វត្ដមានតារាសម្ដែងថៃ Pee Yoon នៅកម្ពុជា ផ្អើលអ្នកគាំទ្រនៅផ្សារទំនើប K-Mall យប់មិញ

  • 2023-12-17 02:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុំទាន់មានតួលេខជាក់លាក់បង្ហាញពីចំនួនអ្នកគាំទ្រ ប៉ុន្ដែនៅជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ នៃផ្សារទំនើប K-Mall កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ គេឃើញមនុស្សខ្ទង់ពាន់នាក់បានចោលក្រសែភ្នែកទៅកាន់តារាសម្ដែងថៃ Pee Yoon អមដោយស្នូរទះដៃអបអរចំពោះវត្ដមានរបស់លោកជាលើកទី២ នៅលើទឹកដីកម្ពុជា។

ដើម្បីផ្ដល់ជាកាដូ តបស្នងចំពោះអ្នកគាំទ្រដែលស្រឡាញ់រាប់អាន និងបានស្កាត់មកជួបលោកដោយផ្ទាល់ Pee Yoon បានឡើងលើឆាកបកស្រាយចម្រៀងមួយបទជាភាសាថៃយ៉ាងពីរោះ។ បន្ទាប់ពីច្រៀងចប់ លោកក៏ឈរនៅចំពោះមុខអ្នកគាំទ្រ ហើយបើកឲ្យសួរនូវសំណួរមួយចំនួនពីអ្នកគាំទ្រ ដោយមានការសម្របសម្រួលពីអ្នកស្រី ម៉ាដាមដា ជាអ្នកបកប្រែដោយផ្ទាល់ផងដែរ។

តាមរយៈកម្មវិធីបើកបង្ហាញជាផ្លូវការនូវ ខលឡាជេនជំនាន់ថ្មី នៃក្រុមហ៊ុន ម៉ាដាម ដា លោក Pee Yoon បានបញ្ជាក់នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័នថា រូបលោក និងម៉ាដាមដា ព្រមទាំងតារាខ្មែរមួយចំនួនទៀត កំពុងធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា ដោយតម្លៃខ្លួន និងប្រាក់ចំណេញពីការលក់ផលិតផលខ្លះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពមនុស្សធម៌ ដូចជាចុះចែកអំណោយដល់ប្រជាជនក្រីក្រនៅតាមជនបទ។

ក្រៅពីវត្ដមានរបស់តារាសម្ដែងថៃ Pee Yoon ក៏មានវត្ដមានតារាចម្រៀងខ្មែរ ថុល សុភិទិ និងលោក ស៊ឹម ចាន់ពន្លឺ ព្រមទាំងសិល្បករ-សិល្បការិនីខ្មែរល្បីៗជាច្រើនរូបចូលរួមផងដែរ។ ជារឿយៗគេឃើញកម្មវិធីដែលរៀបចំដោយអ្នកជំនួញវ័យក្មេង មាដាមដា តែងតែនាំយកតារាថៃ ឬតារាខ្មែរល្បីៗឲ្យបានជួបអ្នកគាំទ្រ ហើយអ្នកគាំទ្រតែងតែស្កាត់ទៅជួប។ ជាក់ស្ដែងកម្មវិធីដែលអនុញ្ញាតឲ្យមហាជនចូលទស្សនាដោយសេរី គឺមានមនុស្សរាប់ពាន់នាក់បានចូលទស្សនា៕

ជិន សុភ័ក្ដ្រ