ធនាគារ វីង គាំទ្រកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨

  • 2024-11-05 04:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ វីង លើកទឹកចិត្តទៅដល់យុវជនដែលមានទេពកោសល្យ ដើម្បីបង្ហាញពីវប្បធម៌ដ៏ត្រចះត្រចង់របស់កម្ពុជាតាមរយៈកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

ធនាគារ វីង (ខេមបូឌា) ម.ក នៅតែបន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការគាំទ្រកម្មវិធីផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមយុវជន​អន្តរជាតិ គឺកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលហៅកាត់ថា “SSEAYP”។

ប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីនេះតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺមួយឆ្នាំបន្ទាប់ពីទទួលស្គាល់ជាសមាជិកអាស៊ាននៅក្នុងឆ្នាំ១៩៩៩ ដែលគិតមកទល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ ៦៦៤នាក់ទទួលបានបទពិសោធន៍ពីកម្មវិធីនេះរួចមកហើយ។ ឆ្នាំ២០២៤នេះ គឺជាលើកទី៤៨ហើយ ដែលកម្មវិធី SSEAYP ត្រូវបានរៀបចំធ្វើឡើងចាប់តាំងពីកម្មវិធីនេះបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤។

យុវជន​កម្ពុជាចំនួន ​១៥រូប និងប្រធានប្រតិភូ ០១រូបនឹងត្រូវទៅចូលរួមកម្មវិធីនេះ បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឱ្យបេក្ខជនសរសេរសំណេរប្រកួតប្រជែង ការសម្ភាសន៍ដើម្បីវាយតម្លៃសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌ ក៏ដូចជាចំណេះដឹងទាក់ទិនទៅនឹងកិច្ចការអាស៊ាន-ជប៉ុនផងដែរ។

យុវជនកម្ពុជាទាំងនេះ នឹងត្រូវចូលរួមជាមួយប្រតិភូយុវជនទាំង ១៦៨នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើដំណើររួមគ្នានៅលើនាវា ​ Nippon Maru រយៈពេល៣៨ថ្ងៃ ដែលពួកគេនឹងត្រូវចូលរួមសកម្មភាពការពិភាក្សាលើប្រធានបទដែលកម្មវិធីដាក់ជូន ការធ្វើការងារជាក្រុម ការសម្ដែង វប្បធម៍ អរិយធម៍កម្ពុជា និងការស្នាក់អាស្រ័យនៅតាមផ្ទះ ក្នុងប្រទេសដែលនាវាចូលចត ដើម្បីបំពាក់បំប៉នជំនាញភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី SSEAYP ដែលស្របទៅតាមបេសកកម្មធនាគារ វីង ដែលតែងតែជំរុញលើកទឹកចិត្ត និងផ្តល់នូវសិទ្ធអំណាចទៅដល់យុវជនជំនាន់ក្រោយ។

លោក ហោ ប៊ុនថែ បានលើកឡើងថា៖​ “ការគាំទ្រយុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍សកលមិនត្រឹមតែបង្កើនការយល់ដឹងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងការរួមចំណែកទៅដល់សង្គមឱ្យបានកាន់ប្រសើរថែមទៀត។ លោក ហោ ប៊ុនថែ បានបន្តថា៖ “យើងខ្ញុំពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ឃើញ​យុវជន​កម្ពុជា​ចាប់​យកនូវ​ឱកាស​នេះ ដើម្បីចូល​រួមនៅលើ​ឆាក​អន្តរជាតិ ហើយ​បង្ហាញ​នូវ​មោទនភាពវប្បធម៌ដ៏ផូរផង់ និងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

កម្មវិធី SSEAYP លើកទី៤៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤​ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចសិក្សាតាមនាវានេះ នឹងចុះចតនៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ ទស្សនកិច្ចសិក្សានេះនឹងផ្តល់នូវឱកាសទៅដល់យុវជនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗ ស្ថាប័នសំខាន់ៗ ក៏ដូចជាការស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ ហើយជាពិសេសនោះគឺការផ្លាស់ប្តូរវប្បធម៌ក្នុងកំឡុងពេលស្នាក់នៅនៃដំណើរទស្សនកិច្ចសិក្សានេះ។ ក្រោយបញ្ចប់កម្មវិធីនេះ អ្នកចូលរួមនឹងអាចបង្កើនចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាការស្វែងយល់ពីគ្នាទៅវិញទៅមកបានកាន់តែប្រសើរថែមទៀត។

ដោយផ្តោតលើប្រធានបទ៖ “ការចូលរួមពីយុវជន” គណៈប្រតិភូយុវជនមានគោលបំណង បង្កើនទស្សនៈវិស័យរបស់ពួកគេឱ្យកាន់តែទូលំទូលាយចំពោះភាពជាអ្នកដឹកនាំនៅក្នុងសង្គមភាវូបនីយកម្មមួយ ដែលលើកកម្ពស់ការយល់ដឹងពីបញ្ហាសង្គម ក៏ដូចជាបំផុសនូវសកម្មភាពកិច្ចសហប្រតិបត្តិការដើម្បីបង្កើតបាននូវដំណោះស្រាយជាវិជ្ជមាន។

ប្រធានបទកិច្ចពិភាក្សានៃកម្មវិធី SSEAYP ក្នុងឆ្នាំ២០២៤នេះ ត្រូវបានដកស្រង់ចេញពីផែនការអនុវត្តនៃសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពី៖ “​មិត្តភាពអាស៊ាន-ជប៉ុន និង​កិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​ទុកចិត្ត​” ដែលត្រូវបានអនុម័តនៅក្នុង​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​លើក​ទី​៥០ នៃ​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣។ ប្រធានបទនឹងត្រូវលើកមកពិភាក្សារួមមាន៖ អំណាចទន់ និងការតភ្ជាប់កិច្ចការការទូតយុវជន និងយុវជន ភាពរីកលូតលាស់សេដ្ឋកិច្ច និងចីរភាពសហគមន៍ បរិស្ថានសកល និងបម្រែបម្រួលអាកាសធាតុ ការស្តារ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុខុមាលភាព និងសង្គមឌីជីថល។

លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជន តំណាងឱ្យគណៈប្រតិភូនាវាយុវជនកម្ពុជា បានលើកឡើងថា៖ “SSEAYP គឺជាកម្មវិធីដ៏សំខាន់មួយដែលផ្តល់ឱកាសទៅដល់យុវជនដើរតួនាទីលើសពីទូតសុឆន្ទៈ។ ពោលគឺកម្មវិធីនេះជួយពង្រឹងទំនាក់ទំនងរវាង​អាស៊ាន និងជប៉ុន ហើយថែមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹងរវាងយុវជន និងយុវជន បង្កើនសមត្ថភាពផ្លូវចិត្ត និងកាយសម្បទា ហើយថែមទាំងអាចឱ្យអ្នកចូលរួមនីមួយៗអាចបង្ហាញសក្តានុពលពេញលេញរបស់ខ្លួនថែមទៀតផង។”

លោក សុះ សលីហ៊ីន បានបន្តទៀតថា៖ “យុវជនគួរតែខិតខំបង្ហាញវប្បធម៌ និងមោទនភាពជាតិរបស់ខ្លួន ហើយទន្ទឹមនឹងនោះក៏ត្រូវរៀនបើកចិត្តឱ្យទូលាយ និងចេះសហការល្អជាមួយយុវជនដទៃនៅក្នុងតំបន់។ កត្តានេះនឹងបង្កើតបាននូវភាពសុខដុមរមនា និងភាពរុងរឿងសម្រាប់ជាគំរូទៅដល់មនុស្សជំនាន់ក្រោយ។

ប្រតិភូនាវាយុវជនកម្ពុជា​ ក៏បានបង្ហាញការថ្លែងអំណរគុណរបស់ពួកគេចំពោះការផ្តល់ចូលរួមកម្មវិធីដ៏សំខាន់នេះ ដោយលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំ អ្នកឧបត្ថម្ភដូចជាធនាគារ វីង ជាដើម ដែលតែងតែផ្តល់ការគាំទ្រទៅដល់យុវជនទទួលបាននូវឱកាសដ៏ពិសេសនេះដើម្បីតំណាងប្រទេសជាតិរបស់យើង តាមរយៈការផ្លាស់ប្តូរវប្បធម៌និងបទពិសោធន៍ ដែលអនុញ្ញាតឱ្យប្រតិភូនាវាយុវជនកម្ពុជា បានបង្ហាញពីមោទនភាពជាតិរបស់យើងទៅកាន់មិត្តភ័ក្តិបរទេស”។

ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ វីង ចំពោះគំនិតផ្តួចផ្តើមជួយទៅដល់យុវជន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបង្កើនការច្នៃប្រឌិតថ្មីៗ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស​ ដែលស្របតាមគោលដៅយុទ្ធសាស្រ្តរបស់កម្ពុជា។ ការជួយលើកកម្ពស់យុវជនវ័យក្មេងតាមរយៈកម្មវិធី​ដូចជា SSEAYP ធនាគារ វីង មានគោលបំណងផ្តល់ឱ្យយុវជនជំនាន់ក្រោយនូវជំនាញ និងផ្នត់គំនិតចាំបាច់នានា ដើម្បីរួមចំណែកអភិវឌ្ឍអនាគត​កម្ពុជាឱ្យកាន់តែប្រសើរឡើង។​

ការចូលរួមនេះទៀតសោត ក៏ជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារ វីង ក្នុងការបង្កើតនូវកាលានុវត្តភាព និងជំរុញនវានុវត្តន៍ដែលស្របតាមផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ធនាគារ​ វីង នឹងជួយបង្កើននូវការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដោយនាំមកនូវវិបុលភាព និងវឌ្ឍនភាពចំពោះជាតិឆ្ពោះទៅមុខជានិរន្តរ៍៕

ជិន សុភ័ក្ដ្រ