សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម័យនេះអត់ប្រើគ្រូទាយទេ គឺប្រើអ្នកទិន្នន័យដែលអាចព្យាករពីអនាគត
- 2023-12-26 03:26:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម័យនេះអត់ប្រើគ្រូទាយទេ គឺប្រើអ្នកទិន្នន័យដែលអាចព្យាករពីអនាគត
ចន្លោះមិនឃើញ
ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម័យកាលនេះ គេមិនប្រើគ្រូទាយទេ គឺប្រើអ្នកទិន្នន័យដែលអាចព្យាករពីស្ថានភាពនាពេលអនាគតបែបវិទ្យាសាស្រ្ត។
សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ការគ្រប់គ្រងទិន្នន័យ បានជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយដោយមិនប្រថុយប្រថាន ការព្យាករសេណារីយ៉ូ និងព្យាករអនាគត ថាតើវាប្រែប្រួលកម្រិតណា។ រាជរដ្ឋាភិបាល បានប្រើប្រាស់ទិន្នន័យនេះ ក្នុងការកសាងក្របខណ្ឌគោលនយោបាយ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។
សម្តេចធិបតីបានមានប្រសាសន៍ថា ទិន្នន័យស្ថិតិប្រកបដោយគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាភស្តុតាងមួយដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយមិនអាចខ្វះបាន សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រយៈពេលខ្លី មធ្យម និងវែង។ ទិន្នន័យជំរឿនសេដ្ឋកិច្ចពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុង រចនាសម្ព័ន្ធ, ជីវភាព, និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយ។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សូមជម្រាបថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB