សម្តេច​ធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមិនបាន​ជួប Elon Musk តែខ្ញុំជួបក្រុមហ៊ុន​ផលិតយន្តហោះ ប្រេង និងឱសថ

  • 2023-10-03 07:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ និយោជិត​នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជាក់​ថា ថ្វីត្បិតតែ​សម្តេច​មិនបាន​ជួប Elon Musk ដូចនាយករដ្ឋមន្រ្តីថៃ ក្នុងអំឡុងពេល​ចូលរួមមហាសនិ្នបាត​អង្គការសហប្រជាជាតិ​នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក កាលពីចុងខែកន្លងទៅ ប៉ុន្តែ​សម្តេច​បាន​ជួបជាមួយក្រុមហ៊ុនយក្ស​អាមេរិកជាច្រើន។

សម្តេច​ធិបតីថ្លែងថា ពេល​ទៅដល់អាមេរិកភ្លាម គឺសម្តេច​បាន​ជួប​ជាមួយបណ្តា​ក្រុមហ៊ុនធំៗ​ចំនួន៥៨ក្រុមហ៊ុន ក្នុងវេទិកាធុរកិច្ចមួយ បើទោះបីជាមិនបាន​ជួបដាច់ដោយឡែកមួយៗក៏ដោយ។

នេះជាប្រសាសន៍​របស់​សម្តេច ហ៊ុន ម៉ាណែត៖

«ខ្ញុំមិនបានជួបគាត់ (Elon Musk) ត្រូវហើយ ប៉ុន្តែខ្ញុំជួប ៥៨ក្រុមហ៊ុនអាមេរិក។ ក្នុងហ្នឹងមានក្រុមហ៊ុនយក្ស​របស់​អាមេរិកម៉ាកគោក។ ក្រុមហ៊ុនយក្ស​ដែលខ្ញុំជួប មានក្រុមហ៊ុន Boeing ក្រុមហ៊ុនយក្សកប៉ាល់ហោះ, ក្រុមហ៊ុន Pfizer ក្រុមហ៊ុនផលិតថ្នាំ, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Chevron ក្រុមហ៊ុនយក្សរឿង​វិស័យ​ប្រេងកាត...»។

ដោយសារមិនមាន​ពេលវេលាគ្រប់គ្រាន់ សម្តេច​ធិបតី បាន​ត្រឹមជួបដាច់ដោយឡែក​តែជាមួយ​​ក្រុមហ៊ុន Pfizer មួយប៉ុណ្ណោះ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុននេះ មកវិនិយោគ​នៅកម្ពុជា៕

អត្ថបទ៖ សំភី