ព្រលានយន្តហោះសៀមរាបថ្មី នឹង​អាច​ទទួលអ្នកដំណើរបានដល់ ១២លាននាក់ ​ត្រឹមឆ្នាំ​២០៤០

  • 2023-10-17 03:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ត្រូវបានបើកដំណើរការដើម្បីទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានអ្នកដំណើរប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកកាន់ខេត្ដសៀមរាប។

មានប្រសាសន៍ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគរហូតដល់ទៅ ១.១០០លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា ព្រលានថ្មីទំនើបនេះ មានសមត្ថភាពទទួលយន្តហោះមកពីគ្រប់ទិសទី ទាំងជិតទាំងឆ្ងាយ ហើយក៏អាចទទួលយន្តហោះប្រភេទប៊ូអ៊ីង៧៨ និងអ៊ែរប៊ឺស៣៥០ បានផងដែរ។ ជាមួយគ្នាននេះព្រលាននេះក៏មានចំណតសម្រាប់យន្តហោះចុះចតចំនួន៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ចំនួន ៧លាននាក់ នៅឆ្នាំ២០២៤ និងពង្រីកដល់ ១២លាននាក់នៅឆ្នាំ២០៤០។ ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មីនេះដែរ គ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិនទៀតផង។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាសមិទ្ធផលដ៏ធំធេងបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

ឯកឧត្តមសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិដែលជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។

អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១,០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឲ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា អតីតតំបន់ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ ជាកន្លែងសង្គ្រាមដ៍ក្ដៅគគុកនៅមុនឆ្នាំទស្សវត្សរ៍៩០ ប៉ុន្ដែនៅបច្ចុប្បន្នជាភ័ព្វសំណាងរបស់កម្ពុជា បានឱ្យធ្វើទីតាំងនេះឲ្យក្លាយជាអាកាសយានដ្ឋានអន្ដរជាតិដ៍សំខាន់បំបផុតសម្រាប់កម្ពុជា។ ចំពោះការបើកឱ្យដំណើរអាការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងថ្ងៃដំបូងនេះ ក៏ជាការបើកទំព័រប្រវត្ដិសាស្ដ្ររបស់កម្ពុជា និងជាលើកស្ទួយវិស័យទេសចរក្រោយវិបត្ដិកូវីដ-១៩ ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាប-អង្គរ នៃយើងផងដែរ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទថ្មី