មិនបាច់​ប្រឹងប្រជ្រៀតទៀតទេ! នៅស្រះស្រង់​ក៏អាច​ឱ្យភ្ញៀវទេសចរគយគន់​ថ្ងៃរះ​ថ្ងៃលិច​ដែរ

  • 2023-08-28 06:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរ និយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេស ប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែងឡើយ។

លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹកបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។

ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី