គោលដៅ​ថៃ​ក្លាយ​ជាប្រទេស​មានចំណូលខ្ពស់៖ និស្សិតរៀនចប់ ប្រាក់ខែយ៉ាងហោច ៦៨០ដុល្លារ ឯប្រាក់ឈ្នួលកម្មករយ៉ាងហោច ១៦ដុល្លារ​ក្នុង១ថ្ងៃ

  • 2023-10-05 02:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី​ថៃ លោក ស្រេតថា ថាវីស៊ីន បាន​ប្រកាសថា រដ្ឋាភិបាល​នឹង​ដាក់​គោលដៅ​ឱ្យប្រទេសថៃ​ ក្លាយ​ជាប្រទេស​មានចំណូលខ្ពស់ ក្នុង​រយៈពេល ៤ឆ្នាំ​ទៀត គឺ​នៅឆ្នាំ​២០២៧។

ជំហានដំបូង ដើម្បីសម្រេច​គោលដៅនេះ គឺ​ត្រូវធ្វើយ៉ាងណា​ដំឡើងប្រាក់ខែ​ និងប្រាក់ឈ្នួលដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះ​សម្រាប់​និស្សិត​ដែលបញ្ចប់​មហាវិទ្យាល័យ ​នឹង​ទទួល​បាន​ប្រាក់ខែ ២ម៉ឺន ៥ពាន់បាត ឬប្រហែល ៦៨០ដុល្លារ ចំណែក​កម្មករ​នឹង​ទទួល​បាន​ប្រាក់ឈ្នួលប្រចាំថ្ងៃ ៦០០បាត ឬប្រហែលជាង ១៦ដុល្លារ។ ជាមួយនឹង​គោលនយោបាយនេះ រដ្ឋាភិបាល​នឹង​អាចប្រមូល​ពន្ធ​បាន​កាន់តែខ្ពស់​សម្រាប់​ការវិនិយោគ​បន្ថែម។

លោក ស្រេតថា បាន​ថ្លែងថា រដ្ឋាភិបាល​ថៃ បាន​ជួបបញ្ហាប្រឈម​នឹងស្ថានភាព​សេដ្ឋកិច្ច សង្គម និងនយោបាយ។ បញ្ហា​ខ្សែចង្វាក់ផ្គត់ផ្គង់​សាកល បាន​រងឥទ្ធិពល​ដោយ​សារជម្លោះភូមិសាស្រ្តនយោបាយ ហើយ​ក៏បាន​ប៉ះពាល់​ដល់ការនាំចេញ​របស់​ប្រទេសថៃផងដែរ។

ជាមួយគ្នានេះ ប្រទេសថៃ បាន​ជួប​នឹង​បាតុភូត អ៊ែល នីណូ ដែល​នឹង​ប៉ះពាល់កសិករ​រាប់លាននាក់ ខណៈ​កសិករ​ជាច្រើន​ បាន​ចាក់ស្រេះទៅដោយ​បំណុល។ រដ្ឋាភិបាល នឹង​ដោះស្រាយ​បញ្ហាទាំងនេះ​ ព្រមទាំង​ជំរុញ​ការផលិត​ និងតម្លៃកសិផល ដើម្បីបង្កើន​ចំណូល​ដល់កសិករ ក៏ដូចជា​កាត់បន្ថយ​ថ្លៃជី។

ជារួម​ នៅក្នុងរយៈពេលនេះ រដ្ឋាភិបាល​នឹង​ផ្តោត​ទៅលើ​ការបង្កើនចំណូល កាត់បន្ថយការចំណាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

ថ្មីៗនេះ ប្រទេស​ថៃ បាន​ទទួលភ្ញៀវទេសចរចិនយ៉ាងគំហុក បន្ទាប់ពីបាន​ដាក់ចេញ​គោលនយោបាយ​លើកលែងទិដ្ឋាការ​ចំពោះ​ជនជាតិចិន និង​កាហ្សាក់ស្ថាន។ រដ្ឋាភិបាល​ក៏គ្រោង​ធ្វើបែបនេះ​បន្ថែមទៀត​ទៅលើ​ភ្ញៀវ​ជនជាតិផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរ។ ទន្ទឹម​នឹងនោះ ដើម្បីកាត់បន្ថយការចំណាយ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋថៃ គណៈរដ្ឋមន្រ្តី​ក៏បាន​អនុម័ត​ក្នុងការ​កាត់បន្ថយ​ថ្លៃសាំង និងឧស្ម័ន និងកាត់បន្ថយ​ថ្លៃ​ពន្ធនាំចូលថាមពល​នេះផងដែរ។

ដើម្បី​សម្រេច​គោលដៅ​ក្លាយ​ជាប្រទេសអ្នកមាន រដ្ឋាភិបាលថៃ ក៏នឹង​ជំរុញ និងគំាទ្រ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាពិសេស​ឧស្សាហកម្ម​ដែល​ប្រើបច្ចេកវិទ្យា​ជាន់ខ្ពស់៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម