ឡូយហើយអ្នកកែប ខេត្តកែប ស្ថិតលើផ្លូវឆ្ពៅទៅក្លាយជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់
- 2023-08-07 09:21:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយហើយអ្នកកែប ខេត្តកែប ស្ថិតលើផ្លូវឆ្ពៅទៅក្លាយជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់
ចន្លោះមិនឃើញ
ខេត្តកែបដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា បានស្ថិតក្នុងផែនការមេរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តនេះ ជាជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់នៅកម្ពុជា។ នេះបើខ្លឹមសារនៅក្នុងកិច្ចប្រជុំមួយដឹកនាំដោយឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ស្តីពីការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ និងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣។
តាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ផែនការមេនេះត្រូវបានរៀបចំឡើងដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ដោយផ្អែកលើសក្តានុពលនិងភាពសម្បូរណ៍បែបនៃធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ខេត្តកែប «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់» ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។
ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងសម្រាប់ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប បានលើកឡើងថាជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូលអភិវឌ្ឍទេសចរណ៍ជា៤ រួមាន៖ ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក ទី២-ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើបទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ ជាតំបន់កសិ-ទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤-ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។
ឯកឧត្ដមរដ្ឋលេខាធិការបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនដែលត្រូវអភិវឌ្ឍ រួមមាន៖ ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណះ និងទេសភាពបៃតងសាធារណះ។
លោកថា ព្រឹត្តិការណ៍ទេសចរណ៍ដែលមានសក្តានុពលនឹងអាចរៀបចំនៅខេត្តកែប រួមមាន៖ ពិធីបុណ្យក្តាមសមុទ្រ ពិធិបុណ្យតូរ្យតន្ត្រី ពិធីបុណ្យពន្លឺ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ព្រឹត្តិការណ៍ប្រកួតកីឡា ពិធីបុណ្យ I Love Kep Day ពិធីបុណ្យកោងកាង និងពិធីបុណ្យម្រេចជាដើម។ ម្យ៉ាងទៀត ដើម្បីលើកកម្ពស់វិនិយោគនៅខេត្តកែប នឹងរៀបចំឱ្យមានវេទិការវិនិយោគទេសចរណ៍ខេត្តកែបប្រចាំឆ្នាំ ភូមិគ្រឹះឆ្នេរកែប និងក្រុមការងារពិគ្រោះយោបល់វិនិយោគខេត្តកែប។
លើសពីនោះ ផែនការមេក៏បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្រ្តទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ និងការបង្កើតមជ្ឍមណ្ឌលនវានុវត្តន៍ទេសចរណ៍តំបន់ឆ្នេរដែលជាបណ្តុំខួរក្បាល ចំណេះដឹងបទពិសោធន៍ និងការបង្កើតថ្មីសម្រាប់គាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។
ឯកឧត្ដម នី ផល្លី បានបន្តទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់ ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ត្រូវឈរលើទស្សនទាន «ការអភិវឌ្ឍទេសចរណ៍ត្រូវឈរលើមូលដ្ឋានការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ» និងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគោល និងអន្តរវិស័យនានា។
នាឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសគាំទ្រចំពោះផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ដកែបឆ្នាំ២០២៣-២០៣៥ និងបន្តថា ការខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលខាងលើ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅខេត្តកែបប៉ុណ្ណោះទេ តែវាក៏បានកែប្រែមុខមាត់របស់ខេត្តទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ទាក់ទាញបាននូវគ្រប់បណ្ដាអ្នកវិនិយោគគិន ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាសម្រាកលម្ហកម្សាន្តរយះពេលយ៉ូ ដែលជាកត្តាជួយជំរុញ និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់៕