
បើតាមលោក អ៊ិន សុភិន បើទោះបីជានេះ ជាកម្មវិធីប្រឡងថ្នាក់ជាតិ ប៉ុន្ដែវាឱកាសមាសសម្រាប់បេក្ខនារីបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅកាន់បុគ្គលិក ឬបវរកញ្ញាកុងត្រាប្រចាំមហាហង្ស ហើយឈានទៅគ្រងមកុដដ៏ស្រស់ស្អាតដែលរចនាឡើងតាមរចនាបទប្រាសាទបន្ទាយស្រីរបស់ខ្មែរដ៏ល្អឯក។
លោក អ៊ិន សុភិន៖ "កម្មវិធីនេះខ្ញុំបានទិញពីក្រុមហ៊ុនធំ ដើម្បីមកធ្វើនៅស្រុកយើង ដោយមានការសហការជាមួយបាយ័ន ហើយខ្ញុំសូមប្រកាសថា មកុដ ដែលរចនាឡើងយ៉ាងប្រណីតមានតម្លៃមិនក្រោម ២០ម៉ឺនដុល្លារ កំពុងរង់ចាំពួកគាត់(បេក្ខនារី)ហើយ ដូច្នេះពីមួយវគ្គទៅមួយវគ្គគាត់ត្រូវខំប្រឹងឲ្យមែនទែន"។
ក្នុងចំណោមបេក្ខនារីទាំង ៣៥រូប ក៏មានបេក្ខនារីដែលជាភេទទី៣ ចូលរួមប្រកួតចំនួន ៣រូបផងដែរ។ កម្មវិធី នឹងរៀបចំកាលវិភាគ និងដាក់វិញ្ញាសារប្រកួតឈុតធំៗដូចជា៖ បង្ហាញឈុតតំណាងជាតិ និងឈុតហែលទឹកជាដើម ចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្ហាញមុខម្ចាស់មកុដពិតប្រាកដ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ៕