ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ លើភ្នំបូកគោ បានបិទបញ្ចប់នៅមុនបន្ដិច

  • 2023-10-29 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ២ថ្ងៃ នៃការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ ឆ្នាំ២០២៣ នៅលើកំពូលភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី២៩ ខែតុលា ក្រោមវត្ដមានកីឡាករ-កីឡាការិនីរាប់រយនាក់ ប្រកបដោយទឹកមុខរីករាយ និងមិត្ដភាព។

កម្មវិធីសប្បុរសធម៌ ដែលត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា សុខ គង់ តាំងពីឆ្នាំ២០១៣ មកនោះ បានឈានដល់លើកទី៨ ហើយ ហើយកម្មវិធីនេះទទួលបានការអបអរសាទរ និងមានអ្នកចូលរួមកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយអ្នកចូលមានស្ទើរគ្រប់វ័យ ហើយភាគច្រើនបានស្កាត់មកតាំងពីរាជធានីភ្នំពេញ និងខ្លះនៅក្នុងខេត្ដកំពតផ្ទាល់។

បុគ្គលិកធននាគារ និងជាកីឡាកររត់ចម្ងាយ ២១គីឡូម៉ែត្រម្នាក់ គឺលោក នេត ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានក្រោយរត់បញ្ចប់ ហើយទទួលមេដាយកិត្ដិយសក្នុងទឹកមុខរីករាយថា រូបលោក និងមិត្ដភក្ដិចំនួន ៨នាក់ផ្សេងទៀត បានរត់ក្នុងចម្ងាយដូចគ្នា ខណៈដែលបុគ្គលិកធនាគារអេស៊ីលីដាប្រមាណ ១០០នាក់ផ្សេងទៀត ក៏បានចូលក្នុងព្រឹត្ដិការណ៍នេះដែរ ប៉ុន្ដែរត់ក្នុងចម្ងាយផ្សេងៗគ្នា។

លោក នេត ពិសិដ្ឋ៖ “ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗមានមនុស្សចូលរួមកាន់តែច្រើន តែឆ្នាំនេះមើលឃើញថាមានអ្នកចូលរួមកាន់តែច្រើន ខ្ញុំដឹងព្រោះខាងខ្ញុំធ្លាប់ចូលរួម ៤លើកហើយ ហើយតាមរយៈព្រឹត្ដិការណ៍នេះ ខ្ញុំជឿថា នឹងធ្វើឲ្យប្រជាជនយើងងាកមកគិតគូពីរឿងសុខភាព ការងារមនុស្សធម៌ដូចជាពួកខ្ញុំដែរ”។

ចំណែកលោក ឡៃ ហៀង ហៅតាសាច់ដុំ បានបង្ហាញចំណាត់អារម្មណ៍ថា ជាទូទៅលោកហាត់ប្រាណ ដើម្បីសុខភាពតែនៅក្នុងក្លឹបហាត់ប្រាណ ប៉ុន្ដែបានមករត់បណ្ដើរគយគន់ទេសភាពលើខ្នងភ្នំបូកគោបណ្ដើរធ្វើឲ្យលោកមានអារម្មណ៍កាន់តែស្រស់ស្រាយ បើទោះបីជាលោករត់ក្នុងចំណាយ ១០គីឡូ ដោយប្រើពេលរត់ខ្លីក៏ដោយ។

លោក ឡៃ ហៀង បញ្ជាក់ថា ការចូលរួមរបស់លោក និងភរិយា ព្រមទាំងកីឡាករ-កីឡាការិនី ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះ គឺបង្ហាញកាយវិកាជួយសង្គមជាតិផង ជួយដល់កុមារកម្ពុជាដែលត្រូវចូលទៅព្យាបាល ឬសង្គ្រោះនៅមន្ទីរពេទ្យគន្ធាបុប្ផាផង ហើយក៏បានកំដៅសាច់ដុំដើម្បីសុខភាពដែលលោកចាត់ទុកថា ជាការងារចាំបាច់ក្នុងជីវិតរបស់លោកទៀតផង។

សូមរំលឹកថា ព្រឹត្តិការណ៍ការនេះមានអ្នកស្នេហាកីឡាចូលរួមសរុប ៨៩៧ នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួន៧៣៥ នាក់ និងអ្នកចូលរួមប្រណាំងកង់ចំនួន ១៦២នាក់។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងរួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត ៣គីឡូម៉ែត្រ។ រីឯការប្រណាំងកង់មានចម្ងាយ ៣២គីឡូម៉ែត្រ ដែលជាឱកាសដ៏ល្អក្នុងការបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាមួយមិត្តភក្តិ និងក្រុមគ្រួសារ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី