មកស្គាល់បណ្ដាប្រទេស ដែលហាមមិនឲ្យមានការប្រារព្ធបុណ្យណូអែល
- 2023-12-25 11:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បណ្ដាប្រទេស ដែលហាមមិនឲ្យមានការប្រារព្ធបុណ្យណូអែល
ចន្លោះមិនឃើញ
ខណៈប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រារព្ធបុណ្យណូអែល មានប្រទេសយ៉ាងហោចណាស់ចំនួន ៣ ដែលបានចេញបម្រាមជាផ្លូវការ មិនឲ្យមានការប្រារព្ធឡើងនូវបុណ្យនេះ។ ប្រទេសទាំងនោះមានដូចតទៅ៖
១.ប្រទេសប្រ៊ុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានហាមមិនឲ្យមានការប្រារព្ធបុណ្យណូអែលជាសាធារណៈនៅឆ្នាំ ២០១៥។ ជនណាដែលហ៊ានល្មើសនឹងបម្រាមនេះ នឹងប្រឈមនឹងការផាកពិន័យ ក៏ដូចជាការជាប់ពន្ធនាគារ។
២.ប្រទេសតាហ្ស៊ីគីស្ថាន៖ ដូចប្រ៊ុយណេដែរ កាលពីឆ្នាំ ២០១៥ ប្រទេសអាស៊ីកណ្ដាលមួយនេះ បានចេញបម្រាមមិនឲ្យមានការប្រារព្ធបុណ្យណូអែល។ ការឲ្យកាដូគ្នា ការលេងកាំជ្រួច ការហូបអាហារជុំគ្នា ការរៃអង្គាស ព្រមទាំងការតុបតែងដើមណូអែល ក្នុងអំឡុងពេលបុណ្យនេះ ត្រូវបានហាមឃាត់។ បុណ្យ Halloween ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធដែរនៅប្រទេសមួយនេះ។
៣.ប្រទេសសូម៉ាលី៖ ប្រទេសអាហ្វ្រិកមួយនេះ កាលពីឆ្នាំ ២០១៥ បានចេញបម្រាមច្បាស់ៗថា នឹងមិនឲ្យមានការប្រារព្ធបុណ្យណូអែលឡើយ ដោយយោងទៅលើហេតុផលពីរ។ ហេតុផលទី១ គឺពលរដ្ឋសូម៉ាលីជាច្រើនកាន់សាសនាឥស្លាម ខណៈមូលហេតុទី២ គឺបញ្ហាសន្តិសុខ។ ប្រទេសមួយនេះ ខ្លាចការប្រារព្ធបុណ្យនេះ ធ្វើឲ្យក្រុមភេរវករឥស្លាមជ្រុលនិយម al-Shabaab ធ្វើការវាយប្រហារ។
ក្រៅពីប្រទេសទាំងបី ខាងលើ ក៏មានបណ្ដាប្រទេសមួយចំនួនទៀតដូចជា អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងជើងជាដើម ក៏មានការរឹតបន្តឹងការប្រារព្ធពិធីបុណ្យណូអែលផងដែរ បើទោះមិនបានចេញបម្រាមផ្លូវការចំៗក៏ដោយ៕