ឯកឧត្ដម ស សុខា ស្នើឲ្យសម្រួចប្រភេទកីឡាមួយចំនួន ក្រោយដណ្ដើមបានមេដាយ ៧១គ្រឿង

  • 2023-09-08 04:46:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានចូលជួបសម្តែងការគួរសម និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា ជូនឯកឧត្ដម ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។

រូបថត៖ ហ្វេសប៊ុកឯកឧត្ដម ស សុខា

ឆ្លងតាមបទពិសោធន៍ និងលទ្ធផលប្រកួតលើកនេះ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានផ្ដល់អនុសាសន៍ជាច្រើនទាក់ទងនឹងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដោយផ្ដោតលើវិន័យម៉ឺងម៉ាត់ ព្រោះថាកីឡាក្នុងក្របខណ្ឌនគរបាល សំខាន់បំផុតគឺវិន័យនេះហើយ។ ដូច្នេះទាំងមុន និងក្រោយការប្រកួតមិនអាចបណ្ដែតបណ្ដោយពេលវេលា ដោយចាំជិតដល់ថ្ងៃប្រកួតក្នុងព្រឹត្ដិការណ៍ណាមួយ ហើយទើបតែហាត់ពីរ ឬបីសប្ដាហ៍​ រួចក៏ចេញទៅប្រកួតនោះទេ គឺត្រូវហ្វឹកហាត់ជាប្រចាំ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម ស សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកីឡា ក្រសួងមហាផ្ទៃ ត្រូវសម្រួច ឬទម្រង់ទិសតែប្រភេទកីឡាណាដែលបានដាក់ទៅចូលរួមប្រកួត ហើយទទួលបានមេដាយមាសច្រើនជាងគេ។

ឯកឧត្ដម ស សុខា៖ “ទៅមុខទៀតគឺខ្ញុំសូមស្នើឲ្យសហការជាមួយអគ្គនាយកដ្ឋាន បច្ចេកវិទ្យា អប់រំ ផ្សព្វផ្សាយ ដើម្បីបង្កើតDeta base ដែលយើងបញ្ជូនកីឡាករទៅក្រៅទាំងក្របខណ្ឌកម្លាំងប្រដាប់អាវុធ និងស៊ីហ្គេមផ្សេងៗ ដើម្បីឲ្យដឹងថាតើប្រភេទកីឡាណាដែលយើងខ្លាំង យើងត្រូវសម្រួច និងតម្រង់ទិសទៅលើប្រភេទកីឡាហ្នឹង ព្រោះយើងអត់មានលទ្ធភាពទៅដាក់ទុនគ្រប់ប្រភេទកីឡាដូចគេទេ”។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកីឡា ក្រសួងមហាផ្ទៃ ដែលរាយការណ៍ដោយឯកឧត្ដម សរ សិទ្ធិ ឲ្យដឹងថា កម្មវិធីប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភព លើកទី២០ បានប្រារព្ធធ្វើឡើងនៅទីក្រុងWinnipeg ប្រទេសកាណាដា ហើយការប្រកួតបានចាប់ផ្តើមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ជាលទ្ធផល អត្តពលិក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន ៤៨នាក់ ដែលបានទៅចូលរួមប្រកួតលើ ១២ប្រភេទកីឡា ដណ្ដើមបានមេដាយសរុបចំនួន ៧១គ្រឿង ក្នុងនោះ មេដាយ មាស ៣៣ ប្រាក់២៩ និងសំរឹទ្ធ ៩៕

ជិន សុភ័ក្ដ្រ