ផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE ប្រកាសភាពជាដៃគូ ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ
- 2025-04-01 07:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE ប្រកាសភាពជាដៃគូ ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥៖ នៅក្នុងការផ្លាស់ប្តូរជា ប្រវត្តិសាស្ត្រសម្រាប់ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នៅថ្ងៃនេះ ផលិតកម្ម បារមីបានប្រកាសភាពជាដៃគូ ដ៏សំខាន់ជាមួយក្រុមហ៊ុន EMPIRE ដែលជាក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីឯករាជ្យឈានមុខគេមួយនៅ លើពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលនៅពីក្រោយភាពល្បីល្បាញរបស់សិល្បករ ល្បីៗជាច្រើន ដូចជា Kendrick Lamar, Anderson Paak, Snoop Dogg, Cardi B ជាដើម និងទើបចុះកិច្ចសន្យាជាមួយ G-Dragon កាលពីពេលថ្មីៗនេះ។
កិច្ចសហការដ៏អស្ចារ្យនេះ គឺជាលើកទីមួយហើយ ដែលផលិតកម្មតន្រ្តីខ្មែរទទួលបានការគាំទ្រពីអន្តរជាតិ ឱ្យអាចឈានដល់កម្រិតនេះ ដែលនឹងជំរុញឱ្យសិល្បករខ្មែរទទួលបានភាពជោគជ័យជាសកល។
ការវិនិយោគដែលមានតម្លៃខ្ចង់លានដុល្លារនៅក្នុងវិស័យតន្ត្រីខ្មែរនេះ នឹងផ្តល់ឱ្យសិល្បករជំនាន់ក្រោយ ក៏ដូចជាសិល្បករបច្ចុប្បន្នរបស់ផលិតកម្មបារមី រួមទាំងតារាដ៏ល្បីល្បាញរបស់ផលិតកម្មបារមី ដូចជាលោក ម៉ាន់ វណ្ណដា (VannDa) ឱ្យទទួលបានការផ្សព្វផ្សាយលំដាប់ពិភពលោក ជាមួយការគាំទ្រផ្នែក បណ្តុះបណ្តាល និងអភិវឌ្ឍន៍សិល្បករ (Artist & Repertoire) ក៏ដូចជាការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំនៅក្នុងឧស្សាហកម្មនេះ។ កិច្ចសហការនេះ នឹងជួយពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងពិភពតន្ត្រី ដែលកំពុងវិវឌ្ឍជាសកល ខណៈដែលភាសាលែងជាឧបសគ្គ ហើយវេទិកាឌីជីថលបានលុបចោលដែនកំណត់ភូមិសាស្ត្រ។
កិច្ចសហការនេះ គឺមានលើសពីការផ្សព្វផ្សាយតន្ត្រី — វាតំណាងឱ្យការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងឧស្សាហកម្មតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព។ ភាពជាដៃគូនេះ ផ្តល់ឱ្យសិល្បករនូវធនធាន និងការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងឧស្សាហកម្មតន្ត្រី ដែលចាំបាច់ ដើម្បីពង្រីកលទ្ធភាពរបស់ពួកគេនៅលើឆាកអន្តរជាតិ។
កញ្ញា ម៉ម ឡរា ទេវរី នាយិកាប្រតិបត្តិ និងជាសហស្ថាបនិកផលិតកម្ម បារមី បានមានប្រសាសន៍ថា ៖«កិច្ចព្រមព្រៀងភាពជាដៃគូនេះ គឺជាការបោះជំហ៊ានយ៉ាងធំ។ ពេលនេះ តន្ត្រីខ្មែរមានវត្តមាននៅលើឆាកអន្តរជាតិ ហើយក្រុមហ៊ុន EMPIRE នឹងជួយយើងកសាងអាជីព សម្រាប់សិល្បកររបស់យើង ដែលមានក្តីស្រមៃឈានទៅកាន់ឆាកអន្តរជាតិ»។ «ចំពោះសិល្បករខ្មែរ, ការសហការនេះគឺជាផ្លូវមួយនាំឆ្ពោះទៅកាន់ការទទួលស្គាល់ជាសកល ខណៈដែលអ្នកគាំទ្រនឹងឃើញការសហការថ្មីៗជាមួយសិល្បករ និងផលិតករអន្តរជាតិជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ កិច្ចព្រមព្រៀងនេះនិងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឍមណ្ឌលនៅអាស៊ីអាគ្នេយ៍នៃពិភពតន្ត្រី។ លើសពីនេះទៀត ភាពជាដៃគូនេះនឹងជួយសិល្បកររបស់ផលិតកម្ម បារមី ក៏ដូចយុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាសិល្បកររបស់ផលិតកម្ម បារមី ដើម្បីសម្រេចក្តីស្រមៃ និងអាចប្រកួតប្រជែងនៅលើឆាកអនន្តរជាតិ»។
ភាពជាដៃគូរវាងផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE នៅតំបន់អាស៊ីអាគ្នេយ៍នេះ គូសបញ្ជាក់ពីការរីកចម្រើននៃតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិ ជាមួយនឹងវេទិកាផ្សព្វផ្សាយ (streaming) ដែលនឹងជំរុញឱ្យមានកិច្ចសហការឆ្លងដែនកាន់តែច្រើន។
លោក Ghazi Shami ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន EMPIRE បានលើកឡើងពីសក្តានុពលរបស់ប្រទេសកម្ពុជាថា ៖«នៅក្រុមហ៊ុន EMPIRE យើងតែងទទួលជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងមានទេពកោសល្យពិសេស។ ផលិតកម្ម បារមី កំពុងឈានមុខគេនៅកម្ពុជា ហើយយើងពិតជាមានមោទនភាព នៅក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញ ដើម្បីលើកម្ពស់តន្ត្រីខ្មែរនៅលើពិភពលោក»។
កញ្ញា ឡរា ម៉ម បានបញ្ជាក់បន្ថែមថា តាមរយៈភាពជាដៃគូនេះ សិល្បករ សិល្បការិនីនៃប្រទេសកម្ពុជា នឹងមានឱកាសជាច្រើនក្នុងការសហការជាមួយនឹងតន្រ្ដីករអន្ដរជាតិ តាមរយៈការត្បាញបញ្ចូលគ្នានូវសម្លេងសិល្បៈខ្មែរ ជាមួយនឹងឥទ្ធិពលតន្ត្រីពិភពលោក ហើយវាជាសាក្ខីភាពមួយដែលសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដ៏លេចធ្លោមួយនៅលើឆាកអន្ដរជាតិ និងកំពុងចាក់មូលដ្ឋានគ្រឹះ សម្រាប់ឧស្សាហកម្ម និងវិស័យតន្ត្រីប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។ តាមរយៈកិច្ចសហការនេះ សិល្បករខ្មែរពេលនេះ មានឱកាសថ្មីក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយទស្សនិកជននៅលើពិភពលោក ហើយនឹងធ្វើឱ្យកម្ពុជាមានមោទនភាព តាមរយៈការនាំយកវប្បធម៌របស់យើងទៅកាន់ឆាកអន្តរជាតិ នៅក្នុងកម្រិតមួយដែលយើងមិនធ្លាប់មានពីមុន៕
អំពីផលិតកម្ម បារមី
ផលិតកម្មបារមី គឺជាក្រុមហ៊ុនតន្ត្រីឈានមុខគេនៅកម្ពុជា ដែលបានជួយដល់ការអភិវឌ្ឍសិល្បករខ្មែរ និងផ្សព្វផ្សាយតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ បង្កើតឡើងក្នុងឆ្នាំ២០១៦, ផលិតកម្មបារមី បានត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសិល្បករអាជីព ការផលិតតន្ត្រី និងយុទ្ធនាការប្រកបដោយ ភាពច្នៃប្រឌិត ដែលជួយលើកស្ទួយវប្បធម៌ខ្មែរ ស្របពេលដែលជួយជំរុញឧស្សាហកម្មតន្ត្រី របស់ខ្លួនឆ្ពោះទៅមុខ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.baramey.com ឬតាមដានផលិតកម្មបារមី នៅលើបណ្តាញសង្គម។
អំពីក្រុមហ៊ុន EMPIRE
EMPIRE គឺជាក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីឯករាជ្យដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលត្រូវបានគេស្គាល់ថាជាអ្នកជួយពង្រីកសក្តានុពលនៃសិល្បករកំពូលៗក្នុងវិស័យតន្ត្រី hip-hop, R&B, Afrobeats និងតន្ត្រីសកល។ មានទីស្នាក់ការកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស្កូ, វិធីសាស្ត្រ យុទ្ធសាស្ត្រ និង បច្ចេកវិទ្យាទំនើបបំផុតរបស់ EMPIRE បានជួយលើកកម្ពស់ពិភពតន្ត្រីនៅសម័យទំនើបនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.empire.com ឬតាមដានក្រុមហ៊ុន Empire នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។